Sunday, November 24, 2024
Homeបរិយាយបារម្ភធ្វើអ្វី បើដើរទៅមុខហើយនោះ

បារម្ភធ្វើអ្វី បើដើរទៅមុខហើយនោះ

សុភាសិតបារាំង ១ឃ្លាថា “ទៅភ័យបារម្ភធ្វើអ្វី បើយើងចេះតែដើរទៅមុខហើយនោះ” (Qu’importe que l’on tremble si l’on marche en avance) មានអត្ថន័យដាស់តឿនអ្នកនយោបាយ ដែលឈ្នះគេ ឬខ្លាំងជាងគេ កំពុងបោះជំហានលើផ្លូវអភិវឌ្ឍន៍នោះ មិនគួរភ័យព្រួយនឹងគូប្រជែងនោះទេ។ ខណៈដែលអតីតបក្សសង្គ្រោះជាតិ ត្រូវរំលាយចោលទៅហើយ ប៉ុន្តែ ពួកប្រឆាំងបានបង្កើត “ចលនាសង្គ្រោះជាតិ” និង “ចែកការងារគ្នាធ្វើ” ស្រាប់តែបក្សកាន់អំណាច ឆ្លើយឆ្លងមិនឈប់ ហាក់សម្តែងក្តីបារម្ភនោះ គឺស្រប នឹងសុភាសិតខាងលើ ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

ចាប់តាំងពីអតីតគណបក្សសង្គ្រោះជាតិ ត្រូវរំលាយ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ រហូតមកទល់ពេលនេះ អ្នក តាមដានស្ថានការណ៍នយោបាយមើលឃើញថា ពួកប្រឆាំងដែលរត់ទៅប្រមូលផ្តុំគ្នានៅក្រៅប្រទេសនោះ បានធ្វើសកម្មភាព “ប្រឆាំងលើសដើម”។ កាលនៅក្នុងស្រុក ប្រឆាំងល្មមទេ ប៉ុន្តែ ពេលនេះពួកគេបានបង្ហាញយ៉ាងច្បាស់ តាមរយៈការបំផុស បាតុកម្មមិនទទួលស្គាល់សាលដីកាតុលាការកំពូល និងបានទៅផ្លុំត្រចៀកមន្ត្រីអាមេរិក សហភាពអឺរ៉ុប ឱ្យផ្តាច់ជំនួយដល់ គ.ជ.ប ព្យួរទិដ្ឋាការមន្ត្រីរដ្ឋាភិបាលកម្ពុជា ហើយថ្មីៗនេះ សហភាពអន្តរសភា (IPU) បានទាមទារឱ្យកម្ពុជា លុបចោល សេចក្តីសម្រេចរំលាយបក្សសង្គ្រោះជាតិ៘

សកម្មភាពពួកប្រឆាំង ដែលមានអាមេរិក និងសហភាពអឺរ៉ុប នៅពីក្រោយនោះ បានធ្វើសកម្មភាពការទូត ចែកផ្លូវគ្នា ដើរ ដែលថ្ងៃណាក៏ឮតែអ្នកនាំពាក្យបក្សកាន់អំណាច ឆ្លើយតបទៅវិញ ហាក់បង្ហាញថា មកពី “បារម្ភ” ទោះបីជាមានវាក្យសព្ទថា “មិនចាប់អារម្មណ៍អ្វីទេ” ក៏ការឆ្លើយឆ្លងនេះបង្ហាញថា “មកពីចាប់អារម្មណ៍ បានជាឆ្លើយ”។

ដូច្នេះសុភាសិតបារាំងថា “ទៅភ័យបារម្ភធ្វើអ្វី បើយើងដើរទៅមុខហើយនោះ” មានន័យថា បក្សកាន់អំណាច ប៉ែង ផ្តួលបក្សប្រឆាំងបានហើយ អស់គូប្រជែងស្មើទម្ងន់គ្នាលើសង្វៀនប្រជាធិបតេយ្យទៀតហើយ គឺនៅសល់តែបក្សតូចៗប៉ុណ្ណោះ គង់តែឈ្នះឆ្នោតភ្លូកទឹកភ្លូកដី “ចុះហេតុអ្វីនៅតែបារម្ភ?”។ តាមពិតទៅ មិនគួរបារម្ភទេ ឬថា មិនគួរឆ្លើយឆ្លងជាមួយពួកប្រឆាំង មិនឈប់ឈរនោះទេ ព្រោះ “កីឡាករប្រដាល់វាយគេដួលទៅហើយ បើលោតទៅថែម នាំឱ្យខុសច្បាប់”។ ចំណុចដែល បក្សកាន់អំណាច មិនគួរបារម្ភនោះ មានដូចខាងក្រោម ៖

-រាស្ត្រស្អប់ខ្ពើមសង្គ្រាម ៖ ចំណុចនេះ ទោះជាលោកសម រង្ស៊ី បំផុសចលនារំជើបរំជួល ចលាចល មុនបោះឆ្នោត ក៏ ប្រជាពលរដ្ឋស្អប់សង្គ្រាម ច្បាស់ជាមិនយកខ្លួនបៀតទេ ព្រោះ “ចលនានាំឱ្យផ្ទុះសង្គ្រាម”។

-អធិបតេយ្យជាតិ ៖ ចំណុចនេះ មានចែងទុកក្នុងច្បាប់អន្តរជាតិ ដែលប្រទេសធំមិនអាចរំលោភបំពាន ជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងប្រទេសតូចបានឡើយ។ ជាក់ស្តែង របបយោធាថៃ ដែលកើតឡើងដោយសាររដ្ឋប្រហារនោះ ក៏គ្មានប្រទេសណា លូកដៃបានដែរ ព្រោះជារឿងរបស់ថៃ ចំណែកកម្ពុជាវិញ ក៏គ្មានច្បាប់ឯណាឱ្យមហាអំណាចលូកដៃបានដែរ។

-នីតិរដ្ឋ ៖ បើរដ្ឋាភិបាលធ្វើអ្វីៗស្របទៅតាមច្បាប់ គ្មានកំហុសអ្វីទេ វៀរលែងតែបំពានច្បាប់ ដូចករណីលោកស្រីអ៊ូង សានស៊ូជី មេដឹកនាំភូមា (មីយ៉ាន់ម៉ារ) ដែលធ្លាប់ជាប់ឃុំក្នុងផ្ទះ២០ឆ្នាំនោះ គេធ្វើតាមច្បាប់របស់គេ ឯរឿងគាត់ជាប់ឆ្នោត មកពីប្រជាពលរដ្ឋភូមា ផ្តល់សេចក្តីទុកចិត្ត។

-ការបង្កើតចលនាឧទ្ទាម ៖ ចំណុចនេះ លុះត្រាតែកម្ពុជា សម្បូរព្រៃព្រឹក្សាដូចសម័យសង្គមរាស្ត្រនិយម ទើបពួកប្រឆាំង អាចបង្កើតក្រុមឧទ្ទាមប្រដាប់អាវុធបាន ប៉ុន្តែ សព្វថ្ងៃ ព្រៃវាលស្ទើរអស់ទៅហើយ តើពួកឧទ្ទាមបានព្រៃឯណាលាក់ខ្លួន?

-យុវជនត្រូវការសប្បាយ ៖ ចំណុចនេះសំខាន់ណាស់ ព្រោះចលនាឧទ្ទាម តែងជ្រើសចេញពីស្រទាប់យុវវ័យឱ្យកាន់ កាំភ្លើង ប្រឆាំងរដ្ឋាភិបាល ប៉ុន្តែ យុវជនសម័យនេះ ចូលចិត្តស៊ីផឹក រាំច្រៀង ដើរកម្សាន្ត បណ្តើរសង្សារ បើហៅទៅកាន់កាំភ្លើង នោះ គេមិនទៅទេ សូម្បីតែជ្រើសរើសកងទ័ពជាតិ ក៏ពួកគេមិនសូវចង់ដែរ ព្រោះមិនចង់ឃ្លាតពីសង្សារ។

-សម្ពាធអន្តរជាតិ ថាចោលៗ ៖ ចំណុចនេះយើងឃើញថា មន្ត្រីអាមេរិក មន្ត្រីអឺរ៉ុប ឮតែថា ដាក់សម្ពាធលើរដ្ឋាភិបាល កម្ពុជា ប៉ុន្មានខែហើយ ប៉ុន្តែ ថាចោលៗ ចំណែកលោកប្រធានាធិបតី ដូណាល់ ត្រាំ មិនដែលឮនិយាយពីកម្ពុជាសោះ ដូច្នេះ ចាត់ទុកជា “សម្ពាធខ្យល់”។

នៅមានចំណុចច្រើនទៀត ដែលបង្ហាញថា “មន្ត្រីបក្សកាន់អំណាច មិនគួរខ្វល់ព្រួយបារម្ភ” ព្រោះកត្តាដូចខាងលើនេះ បង្ហាញភាពអវិជ្ជមានសម្រាប់ពិចារណា។ ករណីមន្ត្រីអ្នកនាំពាក្យបារម្ភមិនឈប់បែបនេះ ត្រូវបានតាញៀនកាហ្វេម្នាក់ និយាយ សើចលេងថា “ខ្លាមិនខ្លាច ទៅខ្លាចអាចម៍ខ្លា” ធ្វើឱ្យអ្នកផឹកកាហ្វេរួមតុ ចាប់អារម្មណ៍គ្រប់គ្នា។

ទោះយ៉ាងណាក៏ដោយចុះ បក្សកាន់អំណាច គួរតែបារម្ភតិចតួចបានហើយ ព្រោះបើមិនបារម្ភសោះនោះ ក៏មិនល្អដែរ។ បក្សកាន់អំណាច មានអ្វីៗទាំងអស់ក្នុងដៃ ដូចជាកងប្រដាប់អាវុធ តុលាការ សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ ត្រូវតែខ្វល់ក្នុងការ ថែរក្សារបស់ដែលមានហើយ ដូចបណ្តាំក្រមង៉ុយ ថា “អ្នកមានៗគំនិត ដេកដើរគិតកើតរវល់ ប្រាជ្ញាជាប្ញសគល់ កើតអំពល់ អំពីទ្រព្យ” បានន័យថា បក្សកាន់អំណាច មានទ្រព្យ ត្រូវតែព្រួយបារម្ភខ្វល់ខ្វាយក្នុងការរក្សាទ្រព្យសម្បត្តិ និងអំណាចនោះ ឱ្យបានគង់វង្ស ប៉ុន្តែ មិនត្រូវខ្វល់ហួសហេតុ ដល់ថ្នាក់ប្រើយុទ្ធសាស្ត្រ “ជញ្ជាំងមានត្រចៀក” ដូចរបបប៉ុល ពត នោះទេ។

សព្វថ្ងៃយើងឃើញថា រដ្ឋាភិបាលកំពុងដើរទៅមុខជានិច្ច ទោះជាអាមេរិក និងសហភាពអឺរ៉ុប ឈប់ជួយ ក៏នៅមាន មហាអំណាចចិន ជួយដែរ។ អ្នកនាំពាក្យ CCP តែងតែលើកឡើងពី “កិច្ចការផ្ទៃក្នុង” ជាពិសេស ចូលចិត្តនិយាយថា “ចលនាពួកប្រឆាំងនោះ យើងមិនចាប់អារម្មណ៍ទេ” ប៉ុន្តែ បើឆ្លើយឆ្លងជាមួយពួកប្រឆាំង បានន័យថា “ចាប់អារម្មណ៍”។ ដូច លើកឡើងពីកត្តាសំខាន់ៗរួចមកហើយថា សព្វថ្ងៃ “រាស្ត្រស្អប់ខ្ពើមសង្គ្រាម, កម្ពុជា ជារដ្ឋអធិបតេយ្យ ធ្វើអ្វីៗតាមច្បាប់ ការ បង្កើតចលនាឧទ្ទាម លុះត្រាតែមានព្រៃលាក់ខ្លួន យុវជនត្រូវការសប្បាយ មិនចង់ស្ពាយកាំភ្លើងចូលសមរភូមិ, សម្ពាធអន្តរជាតិ ថាចោលៗ”៘ ដូច្នេះកត្តាទាំងប៉ុន្មាននេះ គឺជាហេតុផលមិនគួរខ្វល់បារម្ភពេកទេ បើពួកប្រឆាំងសៀតគន្លឹះអ្វីមួយ ទាក់ទិនដល់កត្តាខាងលើនេះ បើអ្នកនាំពាក្យវាយបកវិញ មិនពិចារណាឱ្យល្អិតល្អន់ អាចនឹងចាញ់ប្រៀបពួកប្រឆាំង។

“នគរធំ” ធ្លាប់បរិយាយរួចមកហើយ ពីរឿង “មនុស្សមិនត្រូវឈ្លោះនឹងខ្មោច” ពោលគឺអតីតបក្សសង្គ្រោះជាតិ ត្រូវ រំលាយក្លាយជាសពទៅហើយ បើបក្សកាន់អំណាចឆ្លើយឆ្លងជាមួយខ្មោច ធ្វើឱ្យព្រលឹងខ្មោចនោះ វិលវល់តាមចងពៀរ មនុស្ស។ បើចង់ឱ្យខ្មោចលែងចងពៀរ លុះត្រាតែធ្វើបុណ្យឧទ្ទិសកុសល បង្កប់ “ព្រហ្មវិហារធម៌” ប៉ុន្តែ បើជួលគ្រូចាប់ខ្មោច មកប្រើ ឬចង់ចាប់ខ្មោចច្រកដប យកទៅបោះចោលកណ្តាលសមុទ្រនោះ មិនងាយទេ។

បច្ចុប្បន្ន បក្សកាន់អំណាច នៅតែខ្លាំង ដើរទៅមុខរហូត និងកំពុងត្រៀមឈ្នះឆ្នោតព្រឹទ្ធសភា ក្នុងពេលឆាប់ៗនេះហើយ បើរវល់តែព្រួយបារម្ភនឹងពួកប្រឆាំងខ្លាំងពេក អាចធ្វើឱ្យជំហានបោះទៅមុខនោះ ភ្លេចមើលផ្លូវ បណ្តាលឱ្យធ្លាក់ជង្ហុក ឬជាន់ បន្លា ក្រួសរវានមិនបាន។ រឿងបារម្ភនេះ វាតែងតែមានហើយ ទោះជាស្តេចចក្រពត្តិ ក៏នៅតែបារម្ភខ្លាចគេដណ្តើមអំណាចបាន ឯមហាសេដ្ឋី ឆ្លៀតចិញ្ចឹមឆ្កែ ៥០០ក្បាល ឱ្យថែរក្សាទ្រព្យសម្បត្តិគាត់ ព្រោះតែបារម្ភចោរលួច ប៉ុន្តែ ក្តីបារម្ភរបស់ស្តេចចក្រពត្រាធិរាជ និងមហាសេដ្ឋី តិចតួចទេ។

សរុបទៅ សុភាសិតបារាំងថា “ទៅភ័យបារម្ភធ្វើអ្វី បើយើងចេះតែដើរទៅមុខហើយនោះ” មានន័យយ៉ាងនេះឯង។ ខណៈ ដែលពួកប្រឆាំងធ្វើសកម្មភាពពីក្រៅប្រទេស ដូចអ្វីដែលលោកសម រង្ស៊ី និយាយថា “ធ្វើឱ្យ CCP វង្វេង” នោះ បើមន្ត្រី រដ្ឋាភិបាល បារម្ភខ្លាំងពេក ចេះតែឆ្លើយបកប្រាវៗ ខ្វះការពិចារណា ជួនកាលអាចជាន់ល្បិចពួកប្រឆាំងក៏ថាបាន ដូច្នេះត្រឹមតែ បារម្ភតិចតួចបានហើយ កុំបារម្ភខ្លាំងដល់ថ្នាក់ដេកមិនលក់ បក់មិនល្ហើយនោះក៏មិនកើតដែរ…៕

ដោយ អាចារ្យថាំ

RELATED ARTICLES