Friday, January 31, 2025
Homeព័ត៌មានជាតិរំលោភសម្លាប់នាងក្រមុំដេកក្រោមផ្ទះ ហើយបន្លំមកសែងសាកសពទៀត! តាមពិតត្រូវជាពូ...

រំលោភសម្លាប់នាងក្រមុំដេកក្រោមផ្ទះ ហើយបន្លំមកសែងសាកសពទៀត! តាមពិតត្រូវជាពូ…

ខេត្តរតនគិរី ៖ ជនដៃដល់ជាឃាតករចិត្តសាហាវឃោរឃៅ ដែលបានធ្វើសកម្មភាពរំលោភ រួចច្របាច់កសម្លាប់យុវតីជាសិស្សសាលាម្នាក់យ៉ាងសាហាវព្រៃផ្សៃ កាលពីយប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចវាលស្មៅក្បែរតូបលក់ចាប់ហួយ ស្ថិតក្នុងភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបញ្ជូនទៅតុលាការ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ តែអ្វីដែលជារឿងគួរឱ្យភ្ញាក់ផ្អើលបំផុតនោះ គឺជនដៃដល់ជាឃាតករ ត្រូវជាពូជីដូមួយរបស់យុវតីរងគ្រោះ និងថែមទាំងបានបន្លំខ្លួនមកជួយសែងសពយុវតីរងគ្រោះ ចេញពីកន្លែងកើតហេតុ ទៅដាក់នៅផ្ទះ ដើម្បីបំភាន់ភ្នែកសមត្ថកិច្ចទៀតផង។

ជនសង្ស័យជាឃាតករដែលត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន មានឈ្មោះជា ដែន អាយុ៣៩ឆ្នាំ ជនជាតិគ្រឹង មុខរបរកសិករ ជាបុរសពោះម៉ាយលែងប្រពន្ធ២ឆ្នាំហើយ រស់នៅជាមួយប្អូនបង្កើតឈ្មោះប៉ក់ ឡុក ដែលមានផ្ទះក្បែរគ្នានឹងយុវតីដែលខ្លួនសម្លាប់។ ចំណែកក្រមុំរងគ្រោះ ដែលត្រូវជនល្មោភកាមជាឃាតករដៃឆៅចាប់រំលោភសេពសន្ថវៈច្របាច់កសម្លាប់យ៉ាងឃោរឃៅនោះ មានឈ្មោះអ.ស អាយុ១៨ឆ្នាំ ជាជនជាតិ គ្រឹង មុខរបរសិស្សថ្នាក់ទី១២ រៀននៅវិទ្យាល័យហ៊ុន សែន ភូមិថ្មី ក្រុងបានលុង និងមានលំនៅក្នុងភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង។ យុវតី រងគ្រោះជាកូនច្បងក្នុងចំណោមបងប្អូន៣នាក់ (ប្រុស២ ស្រី១)។

លោកតេង សាវុធ អធិការរងទទួលបន្ទុកព្រហ្មទណ្ឌក្រុងបានលុង បានឱ្យដឹងថា ជនសង្ស័យជាឃាតករខាងលើ ត្រូវបានសមត្ថកិច្ចស្រាវ ជ្រាវឃាត់ខ្លួនបាននៅវេលាម៉ោង៥ល្ងាច ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្ទះយុវតីរងគ្រោះតែម្តង បន្ទាប់ពីជនសង្ស័យបានព្យាយាមបន្លំខ្លួនចូលមកជួយសែងសព និងជួយចាត់ចែងពិធីបុណ្យសពយុវតីរងគ្រោះ ក្នុងឋានៈជាពូជីដូនមួយ។

លោកអធិការរងបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យមិនបានសារភាពថា ខ្លួនជាសម្លាប់យុវតីរងគ្រោះនោះទេ តែព័ត៌មានគួរឱ្យចាប់អារម្មណ៍ទៅលើជនសង្ស័យរូបនោះ ទី១នៅប្រហែលជាម៉ោង៧យប់ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ ជនសង្ស័យបានទៅទិញស្រាបៀរ១កំប៉ុង និងដូរក្រវឹល១កំប៉ុងទៀត នៅតូបលក់ចាប់ហួយរបស់យុវតីរងគ្រោះ និងបានយកទៅផឹកនៅផ្ទះរបស់ខ្លួន ស្របពេលយុវតីរងគ្រោះមកពីសាលាផងដែរ។ ដល់ពេលសមត្ថកិច្ចចាប់បាន សួរជនសង្ស័យថា តើមានទៅទិញស្រាបៀរនៅតូបយុវតីដែរឬទេ? ជនសង្ស័យរូបនេះ បានឆ្លើយ បង្វែរដានថា អត់បានទៅទិញទេ ជនសង្ស័យនោះបានឆ្លើយថា ខ្លួនបានទៅទិញស្រាបៀរពីរកំប៉ុងនោះនៅភូមិ១កាចាញ លុះពេលសមត្ថកិច្ច សួរដេញដោលយ៉ាងខ្លាំង ទើបជនសង្ស័យប្រាប់ថា គេបានទៅទិញស្រានៅផ្ទះយុវតីរងគ្រោះមែន ហើយមានចំណុចសំខាន់ៗជាច្រើនទៀត ដែលធ្វើឱ្យសមត្ថកិច្ចមានការសង្ស័យ និងឈានទៅដល់ការដាក់បន្ទុកទៅលើជនសង្ស័យរូបនេះ។

