Monday, October 6, 2025
Homeព័ត៌មានជាតិខុសបច្ចេកទេសទៀតហើយ!!! ច្នៃកាំជ្រួចផ្ទុះខ្ទេចសាច់ ស្លាប់យ៉ាងអាណោចអាធ័ម

ខុសបច្ចេកទេសទៀតហើយ!!! ច្នៃកាំជ្រួចផ្ទុះខ្ទេចសាច់ ស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តកំពង់ចាម ៖ បុរសវ័យចំណាស់ម្នាក់កំពុងធ្វើការកែច្នៃផលិតកាំជ្រួច ស្រាប់តែភ្លាត់ស្នៀតខុសលក្ខណៈបច្ចេកទេស ក៏បណ្តាលឱ្យផ្ទុះលាន់ឮកក្រើក បង្កឱ្យបុរសចំណាស់ជាអ្នកផលិតរងរបួសខ្ទេចសាច់ស្លាប់យ៉ាងអាណោចអាធ័ម នៅនឹងកន្លែង ចំណែកប្អូនថ្លៃស្រីម្នាក់ទៀត ដែលនៅក្បែរនោះ ទទួលរងរបួសធ្ងន់។

ហេតុការណ៍ផ្ទុះទីតាំងផលិតកាំជ្រួចខាងលើនេះបានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥និង១៥នាទីល្ងាច ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្ទះផលិតកាំជ្រួចមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងធំ ឃុំស្រង៉ែ ស្រុកព្រៃឈរ។

បុរសរងគ្រោះដែលធ្វើការកែច្នៃផលិតកាំជ្រួចភ្លាត់ស្នៀត បណ្តាលឱ្យផ្ទុះស្លាប់ខ្លួនឯង មានឈ្មោះអេង សុខកាន អាយុ៥០ឆ្នាំ ជាម្ចាស់ផ្ទះ និងជាអ្នកផលិតកាំជ្រួច។ ចំណែកជនរងគ្រោះដែលទទួលរងរបួសធ្ងន់ មានឈ្មោះចិន រស្មី ភេទស្រី អាយុ២៩ឆ្នាំ ត្រូវជាប្អូនថ្លៃរបស់ជនរងគ្រោះខាងលើ។ ជនរងគ្រោះទាំង២នាក់ ស្នាក់នៅក្នុងផ្ទះកើតហេតុខាងលើជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា បុរសរងគ្រោះខាងលើបានចាប់យកមុខរបរកែច្នៃផលិតកាំជ្រួចលក់នេះ រាប់ឆ្នាំមកហើយ តែមិនធ្លាប់កើតមានបញ្ហាអ្វីនោះទេ។ ទើបតែមកដល់វេលាម៉ោងកើតហេតុខាងលើ ខណៈដែលជនរងគ្រោះកំពុងធ្វើការផលិតកាំជ្រួចសុខៗ ក៏ស្រាប់តែគេបានលាន់ឮសំឡេងផ្ទុះយ៉ាងកក្រើក ចេញពីផ្ទះជនរងគ្រោះ ទើបធ្វើឱ្យអ្នកជិតខាងផ្អើលឆោឡោ ស្ទុះចូលទៅមើលដល់កន្លែង ដែលជនរងគ្រោះផលិតកាំជ្រួច ស្រាប់តែប្រទះឃើញបុរសរងគ្រោះឈ្មោះអេង សុខកាន ដេកស្តូកស្តឹងក្នុងថ្លុកឈាម ដោយមានស្លាកស្នាមរបួសខ្ទេចសាច់តាំងពីផ្ទៃមុខរហូតដល់ដងខ្លួន។ ចំណែកប្អូនថ្លៃស្រីរបស់ជនរងគ្រោះម្នាក់ទៀត ដែលនៅក្បែរនោះដែរ បានទទួលរងរបួសយ៉ាងធ្ងន់ និងត្រូវបានក្រុមគ្រួសារប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិតភ្លាមៗដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យដល់ទីតាំងកើតហេតុ រួចបញ្ជាក់ថា ករណីផ្ទុះទីតាំងផលិតកាំជ្រួចខាងលើនេះ មូលហេតុបង្កឡើងដោយសារតែការកែឆ្នៃផលិតកាំជ្រួចខុសលក្ខណៈបច្ចេកទេស ទើបធ្វើឱ្យកើតទៅជាបញ្ហាធ្ងន់ធ្ងរ រហូតដល់បាត់បង់ជីវិតមនុស្សបែបនេះ។

សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES