Friday, January 31, 2025
Homeព័ត៌មានជាតិខឹងជេរតាមហ្វេសប៊ុក ជួបមុខគប់១ចានបែកក្បាល

ខឹងជេរតាមហ្វេសប៊ុក ជួបមុខគប់១ចានបែកក្បាល

ភ្នំពេញ ៖ បុរសជាអតីតអ្នកបើករថយន្តតាក់ស៊ីឱ្យក្រុមហ៊ុនមួយ ក្រោយពីលាឈប់លែងធ្វើការ ក៏បានដើរនិយាយបរិហារកេរ្តិ៍ និងជេរប្រមាថ បុរសម្នាក់ជាមេការរបស់ខ្លួនតាមហ្វេសប៊ុក លុះគាប់ជួនទៅចូលរួមមង្គលការជួបមុខគ្នា ក៏ត្រូវបុរសមេការផ្ទុះកំហឹង ទាញចានគប់ទៅកាន់គូទំនាស់ចចំក្បាល បណ្តាលឱ្យរយះក្បាលហូរឈាមស្រោចខ្លួន និងត្រូវសមត្ថកិច្ចនាំភាគីទាំង២ ទៅសាកសួរ និងដោះស្រាយគ្នា កាលពីវេលាម៉ោង៩យប់ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចបរិវេណមជ្ឈមណ្ឌលកោះពេជ្រ អាគារ F ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ភាគីបុរសរងគ្រោះដែលរងរបួសរយះក្បាលហូរឈាមជោកខ្លួន មិនបានបញ្ជាក់ប្រាប់ពីអត្តសញ្ញាណរបស់ខ្លួននោះទេ គ្រាន់តែប្រាប់ថា គាត់ជាអតីតជាអ្នកបើករថយន្តតាក់ស៊ីម៉ែត្រឱ្យក្រុមហ៊ុនមួយ។ ចំណែកជនបង្កវិញ សមត្ថកិច្ចមិនទាន់បញ្ជាក់ប្រាប់ពីអត្តសញ្ញាណនោះទេ គ្រាន់តែ បង្ហើបប្រាប់ថា ជាមេការនៅក្នុងក្រុមហ៊ុនរថយន្តតាក់ស៊ីម៉ែត្រមួយ ដែលជនរងគ្រោះធ្លាប់ធ្វើការជាមួយ។

តាមសម្តីភាគីជនរងគ្រោះ បានរៀបរាប់ប្រាប់ថា កាលពីមុន គាត់ធ្លាប់ធ្វើជាអ្នកបើកបររថយន្តតាក់ស៊ីម៉ែត្រឱ្យក្រុមហ៊ុនមួយ ហើយនៅមុនពេលកើតហេតុ គាត់បានទៅចូលរួមមង្គលការមិត្តភក្តិនៅអាគារ F ក្នុងមជ្ឈមណ្ឌលកោះពេជ្រ ដោយបានអង្គុយតុក្បែរជនបង្ក ដែលជាមេការ រថយន្តតាក់ស៊ីម៉ែត្រដែលរូបគេធ្លាប់បម្រើការជាមួយ។

លុះខណៈពេលដែលរូបគេជាជនរងគ្រោះ កំពុងតែហូប និងជល់កែវជាមួយនឹងមិត្តរួមតុ ដោយមិនដឹងខ្លួន ក៏ស្រាប់តែជនបង្កបានយកចានមកវាយក្បាលរូបគេបណ្តាលឱ្យបែកក្បាលហូរឈាមស្រោចខ្លួនតែម្តង។

ដោយឡែក តាមសម្តីភាគីជនបង្កជាមេការរថយន្តតាក់ស៊ីម៉ែត្រ បានឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានមកញ៉ាំការគេ នៅក្នុងអាគារ F ក្នុងមជ្ឈមណ្ឌលកោះពេជ្រ រួចក៏បានប្រទះឃើញជនរងគ្រោះដែលជាអតីតអ្នកធ្លាប់ធ្វើការក្នុងក្រុមហ៊ុនជាមួយគាត់ អង្គុយក្បែរនោះដែរ ទើបនឹកក្តៅចិត្តិរឿងដែលកន្លងមកជនរងគ្រោះបានឈប់ធ្វើការពីកន្លែងគាត់ ហើយដើរបរិហាកេរ្តិ៍រឿងក្រុមហ៊ុនរបស់គាត់ ព្រមទាំងជេរប្រមាថគាត់តាមហ្វេសប៊ុក និងថែមទាំងធ្លាប់គំរាមគាត់តាមរយៈឆាតហ្វេសប៊ុកទៀតផង ជាហេតុធ្វើឱ្យគាត់ទប់កំហឹងមិនបាន ក៏យកចានគប់ចំក្បាល ជនរងគ្រោះបណ្តាលឱ្យចេញឈាម ហើយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

ជុំវិញករណីហិង្សាខាងលើនេះ គេសង្កេតឃើញលោកនាយប៉ុស្តិ៍ទន្លេបាសាក់ បានព្យាយាមរារាំងអ្នកសារព័ត៌មាន មិនឱ្យថតយករូបភាពទេ ហាក់បីដូចជាមានការលាក់បាំង ទាំងជនបង្កនិងជនរងគ្រោះផងដែរ។

ក្រោយពេលកើតហេតុ ភាគីខាងរងគ្រោះ បានដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ច ចាត់ការតាមផ្លូវច្បាប់។ ចំណែកជនបង្កវិញ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌចំការមនដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES