ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប បានសម្រេចចេញសេចក្តីណែនាំ ហាមមិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសំឡេងផ្ទុះគ្រប់ប្រភេទ ព្រមទាំងលេងល្បែងស៊ីសងគ្រប់ប្រភេទ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន-វៀតណាម ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខនេះ។
យោងតាមសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ លេខ០០២/១៨ សណន.ច ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម មានខ្លឹមសារទាំងស្រុងដូចខាងក្រោមៈ
ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរប្រៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដល់មន្ទីរ អង្គភាព ខណ្ឌ សង្កាត់ សមាគម ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល និងសាធារណជនក្នុងរាជធានីភ្នំពេញ ដូចតទៅ ៖
១-ហាមដាច់ខាត ៖
– មិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសំឡេងផ្ទុះគ្រប់ប្រភេទ ក្នុងឱកាសពិធីបុណ្យនេះ
– មិនឱ្យលេងល្បែងគ្រប់ប្រភេទ ដែលមានលក្ខណៈស៊ីសង
– រាល់ការហែក្បូនផ្សេងៗ ទាំងបែបសាសនា ឬប្រពៃណី ដែលគ្មានការអនុញ្ញាតត្រូវហាមឃាត់។
២- នៅគ្រប់កន្លែងកំសាន្តសប្បាយនានា មន្ទីរអង្គភាព រោងចក្រ សហគ្រាស គេហដ្ឋាន ត្រូវរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សាធារណៈ សេចក្តីថ្លៃថ្នូរ និងត្រូវប្រុងប្រយ័ត្នក្នុងការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឱ្យមានគ្រោះអគ្គិភ័យ កើតឡើងជាយថាហេតុ។ ដោយឡែក កាដុតក្រដាសសែន ត្រូវប្រើធុងដែក ឬឆ្នាំងដី ដើម្បីដុត ហាមដាក់ខាតមិនឱ្យដុតលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណៈ។
៣- ចាប់ពីពេលនេះតទៅ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវចាត់វិធានការឱ្យម៉ឺងម៉ាត់បំផុត កុំឱ្យមានការនាំចូលផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទ តាមច្រកចូលរាជធានីភ្នំពេញ និងត្រួតពិនិត្យដកហូតវត្ថុទាំងនេះ ដែលមានតាំងលក់នៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ។
៤- គ្រប់អង្គភាព សាលាខណ្ឌ និងសង្កាត់ ត្រូវផ្សព្វផ្សាយណែនាំដល់មន្ត្រីរាជការ និយោជិត កងកម្លាំងក្រោមឱវាទ និងប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឱ្យអនុវត្តតាមការណែនាំនេះឱ្យមានប្រសិទ្ធភាព។
៥- មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ត្រូវអញ្ជើញបណ្តាសមាគមចិន និងវៀតណាម ដើម្បីផ្សព្វផ្សាយនូវខ្លឹមសារខាងលើឱ្យបានទូលំទូលាយ។
៦- ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបញ្ជាការដ្ឋានយោធភូមិភាគពិសេស ត្រូវចេញបទបញ្ជាឱ្យបានម៉ឺងម៉ាត់ដល់កម្លាំងរបស់ខ្លួន ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព។
៨- ជនណាបំពានលើសេចក្តីណែនាំនេះ ឬប្រព្រឹត្តល្មើសបង្កឱ្យមានចលាចលក្នុងសង្គម បាត់សណ្តាប់ធ្នាប់សន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធាណៈ ត្រូវទទួលទោសតាមច្បាប់ជាធរមាន…។
ដោយឡែក យោងតាមបទបញ្ជារបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប លេខ០០១/១៨ តបឯ.ក្រសរ ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ មានខ្លឹមសារដូចខាងក្រោម ៖
១- ហាមនាំចូល លក់ ទិញ រំសេវ ផាវ និងគ្រឿងផ្ទុះផ្សេងៗ មកធ្វើអាជីវកម្មនៅតាមទីផ្សារតាមផ្ទះ តូបលក់ដូរផ្សេងៗ និងនៅតាមទីសាធារណៈ។
២- ហាមប្រើប្រាស់រំសេវ ផាវ និងគ្រឿងផ្ទុះផ្សេងៗ ដើម្បីដុតកម្សាន្តលេង ឬអបអរសាទក្នុងពិធីបុណ្យចូលឆ្នាំរបស់បងប្អូនចិន-វៀតណាម នាពេលខាងមុខ។
៣- គ្រប់អង្គភាពក្នុងក្រុមសៀមរាប ដែលមានការពាក់ព័ន្ធ ត្រូវធានាឱ្យបាននូវសុវត្ថិភាព សន្តិសុខសង្គម ដោយធ្វើការត្រួតពិនិត្យ និងមានវិធានាការយ៉ាងម៉ឺងម៉ាត់បំផុត ចំពោះជនដែលប្រព្រឹត្តល្មើសនឹងបទបញ្ជានេះ ហើយត្រូវធ្វើការអប់រំ ណែនាំ ព្រមទាំងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពជាបន្ទាន់ ករណីជននោះនៅតែប្រព្រឹត្តអំពើល្មើសទៀត ត្រូវធ្វើការព្រមាន ផាកពិន័យ និងចាត់វិធានការតាមផ្លូវច្បាប់។
៤- គណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ទាំង១២ ក្នុងក្រុងសៀមរាប ត្រូវធ្វើការផ្សព្វផ្សាយបទបញ្ជានេះ ឱ្យបានទូលំទូលាយ ជូនប្រជាពលរដ្ឋ ដើម្បីចូលរួមអនុវត្តឱ្យបានល្អប្រសើរ។
៥- បទបញ្ជានេះ មានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ…៕