បន្ទាប់ពីមានការព្យាករណ៍ពាក់ព័ន្ធនឹងហាងឆេងមាសថា នឹងហក់ឡើងនៅឆ្នាំ២០១៦ គេចាប់ផ្ដើមសម្គាល់ថាតម្លៃមាសនៅតែបន្តហក់ឡើង ដោយស្ថានភាពនៃការស្ទុះឡើងនេះ មិនមែនដោយសារតែចិន និងឥណ្ឌាមានតម្រូវការមាសច្រើនដូចពេលមុនទាំងស្រុងនោះទេ ប៉ុន្តែវាជាចំហាយដែលនៅអឺរ៉ុបមានការបែកខ្ញែកក្រោយពីអង់គ្លេសដើរចេញពីទីផ្សារអ៊ឺរ៉ុបរួម ដែលនាំអោយ មាសត្រូវគេទិញស្ដុកទុកជំនួសអោយប្រាក់ដុល្លារ និងប្រាក់អឺរ៉ុបដើម្បីសុវត្ថិភាព។ ស្ថានភាពនេះហើយដែលគេឃើញទីផ្សារមាសនៅក្នុងប្រទេសកម្ពុជាមានការហក់ឡើង ដែលធ្វើអោយចលនាលក់មានកម្រិតខ្ពស់ជាងទិញចូលរបស់អ្នកនិយមប្រើប្រាស់មាស។
មិនខុសពីការព្យាករណ៍របស់ធនាគារ HSBC ដែលជាធនាគារផ្គត់ផ្គង់មាសធំមួយរបស់ពិភពលោក កាលពីចុងឆ្នាំ២០១៥ ពេលនេះតម្លៃមាសពិតជាបានហក់ឡើងមែននៅលើពិភពលោក។ ឈានដល់ខែពាក់កណ្ដាលខែ៨ ក្នុងឆ្នាំនេះ ស្ថានភាពចាប់ផ្ដើមប្រសើរឡើងដោយសារតែកាលពីឆ្នាំ២០១៥តម្លៃមាន គឺត្រឹមតែ១១៦០ដុល្លារប៉ុណ្ណោះក្នុងមួយអោន(៨ជី៣ហ៊ុន)តែពេលនេះឈានឡើងខុសគ្នាដាច់ឆ្ងាយ។ ចាប់តាំងពីដើមឆ្នាំ២០១៦តម្លៃមាសមានការស្ទុះឡើងបន្តិចម្ដងៗ ដោយគ្រាន់តែក្នុងពេលខ្លះក៏មានការធ្លាក់ឡើងៗមិនសូវទៀងទាត់ដែលធ្វើអោយមានការពិបាកប៉ាន់ស្មាន។ យ៉ាងណាមិញ ចាប់តាំងពីទីផ្សាររួមនៅអ៊ឺរ៉ុបមានភាពរង្គោះរង្គើរ ផ្សារហ៊ុននៅក្នុងបណ្ដាប្រទេសភាគច្រើននៅអ៊ឺរ៉ុបត្រូវគេកត់សម្គាល់ថាធ្លាក់ចុះ ហើយតម្លៃមាសចាប់ផ្ដើមស្ទុះឡើង។ ជាក់ស្ដែងគ្រាន់តែប្រទេសអង់គ្លេសប្រកាសដកខ្លួនពីទីផ្សារនៅអ៊ឺរ៉ុបភ្លាម តម្លៃមាសហក់ខ្ពស់តែម្ដង ដោយកើនដល់មួយជីជាង១៦០០ដុល្លារ ដែលនេះគឺជាតម្លៃស្ទុះខ្ពស់ជាថ្មី។ មានការបញ្ជាក់ថាហេតុផលផលទីផ្សារអ៊ឺរ៉ុបមានវិបត្តិគឺជាអ្វីដែលធ្វើអោយទំនុកចិត្តលើប្រាក់អ៊ឺរ៉ូ និងលើប្រាក់ផោនជាដើមមានការប្រែប្រួល ហើយបានរុញអោយអ្នកមានធំៗងាកទៅមាសដើម្បីស្ដុកទុកជាជំនួសវិញ ទើបបណ្ដាលអោយតម្លៃមាសហក់ឡើង។ ផ្អែកតាមរបាយការណ៍ដែលធ្លាប់បញ្ចេញដោយធនាគារ HSBC បានព្យាការណ៍ត្រឹមថាតម្លៃមាសក្នុងឆ្នាំ២០១៦ នឹងមានតម្លៃត្រឹមតែ១០២៥ដុល្លារក្នុងមួយអោនប៉ុណ្ណោះនៅពាក់កណ្ដាលឆ្នាំ និង១២៧៥ដុល្លារក្នុងមួយអោន(៨ជី៣ហ៊ុន)នៅមុនដំណាច់ឆ្នាំ២០១៦។ ប៉ុន្តែលើសពីការរំពឹងទុកគិតត្រឹមថ្ងៃទី៩ សីហា ម្សិលមិញ គឺតម្លៃមាសបានកើនដល់១៦១០ដុល្លារក្នុងមួយដំឡឹងទៅហើយ ក្នុងពេលដែលភាពជាក់ស្ដែងគឺតម្លៃនេះនឹងបន្តហក់ឡើង។ របាយការណ៍នោះ បានព្យាករណ៍កាលពីឆ្នាំ២០១៥ថា តម្លៃមាសនឹងឈានដល់មួយជីជាង១៥៣ដុល្លារ និងបន្តឡើងដល់ជាង១៥៦ដុល្លារក្នុងឆ្នាំ២០១៧។ អ៊ីចឹងហើយទើបគេមើលឃើញថាបញ្ហាវិបត្តិនៅអ៊ឺរ៉ុបគឺអ្វីដែលធ្វើអោយតម្លៃមាសហក់ឡើងលើសពីការរំពឹងទុក ដោយសារតែបណ្ដាក្រុមហ៊ុនភាគច្រើនគេបានបញ្ចេញប្រាក់អ៊ឺរ៉ូ ប្រាក់ផោន និងប្រាក់ដុល្លារយកទៅទិញមាសដើម្បីសុវត្ថិភាពជាជំនួស។
លោកហេង ឆៃទិត្យម្ចាស់ហាងមាសឆេង ឆៃទិត្យ បានអះអាងថា តម្លៃមាសក្នុងប៉ុន្មានថ្ងៃនេះ បានឡើងដល់មួយតម្លឹងជាង១៦០០ដុល្លារ ក្នុងពេលដែលទីផ្សារជាក់ស្ដែង ក៏បានឈានឡើងមួយដុល្លារទៅ២ដុល្លារជារៀងរាល់ថ្ងៃ ផ្អែកតាមទីផ្សារអន្តរជាតិ។ នេះជាទីផ្សារស្ទុះឡើងដែលលោកបានកត់សម្គាល់ឃើញថាមានភាពខុសគ្នាបើធៀបនឹងអំឡុងឆ្នាំ២០១៤ និង២០១៥ដែលមួយថ្ងៃត្រូវគឺបែរជាត្រូវដាក់ផ្លាកចុះថ្លៃពីមួយដុល្លារទៅ២ដុល្លារនោះ។ លោកថា តម្រូវការមាសចាប់ផ្ដើមប្រែប្រួល ដោយលោកមិនទាន់ដឹងនោះគឺបណ្ដាលមកពី បញ្ហាអ្វីអោយប្រាកដឡើយ។ លោកថាតម្លៃ មាសនឹងអាចហក់ដល់ជិតៗនឹង២០០ដុល្លារក្នុងមួយជីក៏ថាបានប្រសិនបើសន្ទុះកើនឡើងនៅតែល្អដូចប៉ុន្មានថ្ងៃចុងក្រោយ។
អ្នកកាន់ស្ដុកមាសប្រចាំនៅក្រុមហ៊ុនលីហួរ អ្នកស្រី អ៊ី សុខ បានថ្លែងប្រាប់ថាតម្លៃមាសដុំលក់ចេញនៅក្នុងហាងលីហូរ មានតម្លៃមួយតម្លឹង១៥៩៥ដុល្លារសម្រាប់ការទិញចូល និងមួយតម្លឹង១៦១០ដុល្លារ សម្រាប់លក់ចេញ(គិតត្រឹមថ្ងៃទី៩ ខែសីហា)។ អ្នកស្រីថា តម្លៃនេះបើធៀបនឹងទីផ្សារមាសទូទៅគឺមានកម្រិតខ្ពស់ជាងដោយសារតែហាងលីហួរលក់តែមាសដុំពីនាយនាំយកពីអន្តរជាតិ គឺមិនមែនលក់មាសគីឡូកែច្នៃ ជាមួយនឹងល្បាយលោហៈផ្សេងនៅពេលកែច្នៃជាគ្រឿងអលង្ការ។ អ្នកស្រីនិយាយថា«សម្រាប់ហាងឆេងមាស គឺលីហូរមានតម្លៃខ្ពស់ជាងគេបន្តិចហើយ ព្រោះយើងលក់មាសដុំ អត់ទាន់កែច្នៃ ចំណែកមាសគីឡូច្នៃហើយ ដាច់ខាតត្រូវតែលក់ទាបជាងមាសដុំ ព្រោះដើម្បីកែច្នៃហើយគឺលុះត្រាតែលាយប្រាក់ និងផ្លាទីនអីសិន!»។ អ្នកស្រីថាហេតុផលនៃការហក់ឡើងហើយមើលទៅមិនមានចលករដែលអាំចធ្លាក់ចុះមកវិញឆាប់ៗ គឺដោយសារតែ មានបញ្ហាធ្លាក់ចុះរូបិបប័ណ្ណប្រាក់អ៊ឺរ៉ូ និងប្រាក់ផោននោះហើយ។ លោកស្រីមិនដឹងថាការចាកចេញរបស់ប្រទេសអង់គ្លេសបានជះឥទ្ធិពលអ្វីខ្លះខ្លះដល់ទីផ្សារមាសនោះទេ តែបើផ្អែកតាមភាពជាក់ស្ដែងគឺតម្លៃមាេសមានការឡើងខ្លាមង។ យ៉ាងណាមិញ អ្នកស្រីនៅតែបញ្ជាក់ជារបៀបព្យាករណ៍ថា«មាសយើងអត់អាចមើលដឹងទេអូន ព្រោះអ្វីៗវាត្រូវលក់ដូរផ្អែកតាមតម្រូវការអន្តរជាតិ ប៉ុន្តែបើយើងមើលជាក់ស្ដែង តម្លៃវាឥឡូវកើនឡើងមែនទែន ដែលតាមមើលនឹងកើនឡើងទៀតដោយសារតែប៉ុន្មានថ្ងៃហាងឆេងវាល្អ!»។
តាមរបាយការណ៍របស់ធនាគារ HSBC ប្រទេសឥណ្ឌា និងចិន ជាអ្នកធ្វើឲ្យតម្រូវការមាសនៅលើពិភពលោកកើនឡើង បន្ទាប់ពីប្រទេសទាំងពីរបានបង្កើនតម្រូវការហួសពីការស្មាននាពេលចុងក្រោយ ក្នុងពេលដែលពលរដ្ឋនៃប្រទេសទាំងពីរ មានប្រជាជនរហូតដល់២ភាគ៣នៅលើពិភពលោកដែលត្រូវការមាស ចាប់ផ្ដើមអោយតម្លៃលើការទិញដូរគ្រឿងអលង្ការ។ របាយការណ៍នោះបានអះអាងថា ពលរដ្ឋចិន និងឥណ្ឌា គឺជាជនជាតិដែលចូលចិត្តគ្រឿងអលង្ការមាស ដូច្នេះបើប្រទេសទាំងពីរមានសេដ្ឋកិច្ចហក់ឡើងគឺមានន័យថាតម្រូវការមាសក៏កើន។ បន្ថែមពីលើរបាយការណ៍នេះ អ្នកសេដ្ឋក៏មើលឃើញបញ្ហាចំបងមួយថ្មីដែលធ្វើអោយតម្លៃមាសកើនឡើងគឺវិបត្តិផ្សារហ៊ុនក្រោយពីអង់គ្លេសចាកចេញពីផ្សាររួមនៅអ៊ឺរ៉ុបនោះតែម្ដង៕
ដោយ ៖ ប៉េងលី