Sunday, November 24, 2024
Homeបរិយាយចិត្តមុតដូចស្រី

ចិត្តមុតដូចស្រី

ក្រោយពេលគណបក្សសង្គ្រោះជាតិ ត្រូវរលំរលាយទៅនោះ អ្នកឃ្លាំមើលស្ថានការណ៍នយោបាយ កត់សម្គាល់បានថា ក្រុមប្រឹក្សាឃុំ-សង្កាត់ ជាង៥០០០នាក់ របស់អតីតបក្សប្រឆាំង ដែលសុទ្ធតែ “មុជមិនជ្រៅ ទៅមិនឆ្ងាយ” ដូចពួកតំណាងរាស្ត្រប្រឆាំង ក៏សំងំតែក្នុងស្រុក។ ក្រុមប្រឹក្សាទាំងនោះ មានប្រុសមានស្រី គ្មានហ៊ានខ្វើកអ្វីទេ ព្រោះខ្លាចពាក់ព័ន្ធនឹង “ចលនា សង្គ្រោះជាតិ” ដែលបង្កើតឡើងដោយលោកសម រង្ស៊ី ប៉ុន្តែ អ្វីដែលអ្នកតាមដានមើលឃើញគឺនាងក្រមុំម្នាក់ ជាអតីត ចៅសង្កាត់ ហ៊ានតតាំងជាមួយអាជ្ញាធរ ដែលបង្ហាញថា “នាងមានចិត្តមុតជាងបុរស” ដែល “នគរធំ” សូមលើករឿង “ចិត្ត មុតដូចស្រី” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

កាលពីពេលថ្មីៗនេះ អភិបាលក្រុងបាត់ដំបង បានចេញលិខិតអញ្ជើញកញ្ញាស៊ិន ចាន់ពៅរ៉ូហ្ស៊េត ថៅកែហាងរ៉ូហ្ស៊េត លក់នំបញ្ចុក និងជាអតីតចៅសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ទៅពិភាក្សាការងារ បន្ទាប់ពីថៅកែស្រីនេះ បាន លើកស្លាកថា “ហាងរ៉ូហ្ស៊េត រីករាយស្វាគមន៍ភ្ញៀវទាំងអស់ លើកលែងតែឧទ្ទាមជន”។ បន្ទាប់ពីចូលប្រជុំរួច នាងកញ្ញា បាន សរសេរបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់នាងថា “ស្លាកមួយផ្ទាំងនេះ ខ្ញុំអាចដកចេញបាន ព្រោះជាសេចក្តីត្រូវការរបស់អាជ្ញាធរ ខ្ញុំត្រូវតែគោរព។ ខ្ញុំបានសំណូមពរលោកអភិបាលក្រុងវិញថា “សុំឈប់គំរាមខ្ញុំ” ពីព្រោះកន្លងមក គេចោទហាងនាងខ្ញុំជា កន្លែងចេញចូលចលនាឧទ្ទាម ធ្វើឱ្យប៉ះពាល់មុខរបររកស៊ីរបស់ខ្ញុំ គឺលក់អត់ដាច់។

ការកោះហៅនេះបង្ហាញថា នាងក្រមុំអតីតចៅសង្កាត់ម្នាក់នេះ មិនធម្មតាទេ ព្រោះគ្រាន់តែគេសង្ស័យថា ហាងរបស់ នាងជាកន្លែងប្រមូលផ្តុំពួកឧទ្ទាម ស្រាប់តែនាងលើកស្លាកភ្លែត ហាក់មានចេតនាឌឺដងទៅអ្នកសង្ស័យនោះ ធ្វើឱ្យមានការចាប់អារម្មណ៍ក្នុងមជ្ឈដ្ឋានអ្នកលេងហ្វេសប៊ុក។ ករណីអតីតក្រុមប្រឹក្សាឃុំ-សង្កាត់ ជាង៥០០០នាក់ ស្ងាត់មាត់ឈឹង នៅសល់តែនាង ក្រមុំម្នាក់បែបនេះ គឺមកពីនាង “ចិត្តមុត” តែម្តង ព្រោះបើ “ចិត្តកំសាក” ធ្វើម៉េចនឹងហ៊ានឌឺដងឆ្លងឆ្លើយជាមួយអ្នកមានអំណាច?