លោកអធិការរងបានបញ្ជាក់ទៀតថា ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចក្រុងបានលុងបញ្ជូនខ្លួនទៅឱ្យសាលាដំបូងខេត្តរតនគិរី ធ្វើការចោទប្រកាន់ ឬមិនចោទប្រកាន់ទៅលើចៅក្រមស៊ើបសួរ។

បើតាមព័ត៌មានពីបុរសឈ្មោះពុធ អាត អាយុ៤២ឆ្នាំ ជនជាតិគ្រឹង ត្រូវជាឪពុកក្មេងស្រីរងគ្រោះបានឱ្យដឹងថា ជនសង្ស័យឈ្មោះជា ដែន នេះត្រូវជាប្អូនជីដូនមួយរបស់គាត់ ហើយយុវតីរងគ្រោះត្រូវជាក្មួយរបស់ជនសង្ស័យ ហើយកន្លងមកជនសង្ស័យធ្លាប់ចេញចូលផ្ទះគាត់ដោយសេរី ព្រោះអាងថាជាសាច់ញាតិនឹងគ្នា។

គួររំលឹកថា យុវតីរងគ្រោះឈ្មោះ អ.ស អាយុ១៨ឆ្នាំ ជាជនជាតិគ្រឹង មុខរបរសិស្សថ្នាក់ទី១២ រៀននៅវិទ្យាល័យហ៊ុន សែន ភូមិថ្មី បានបាត់ខ្លួនកាលពីចន្លោះម៉ោង៧យប់ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ បន្ទាប់ពីនាងទើបនឹងត្រឡប់មកពីសាលារៀនវិញ ធ្វើឱ្យក្រុមគ្រួសារផ្អើលឆោឡោតាមរកពេញមួយយប់ រហូតដល់វេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ ក៏ស្រាប់តែក្រុមគ្រួសារ បានប្រទះឃើញសពយុវតីរងគ្រោះស្ថិតក្នុងសភាពអាក្រាតកាយដេកស្លាប់យ៉ាងអាណោចអាធ័ម នៅចំណុចវាលស្មៅជាប់តូបលក់ចាប់ហួយ ក្បែរផ្ទះយុវតីរងគ្រោះ ស្ថិតក្នុងភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ទើបផ្អើលឆោឡោឡើងថា យុវតីរងគ្រោះ ត្រូវប្រុសរំលោភសេពសន្ថវៈ រួចច្របាច់កសម្លាប់យ៉ាងព្រៃផ្សៃ។

តាមសម្តីបុរសឈ្មោះពុត អាត អាយុ៤២ឆ្នាំ ជាជនជាតិគ្រឹង ត្រូវជាឪពុករបស់ក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា កូនស្រីរបស់គាត់ម្នាក់នេះ រៀនដល់ថ្នាក់ទី១២ ទៅហើយ និងកំពុងត្រៀមប្រឡងនៅឆ្នាំនេះផង។ នៅពេលទំនេរពីការរៀនសូត្រនៅសាលា កូនស្រីនេះតែងជួយលក់ដូរអីវ៉ាន់ចាប់ហួយម្តាយ និងមិនធ្លាប់ដើរហើរទៅណាផ្តេសផ្តាសនោះទេ។

បុរសជាឪពុកក្មេងស្រីរងគ្រោះបន្តថា ជារៀងរាល់យប់ កូនស្រីរបស់គាត់តែងដេកសម្រាកនៅក្នុងតូបលក់ចាប់ហួយតែម្នាក់ឯង គឺមិនឡើងទៅដេកនៅលើផ្ទះ ដែលស្ថិតនៅខាងក្រោយតូបចាប់ហួយជាមួយក្រុមគ្រួសារនោះទេ ហើយកន្លងមក ក៏មិនធ្លាប់មានបញ្ហាអ្វីដែរ។ ចំណែកពួកគាត់ជាឪពុកម្តាយ ក៏ឧស្សាហ៍ចុះមកអើតមើលខុសត្រូវកូនស្រី សឹងរាល់យប់ដែរ។

បុរសជាឪពុក បានឱ្យដឹងទៀតថា លុះមកម៉ោងប្រមាណ៧ ថ្ងៃទី០១ កុម្ភៈ គាត់ក៏បានចុះមកអើតមើលកូនស្រីនៅតូបលក់ចាប់ហួយ ដូចសព្វមួយដង តែចម្លែកត្រង់ថា បាត់មិនឃើញកូនស្រីនៅក្នុងតូបចាប់ហួសសោះ ទើបធ្វើឱ្យគាត់នឹកឆ្ងល់ក៏ដើររកមើលជុំវិញតូបចាប់ហួយ ក្រែងកូនស្រីទៅអង្គុយលេង ឬនិយាយទូរស័ព្ទនៅឯណា ប៉ុន្តែនៅតែមិនឃើញដដែល។ បន្ទាប់មក គាត់ក៏បានទៅហៅប្រពន្ធឱ្យចុះមកជួយរកគ្នា តែទោះជារកពេញមួយយប់ ក៏នៅតែមិនយល់ស្រមោលកូនស្រីសោះ។

បុរសជាឪពុកបានបញ្ជាក់ថា លុះមកដល់វេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ គាត់ក៏ដើរទៅរកមើលនៅវាលស្មៅក្បែរតូបលក់ចាប់ហួយ ស្រាប់តែប្រទះឃើញសពកូនស្រីដេកស្លាប់ទាំងសភាពអាក្រាតកាយ គួរឱ្យរន្ធត់ចិត្តបំផុត ទើបធ្វើឱ្យគាត់ស្រែកឆោឡោឡើង ផ្អើលដល់អ្នកជិតខាង និងរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចចុះមកពិនិត្យ ភ្លាមៗ។
តាមការអះអាងពីក្រុមគ្រួសារសពយុវតីរងគ្រោះ បានឱ្យដឹងថា ក្រោយប្រទះឃើញសពកូនស្រីរបស់ទ្រព្យនិងគ្រឿងអលង្ការមួយចំនួន ដែលជាប់នឹងខ្លួនកូនស្រីបានបាត់អស់ទៅហើយ ក្នុងនោះ រួមមានទូរស័ព្ទអាយហ្វូន ១គ្រឿង ខ្សែកប្លាទីន ១ខ្សែ កងដៃ៥កង សរុបជាទឹកប្រាក់ជាង៨០ម៉ឺនរៀល។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ករណីនេះ គឺជាអំពើឃាតកម្ម រំលោភសម្លាប់ ដោយសពយុវតីរងគ្រោះ មានសភាពអាក្រាតកាយ នៅលើដើមទ្រូងមានស្នាមជាំខ្មៅពេញទាំងអស់ រីឯនៅបំពង់ក មានស្នាមជាំ (ច្របាច់ក) ចំណែកអាវដាច់ឡេវអស់ចំនួន៥ ហើយនៅកន្លែងកើតហេតុ មានស្លាកស្នាម ប្រតាយប្រតប់គ្នាផងដែរ។

សមត្ថកិច្ចជំនាញបានបន្ថែមថា ចំពោះករណីចាប់រំលោភសេពសន្ថវៈ គឺមិនបានសម្រេចនោះទេ ព្រោះក្រោយពីពិនិត្យឃើញថា ពុំមានមានដាច់រលាត់ផ្លូវភេទនោះទេ ចំណែកទឹកកាមក៏គ្មាន ប៉ុន្តែសពយុវតីរងគ្រោះ ត្រូវបានជនសង្ស័យដោះយកគ្រឿងអលង្ការដែលពាក់ជាប់ខ្លួនទៅអស់។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជនដៃដល់អាចចាប់ខ្ទប់មាត់យុវតីរងគ្រោះ រួចអូសចេញទៅវាលស្មៅខាងជើងផ្ទះ ដែលមានស្មៅដុះខ្ពស់ បន្ទាប់មកក៏ធ្វើសកម្មភាពរំលោភសេពសន្ថវៈ តែមិនបានសម្រេច ដោយសារត្រូវយុវតីរងគ្រោះព្យាយាមរើបម្រះ និងតដៃ ទើបជនដៃដល់វាយច្របាច់សម្លាប់ រួចដោះយកគ្រឿងអលង្ការ រួចរត់គេចខ្លួនបាត់តែម្តង។ ទីបំផុត ឈាមស្រែកស្បែកហើយ ជនដៃដល់ដែលត្រូវជាពូជីដូនមួយរបស់យុវតីរងគ្រោះ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន បន្ទាប់ពីជននេះ បានព្យាយាមបន្លំខ្លួនចូលមកជួយសែងសាកសព និងចាត់ចែងពិធីបុណ្យសពជាមួយនឹងក្រុមគ្រួសារយុវតីរងគ្រោះដើម្បីបំភាន់ភ្នែកសមត្ថកិច្ច។ រហូតមកដល់ព្រឹក ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ ជនសង្ស័យត្រូវបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES