Monday, October 6, 2025
Homeព័ត៌មានជាតិស្រលាញ់ប្រុសជាន់លេខរៀង ប្អូនស្រីបង្កើតវាយបងស្រីបង្កើត ថែមទាំងព្រមានកុំឲ្យថ្លើមធំទៀតផង

ស្រលាញ់ប្រុសជាន់លេខរៀង ប្អូនស្រីបង្កើតវាយបងស្រីបង្កើត ថែមទាំងព្រមានកុំឲ្យថ្លើមធំទៀតផង

ខេត្តកំពង់ឆ្នាំង ៖ ជារឿងគួរឱ្យភ្ញាក់ផ្អើលមួយ ខណៈដែលនារីវ័យក្មេងចំនួន២នាក់ ដែលត្រូវគេដឹងថា គឺជាបងប្អូនបង្កើតនឹងគ្នា បានកើតមានជម្លោះបែកផ្សែង រហូតឈានដល់ការវាយតប់គ្នាផ្អើលពេញផ្លូវ ធ្វើឱ្យមានមនុស្សម្នាចោមរោមមើលរាប់រយនាក់ ហើយអ្វីដែលធ្វើឱ្យអ្នកចោមរោមមើល គក់ទ្រូងហួសចិត្តិនោះ គឺក្រោយពីដឹងថា នារី២នាក់បងប្អូនបង្កើតនេះ វាយកាប់ចាក់គ្នា ដោយសារតែជម្លោះស្នេហាត្រីកោណស្រលាញ់មនុស្សប្រុសជាន់លេខរៀងគ្នា។

ហេតុការណ៍បងប្អូនបង្កើតស្រីវ៉ៃគ្នាដណ្តើមប្រុសស្នេហ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧និង៤៥នាទីយប់ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចរង្វង់មូលវិមានឯករាជ្យផ្នែកខាងលិច ស្ថិតនៅក្នុងភូមិធម្មយុត្ត សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។

សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង ដែលចុះមកអន្តរាគមន៍ទប់ស្កាត់ និងបំបែករឿងនេះ បានឱ្យដឹងថា នៅក្នុងពេលកើតហេតុ មាននារីវ័យក្មេង២នាក់ ត្រូវជាបងប្អូនបង្កើតនឹងគ្នា ទើបនឹងមានវ័យប្រមាណ២០ឆ្នាំដូចគ្នា និងប្រហែលជានារីបម្រើការងារតាមហាងខារ៉ាអូខេ បានឈប់ម៉ូតូរៀងខ្លួនចុះមកវាយគ្នាយ៉ាងសាហាវ។ តាមការឱ្យដឹងពីប្រភពក្បែរនោះថា ហេតុការណ៍នេះគឺប្អូនស្រីហក់មកទៅវាយបងស្រី បណ្តាលឱ្យដេកដួលយំស្រែកនៅលើចិញ្ចើមផ្លូវ ផ្អើលមនុស្សមកមើលរាប់រយនាក់ និងបង្កឱ្យកកស្ទះចរាចរណ៍មួយសន្ទុះទៀតផង។

ប្រភពដដែលបន្តថា នៅពេលសមត្ថកិច្ចចុះមកដល់ ឃាត់ភាគីទាំងពីរកុំឱ្យវាយគ្នា ស្រាប់តែភាគីប្អូនស្រីមិនព្រមស្តាប់ឡើយ រហូតសមត្ថកិច្ចសម្រេចប្រើកម្លាំងចូលទៅចាប់បំបែក ទើបអាចទប់ស្កាត់កំហឹងរបស់គូជម្លោះបាន។ ក្រោយពេលសមត្ថកិច្ចសួរនាំមិត្តភក្តិគូជម្លោះទាំងសងខាង ទើបដឹងថា តាមពិត នារីទាំង២នាក់នេះ គឺជាបងប្អូនបង្កើតនឹងគ្នា រស់នៅស្រុកកំពង់លែង និងមកស្នាក់នៅផ្ទះជួលជាមួយគ្នាក្នុងក្រុងកំពង់ឆ្នាំង។ ចំណែកជម្លោះវាយតប់គ្នានេះ គឺផ្តើមចេញពីរឿងប្អូនស្រីខឹងនឹងបងស្រីដែលដណ្តើមយកសង្សាររបស់នាង មកបណ្តើរលេង មិនយល់ចិត្តរបស់នាងជាប្អូន ទើបប្អូនស្រីអស់ការអត់ធ្មត់ទប់ចិត្តលែងបាន ក៏ជិះម៉ូតូមកវ៉ៃបងស្រី  បង្កើតដើម្បីរំសាយកំហឹងផង ព្រមទាំងព្រមានកុំឱ្យថ្ងៃក្រោយថ្លើមធំហ៊ានដណ្តើមសង្សារនាងទៀត។

ក្រោយកើតហេតុ បន្ទាប់ពីសួរនាំដឹងរឿងថា ជាជម្លោះបងប្អូនបង្កើត និងមើលឃើញថា  ភាគីទាំងសងខាងមិនមានរបួសស្នាមអ្វីធ្ងន់ផងនោះ ទើបសមត្ថកិច្ចមិនបានឃាត់ខ្លួនភាគីទាំង២នោះទេ គ្រាន់តែធ្វើការអប់រំណែនាំឱ្យរកដំណោះស្រាយដោយសន្តិវិធី កុំឱ្យកើតមានអំពើហិង្សាបែបនេះទៀត។

បន្ទាប់ពីសមត្ថកិច្ចបំបែកពីការវាយតប់គ្នារួចមក ភាគីទាំង២នាក់បងប្អូនបង្កើត ក៏បានជិះម៉ូតូជាមួយមិត្តភក្តិរៀងៗខ្លួនចេញពីកន្លែងកើតហេតុបាត់អស់ទៅ៕

RELATED ARTICLES