ករណីស្រីចិត្តមុត មានចារទុកយ៉ាងពិស្តារក្នុងរឿងព្រេងខ្មែរ ដែលតំណាលពីព្រះមហាក្សត្រ ១អង្គ ព្រះនាម “សុរិយា ទេវេស” បានតាំងព្រះរាជវាំងនៅ “ភ្នំជីសូរ” ខេត្តតាកែវ។ ថ្ងៃមួយ ព្រះរាជាបានរៀបចំ “ពិធីកោរព្រះកេសព្រះរាជបុត្រ” (កោរជុក) ដោយអញ្ជើញព្រាហ្មណ៍ព្រឹទ្ធបណ្ឌិតកវី មកថ្វាយព្រះពរដល់ព្រះរាជឱរស។ កាលនោះមានព្រាហ្មណ៍ព្រឹទ្ធាចារ្យ ម្នាក់ ថ្វាយព្រះពរ ៣ប្រការថា “សូមឱ្យមានកម្លាំងដូចស្រមោច ឱ្យមានប្ញទ្ធិដូចខ្មោច ឱ្យមានចិត្តមុតដូចស្រី” គ្រាន់តែទ្រង់ ព្រះសណ្តាប់ចប់ ព្រះរាជាខ្ញាល់ខ្លាំងណាស់ ប៉ុន្តែ ព្រឹទ្ធាចារ្យនោះ សុំធ្វើការពិសោធថ្វាយ ត្រង់ចំណុចដូចខាងក្រោម ៖

-ឱ្យមានកម្លាំងដូចស្រមោច ៖ តាព្រាហ្មណ៍ បានឱ្យយកដែកប៉ុនរូបមនុស្ស ហើយឱ្យហៅមនុស្សម្នាក់មកលើក តែលើក ដែកនោះមិនរួចសោះ។ បន្ទាប់មក តាព្រាហ្មណ៍ឱ្យយកម្ជុលមួយកំណាត់ប៉ុនខ្លួនស្រមោច ប្រឡាក់នឹងទឹកឃ្មុំ ដាក់ចោលមួយ សន្ទុះ ស្រាប់តែមានស្រមោចខ្មៅមួយ មកពាំអូសម្ជុល១កំណាត់នោះទៅបាត់ ស្តែងឱ្យឃើញថា “មានកម្លាំងដូចស្រមោច”។

-ឱ្យមានប្ញទ្ធិដូចខ្មោច ៖ តាព្រាហ្មណ៍ ឱ្យយកខ្មោចស្លាប់តៃហោង ៧ប្រភេទ គឺស្លាប់ដោយសម្រាលកូន១ ដោយពស់ ចឹក១ ដោយក្របីវ័ធ១ ដោយរន្ទះបាញ់១ ដោយគេលបកាប់១ ដោយលង់ទឹក១ ដោយចងក១។ ខ្មោចទាំង៧នេះ បានយក ទៅកប់ឆ្ងាយពីភូមិ រួចឱ្យយកផ្តិលមាស ផ្តិលប្រាក់ ទៅកប់នៅចន្លោះផ្នូរខ្មោចទាំង៧នោះ។ បន្ទាប់មក នៅពេលយប់ស្ងាត់ តាព្រាហ្មណ៍ ក៏ប្រើអាមាត្យម្នាក់ឱ្យទៅជីកយកផ្តិលនោះ ប៉ុន្តែ ប្រើអ្នកណាក៏មិនហ៊ានទៅដែរ ដែលស្តែងឱ្យឃើញថា “មាន ប្ញទ្ធិដូចខ្មោច” គឺត្រង់គេខ្លាចខ្មោច មិនហ៊ានទៅជិតនេះឯង។

-ឱ្យមានចិត្តមុតដូចស្រី ៖ តាព្រាហ្មណ៍ បានហៅបុរសកម្សត់ទុរគតម្នាក់ មកប្រាប់ស្ងាត់ៗថា “សព្វថ្ងៃ អ្នកឯងក្រលំបាក តោកយ៉ាកព្រោះតែប្រពន្ធ ដូច្នេះចូរអ្នកសម្លាប់ប្រពន្ធនោះចោលទៅ ខ្ញុំនឹងតែងតាំងអ្នកឯងជាមន្ត្រីធំ” បុរសនោះពិចារណាមួយសន្ទុះ ក៏ឆ្លើយថា “ខ្ញុំមិនអាចសម្លាប់ប្រពន្ធបានទេ ព្រោះកម្សត់កម្រជាមួយគ្នាយូរមកហើយ ទោះជាឱ្យបុណ្យស័ក្តិប៉ុនជញ្ជាំងវិហារ ក៏ខ្ញុំ មិនដាច់ចិត្តសម្លាប់នាងជាដាច់ខាត”។ តាព្រាហ្មណ៍ ក៏ឱ្យបុរសនោះវិលទៅលំនៅវិញ រួចឱ្យហៅនាងជាប្រពន្ធមកប្រាប់ស្ងាត់ៗថា “ប្តីនាងជាមនុស្សចោលម្សៀត រកស៊ីយ៉ាងណាក៏មិនមានដែរ បើនាងសម្លាប់ប្តីនោះចោល ខ្ញុំនឹងលើកនាងជាប្រពន្ធពេញយស” នាងនោះគិតមួយសន្ទុះ ក៏យល់ថា តាំងពីចាប់ដៃកវែកកឆ្នាំងជាមួយប្តីនោះមក រកអង្ករច្រកឆ្នាំងស្ទើរមិនបាន បើបានក្លាយជា ភរិយាព្រាហ្មណ៍បុរោហិត ជីវភាពនឹងប្រែប្រួលមិនខាន។ គិតស្រេច នាងសន្យថា នឹងទៅសម្លាប់ប្តីនោះ ប៉ុន្តែគ្រាន់តែបានចម្លើយភ្លាម តាព្រាហ្មណ៍ក៏ឃាត់នាងមិនឱ្យធ្វើឃាតប្តី និងបង្ហាញហេតុផលទូលស្តេចថា ហ្នឹងហើយ “ចិត្តមុតដូចស្រី”។

លើកឧទាហរណ៍ខាងលើនេះ ចង់បង្ហាញថា នៅក្នុងកាលៈទេសៈលំបាកលំបិន មានតែស្រីទេ ដែលអាចធ្វើសកម្មភាព បានខ្លាំង និងមានប្រសិទ្ធភាពជាងបុរស ដែលសង្គមណាក៏មានការលើកតម្កើងស្រីជា “វីរនារី” ដែរ បន្ទាប់ពីនាងហ៊ានបូជា ជីវិត ដើម្បីបុព្វហេតុអ្វីមួយ។

“នាងចែម” ហ៊ានបូជាព្រហ្មចារី ដើម្បីផ្តួល “ព្រះរាមទ្រាំង” ជាមេថ្លើងបះ តាមការបង្គាប់ពី “តេជោមាស”។ “នាងទាវ” ហ៊ានចាក់កសម្លាប់ខ្លួនតាម “អន្ទិតទុំ” ដើម្បីបង្ហាញសេចក្តីស្នេហាដ៏បរិសុទ្ធ។ “នាងទាវ” ម្នាក់ទៀត ជាភរិយា “ពញាថឺ” ហ៊ានកាល់ការពារខ្លួនមិនឱ្យស្តេច “ពញាអន” រំលោភសេពសន្ថវៈបាន រហូតដល់ស្តេចឱ្យយកទៅសម្លាប់ ព្រោះតែនាងមាន ចិត្តស្មោះត្រង់នឹងស្វាមី ដែលរឿងទាំងនេះមានចារទុកក្នុងឯកសារប្រវត្តិសាស្ត្រ។

ដោយឡែក “កញ្ញាឌៀប វណ្ណដារ៉ា” ជាសិស្សស្រីម្នាក់ ចេញមុខធ្វើនយោបាយគាំទ្ររបបលន់ នល់ នាងបានពលីជីវិត នៅសមរភូមិខេត្តសៀមរាប ក្នុងពេលប្រយុទ្ធជាមួយពួកវៀតកុង វៀតណាមខាងជើង ហើយត្រូវបានប្រធានាធិបតីនៃរបប សាធារណរដ្ឋខ្មែរ ចេញក្រឹត្យតែងតាំងនាងជា “វីរនារី”។ ឆាកជីវិតនាងឌៀប វណ្ណដារ៉ា ត្រូវបានអ្នកនិពន្ធឈ្មោះតាំង វស្សា យកទៅសរសេរជារឿងប្រលោមលោក យ៉ាងកម្សត់ស្រក់ទឹកភ្នែក និងបានលោកម៉ា ឡៅពី និពន្ធទំនុកច្រៀង មានចំណង ជើងថា “វិញ្ញាណក្ខន្ធឌៀប វណ្ណដារ៉ា” ច្រៀងដោយលោកស៊ីន ស៊ីសាមុត។

ដូច្នេះយើងឃើញថា ក្នុងកាលៈទេសៈជួបគ្រោះអាសន្ន អ្នកដឹកនាំតែងត្រូវការស្រីស្អាតធ្វើសកម្មភាពនយោបាយ ដើម្បីវាយប្រហារ គូបដិបក្ខ។ កញ្ញាស៊ិន ចាន់ពៅរ៉ូហ្ស៊េត អតីតចៅសង្កាត់អូរចារ ដែលមិនព្រមចុះចូលបក្សកាន់អំណាច បានទាំងលើកស្លាកហាងនំបញ្ចុក ហាមប្រាមពួកឧទ្ទាមមិនឱ្យចូល ខណៈដែលមានការសង្ស័យថា  ហាងរបស់នាងជាកន្លែងប្រមូលផ្តុំពួកឧទ្ទាម។ ជាងនេះទៀត នាងក្រមុំបានទាំងតែងទំនុកច្រៀង និងច្រៀងយ៉ាងពីរោះ បង្ហោះតាមហ្វេសប៊ុក ពាក់ព័ន្ធដល់ការបាត់បង់ឋានៈចៅសង្កាត់ ដែលបង្ហាញ ថា “មកពីនាងមានចិត្តមុត” បានជាអតីតក្រុមប្រឹក្សាឃុំ-សង្កាត់ ជាង៥០០០នាក់ ស្ងាត់ឱ្យឈឹង លេចធ្លោតែនាងម្នាក់។

សរុបទៅ “ចិត្តមុតដូចស្រី” គ្រាន់តែជាការបកស្រាយតាម “ពរ៣ប្រការ” មានតំណាលក្នុងរឿងព្រេងខ្មែរ តែប៉ុណ្ណោះ ប៉ុន្តែ វាជាប្រត្យក្សភាពបង្ហាញពីសកម្មភាពរបស់ស្រីចិត្តមុត។ ចង់កាច់បំបាក់ស្រីចិត្តមុត មិនមែនជាការងាយស្រួលនោះទេ ព្រោះបុរាណាចារ្យបានហាមទុកជាលាយលក្ខណ៍អក្សរថា “អ្នកនយោបាយ មិនត្រូវឈ្លោះនឹងក្មេង១ ឈ្លោះនឹងស្រី១ ឈ្លោះនឹងអ្នកកាសែត១” ព្រោះអ្នកទាំង៣នេះ ធ្វើឱ្យបាត់បង់កិត្តិយសអ្នកបង្កជម្លោះជាមួយនោះ ដូចអ្វីដែល “នគរធំ” ធ្លាប់បរិយាយមុននេះរួចមកហើយ៕

ដោយ អាចារ្យថាំ

RELATED ARTICLES