ខេត្តកណ្តាល ៖ ស្ត្រីម្នាក់តែងផឹកស្រាជាប់ជាប្រចាំ រហូតដល់ចង់ខូចសតិ គ្រប់គ្រងខ្លួនឯងលែងបាន លុះក្រោយពីផឹកស្រាស្រវឹងជោក ស្រាប់តែទាញដបសាំងមកចាក់ស្រោចខ្លួន រួចកេះដែកកេះដុតខ្លួនឯង បណ្តាលឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ និងត្រូវបានអ្នកជិតខាងប្រទះឃើញ ជួយពន្លត់ទាន់ពេល បង្កឱ្យរងរបួសធ្ងន់។
ហេតុការណ៍ស្ត្រីស្រវឹងស្រាចាក់សាំងដុតខ្លួនឯងនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចភូមិប្ញស្សីស្រុក២ ឃុំឈើទាល ស្រុកកៀនស្វាយ។
ស្ត្រីរងគ្រោះដែលប៉ងដុតសម្លាប់ខ្លួនឯងនោះ មានឈ្មោះហែម សាវី អាយុ៣៦ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។
តាមប្រភពពីក្រុមគ្រួសារស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា ស្ត្រីរងគ្រាះគឺជាមនុស្សប្រមឹកស្រា តែងផឹកស្រាស្រវឹងជារៀងរាល់ថ្ងៃ រហូតដល់សតិស្មារតីលែងសូវប្រក្រតីគ្រប់គ្រងអារម្មណ៍ខ្លួនឯងមិនបាន។ នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះបានអង្គុយផឹកស្រាតែម្នាក់ឯង រហូតដល់អស់កន្លះលីត្រ បន្ទាប់មកក៏អង្គុយនិយាយឡូឡាតែម្នាក់ឯង។ លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ស្ត្រីរងគ្រោះក៏ស្រាប់តែទាញយកដបសាំងដែលដាក់លក់ក្បែរនោះ មកចាក់ស្រោចលើខ្លួន ហើយក៏យកដែកកេះមកកេះដុតខ្លួនតែម្តង ធ្វើឱ្យមានអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ។ ឃើញដូច្នេះអ្នកជិតខាងបានជួយយកទឹកមកចាក់ពន្លត់រហូតដល់រលត់ទៅវិញ ប៉ុន្តែស្ត្រីរងគ្រោះបានរងរបួសរលាកធ្ងន់ទៅហើយ។
ក្រោយកើតហេតុ ក្រុមគ្រួសារបានទាក់ទងហៅរថយន្តសង្គ្រោះរបស់មណ្ឌលសុខភាពឃុំឈើទាល មកជួយដឹកបញ្ជូនស្ត្រីរងគ្រោះទៅកាន់មន្ទីពេទ្យជ័យជម្នះ ក្រុងតាខ្មៅ ដើម្បីសង្គ្រោះជីវិត៕