ភ្នំពេញ ៖ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោកកឹម សុខា ដែលកំពុងបន្តសម្ងំ ស្នាក់នៅទីស្នាក់ការកណ្តាលគណបក្ស ដោយ- សារប្រឈមនឹងនីតិវិធីតុលាការនោះ បានលើក ឡើងថា ត្រូវប្រើយន្តការកែទម្រង់នយោបាយ បក្ស តាមរយៈការធ្វើវិមជ្ឈការផ្ទៃក្នុងបក្ស ដោយមិនផ្តេកផ្តួលចាំតែមេដឹកនាំបក្សនោះទេ។
នៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ មាន បើកសិក្ខាសាលាស្តីពី “នីតិវីធីនៃការតាក់តែង ច្បាប់” សម្រាប់ក្រុមសមាជិកសភាគណបក្ស សង្គ្រោះជាតិ ដែលរៀបចំដោយមូលនិខុនរ៉ាដ អាដិនណៅអ៊ែរ របស់អាល្លឹម៉ង់។
លោកកឹម សុខា ប្រធានស្តីទីគណបក្ស សង្គ្រោះជាតិ និងជាតំណាងរាស្ត្រមណ្ឌលខេត្ត កំពង់ចាម បានសរសេរនៅក្នុងហ្វេសប៊ុករបស់ លោកទាក់ទងនឹងការថ្លែងនៅក្នុងសិក្ខាសាលា នោះថា “យុទ្ធសាស្ត្រកែទម្រង់គណបក្សនយោ បាយ យើងត្រូវធ្វើ “វិមជ្ឈការផ្ទៃក្នុងបក្ស” វិមជ្ឈការផ្ទៃក្នុងបក្ស គឺត្រូវធ្វើឱ្យយន្តការរបស់ គណបក្ស ដើរតួនាទីរស់រវើក ដោយមិនផ្តេកផ្តួលចាំតែមេដឹកនាំបក្ស ឬបុគ្គលម្នាក់ពីរនាក់ ឬក្រុមតូចនោះទេ។ ជាក់ស្តែង យន្តការក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិនេះជាដើម។ ក្រុមសមាជិកសភានេះ ត្រូវផ្តួចផ្តើម បំពេញតួនាទីរបស់ខ្លួនដូចជាធ្វើសេចក្តីស្នើច្បាប់ ធ្វើលិខិតដាក់សំណួរទៅរាជរដ្ឋាភិបាល ឬជួយ អន្តរាគមន៍ដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ ជាដើមដោយយើងមិនចាំបាច់រង់ចាំតែការបង្គាប់ បញ្ជាពីមេដឹកនាំបក្សនោះទេ។
លោកអេង ឆៃអ៊ាង តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការកណ្តាលគណបក្ស ក្នុងសង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ ថា គណបក្ស សង្គ្រោះជាតិ គាំទ្រយុទ្ធនាការ “ថ្ងៃចន្ទពណ៌ខ្មៅ” ដើម្បីទាមទារដោះលែងមន្ត្រីសង្គមស៊ីវិល មន្ត្រី គ.ជ.ប តំណាងរាស្ត្រ និងសកម្មជនបក្សប្រឆាំង ហើយចាប់ពីថ្ងៃនេះតទៅ ថ្នាក់ដឹកនាំ និងសកម្ម- ជនគណបក្សសង្គ្រោះជាតិ នឹងស្លៀកពាក់ខ្មៅ នៅរៀងរាល់ថ្ងៃចន្ទ ដើម្បីចូលរួមយុទ្ធនាការ “ថ្ងៃចន្ទពណ៌ខ្មៅ”។
អភិបាលនៃក្រុមសមាជិកសភាគណបក្ស សង្គ្រោះជាតិ និងជាតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ លោកសុន ឆ័យ ក៏បានបញ្ជាក់ក្នុង សន្និសីទសារព័ត៌មាននៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ នៅថ្ងៃដដែលនោះថា “សិក្ខា សាលា១ថ្ងៃកន្លះនេះ ទី១ យើងរៀបចំធ្វើដើម្បី ពង្រឹងសមាសភាពសមត្ថភាពសមាជិកសភា គណបក្សសង្គ្រោះជាតិ។ យើងដឹងហើយថា គណបក្សសង្គ្រោះជាតិ បានរៀបចំបង្កើតជា ក្រុមសភាគណបក្សសង្គ្រោះជាតិ ដើម្បីធ្វើការ ឱ្យមានមូលដ្ឋានត្រឹមត្រូវច្បាស់លាស់ ក្នុងការ ពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការតាក់តែងច្បាប់ ស្នើច្បាប់ ក៏ដូចជាការបម្រើពលរដ្ឋទៅលើការងារតំណាងពលរដ្ឋ ដែលយើងត្រូវបានជាប់ ឆ្នោតដោយសារការគាំទ្រពីប្រជាពលរដ្ឋ។ សូម បញ្ជាក់សមាសភាពបម្រើប្រជាពលរដ្ឋ និងធ្វើ ច្បាប់ល្អសម្រាប់ប្រទេសនេះ មានសារសំខាន់ ណាស់។ យើងដឹងហើយ កាលៈទេសៈដែលកើត មានក្នុងរយៈកាលជាច្រើនឆ្នាំមកហើយ ដែល ធ្វើឱ្យប្រជាពលរដ្ឋខ្មែរ រងគ្រោះយ៉ាងអយុត្តិធម៌ ទាំងក្រុមអ្នកនយោបាយក៏រងគ្រោះដោយ អយុត្តិធម៌នោះ គឺថាវាចេញអំពីការប្រើអំណាច ដោយរំលោភ ហើយការប្រើអំណាចដោយ រំលោភ កក្តាសំខាន់ធំពីរហ្នឹង គឺថាប្រព័ន្ធតុលាការ យើងមិនទាន់យុត្តិធម៌ នៅតែប្រើប្រាស់ដើម្បី បម្រើអំណាចអ្នកនយោបាយ ក៏ដូចជាបម្រើ អំណាចលុយកាក់ ហើយមួយទៀត បញ្ហាពុករលួយ ដែលជាបញ្ហាមួយដែលធ្វើឱ្យសង្គមយើង បែកបាក់ សង្គមយើងហ្នឹងពោរពេញដោយ អយុត្តិធម៌។ ការយកដី ការប្លន់ដីប្រជារាស្ត្រ ការ ប្រើលុយកាក់ ដើម្បីគាបសង្កត់ធ្វើបាបប្រជា រាស្ត្រ ដោយប្រើអាជ្ញាធរមានសមត្ថកិច្ច ក៏ដូច ជាប្រព័ន្ធតុលាការជាដើម។ ដូច្នេះសិក្ខាសាលា នេះ មានសារសំខាន់ណាស់សម្រាប់ប្រទេស ជាតិយើង។ ព្រោះគណបក្សសង្គ្រោះជាតិ បាន បញ្ជាក់ហើយបញ្ជាក់ទៀត ក្នុងគោលនយោ-បាយរបស់ខ្លួន គឺថាធ្វើយ៉ាងម៉េចឱ្យវាមានយុត្តិ- សង្គម ហើយវាមានយុត្តិធម៌សង្គម វាទាល់តែមាន ទី១ប្រព័ន្ធតុលាការយើង គឺបម្រើភាពយុត្តិធម៌ជូន ប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ ទី២-គឺថាលុប បំបាត់អំពើពុករលួយ។ ដូច្នេះយើងនឹងជម្រាប ជូនទៅនឹងអ្វីដែលយើងនឹងស្នើនូវសេចក្តីព្រាង នូវវិសោធនកក្មច្បាប់មួយចំនួន ដើម្បីធ្វើឱ្យ ប្រព័ន្ធតុលាការយើងឯករាជ្យ ហើយក្នុងរយៈពេល ១ថ្ងៃកន្លះនេះ នឹងចេញជាសេចក្តីព្រាងច្បាប់ មួយ ដើម្បីស្នើឱ្យការពារអ្នកដែលបង្ហាញរឿង សម្ងាត់ អ្នកដែលបើកកកាយរឿងសម្ងាត់ ជាពិសេស រឿងអំពើពុករលួយហ្នឹង ព្រោះសព្វថ្ងៃអំពើ ពុករលួយច្រើនណាស់ អ្នកដែលដឹងរឿងហ្នឹងមិន សូវហ៊ានបើកកកាយឱ្យដឹងទេ។ ដូច្នេះជាការងារ មួយដែលចង់បញ្ជាក់ថា ការដែលទទួលបាន ការគាំទ្រពីប្រជាពលរដ្ឋខ្មែរ ទទួលខុសត្រូវ សុខសន្តិភាព និងយុត្តិធម៌សង្គមរបស់យើងហ្នឹង យើងនឹងខិតខំធ្វើឱ្យអស់ពីសមត្ថភាព ទោះបី ក្នុងស្ថានភាពដ៏លំបាកដែលយើងកំពុងតែជួប ប្រទះក៏ដោយ”។
លោកសុន ឆ័យ មានប្រសាសន៍បន្តថា “ដើម្បីតទៅជួយជាតិ បម្រើជាតិបាន ឱ្យមាន ប្រសិទ្ធភាពនេះ វាទាល់តែសមាជិកយើងទាំង ប៉ុន្មាននេះ ទាំងព្រឹទ្ធសភាដែលមាន១១រូប ទាំង រដ្ឋសភា មាន៥៥រូប ត្រូវតែមានសមត្ថភាព។ ដូចបានបញ្ចោញអ៊ីចឹង ទី១-សមាជិកសភា ត្រូវ ធ្វើច្បាប់ដែលបម្រើផលប្រយោជន៍ប្រជាជាតិ ត្រូវធ្វើច្បាប់ដែលធានាឱ្យមានយុត្តិធម៌នៅក្នុង សង្គម។ ទី២-គឺតាមដានការងាររបស់រដ្ឋាភិបាល។ ទី៣-ការចង់បានរបស់ប្រជាពលរដ្ឋ ចង់ ឱ្យមានការដោះលែង ដូចឯកឧត្តមអេង ឆៃអ៊ាង បានបញ្ជាក់ហើយ គឺយើងធ្វើកូដកម្មសម្តែងមតិ ក្នុងការទាមទារឱ្យមានការដោះលែងមន្ត្រីគណបក្សសង្គ្រោះជាតិ មន្ត្រីសង្គមស៊ីវិល មន្ត្រីគ.ជ.ប ដោយស្លៀកពាក់ខ្មៅអីហ្នឹង គឺការតវ៉ារបស់ ប្រជាពលរដ្ឋត្រូវតែទទួលបានការគាំទ្រ យក ចិត្តទុកដាក់ ដូចយើងឃើញហើយ កាលកន្លង ទៅក៏មានស្នាមមេដៃ ដើម្បីមកតវ៉ាឱ្យមានការ ដោះស្រាយ ដោយផ្ញើស្នាមមេដៃថ្វាយព្រះកូណាឱ្យជួយ។ ឥឡូវយើងឃើញផ្ទុយទៅវិញ បែរជាមិនដោះស្រាយ បែរជាបង្កើតបញ្ហា ថែមទៀត ដោយខ្វេះកកាយបែបនេះបែបនោះ ស្រាវជ្រាវគ្មានតម្លាភាព ចេញជាលទ្ធផល ដើម្បី គំរាមកំហែងក្នុងការដែលពលរដ្ឋអនុវត្តសិទ្ធិ របស់ខ្លួនហ្នឹង ឱ្យួជាមានការភ័យជាដើម។ ដូច្នេះ បានឯកឧត្តមប្រធានសម រង្ស៊ី ឯកឧត្តមប្រធាន ស្តីទីកឹម សុខា បានសម្រេចថា ការរៀបចំឱ្យ មានសិក្ខាសាលាពង្រឹងសមត្ថភាពរបស់សមា- ជិកសភាគណបក្សសង្គ្រោះជាតិ មានសារសំខាន់ ណាស់ ហើយសារសំខាន់គឺមានប្រយោជន៍ សំខាន់មិនមែនតែសម្រាប់គណបក្សសង្គ្រោះ- ជាតិទេ គឺសម្រាប់ប្រទេសជាតិយើងទាំងមូល”។
គួរបញ្ជាក់ថា សិក្ខាសាលារបស់គណបក្ស សង្គ្រោះជាតិ ត្រូវបញ្ចប់នៅព្រឹកថ្ងៃទី០៩ ខែ សីហា ឆ្នាំ២០១៦ នេះ ហើយគណបក្សនេះ ក៏នឹងធ្វើសន្និសីទកាសែតប្រកាសលទ្ធផលស្តីពី សិក្ខាសាលានេះ នៅវេលាម៉ោង១២ៈ០០នាទី ថ្ងៃទី០៩ ខែសីហា នេះផងដែរ៕
ដោយ ៖ កុលបុត្រ