ភ្នំពេញ៖ ចំពោះការថែទាំសុខភាពដល់កុមារនៅមន្ទីរពេទ្យគុន្ធបុប្ផា ភ្នំពេញ ថ្ងៃទី 12 ខែ កុម្ភៈ ឆ្នាំ2018 Grab ដែលជាក្រុមហ៊ុនផ្គត់ផ្គង់តម្រូវការសេវាកម្មធ្វើដំណើរ និងការទូទាត់ប្រាក់ចល័តតាមទូរស័ព្ទ ឈានមុខគេនៅតំបន់អាស៊ីគ្នេយ៍នៅថ្ងៃនេះ បានធ្វើការប្រកាសពីការបើកដំណើរការកម្មវិធីសប្បុរសធម៌ ដោយបានចាប់ដៃគូជាមួយនឹងមន្ទីរពេទ្យគន្ធបុប្ផា។ ចាប់ពីថ្ងៃទី12 ខែកុម្ភៈ ដល់ថ្ងៃទី16 ខែមេសា ឆ្នាំ2018 ក្រុមហ៊ុន Grab នឹងចូលរួមបរិច្ចាគទឹកប្រាក់ចំនួន $1 តាមរយៈការប្រើប្រាស់កូដ KANTHA ទៅដល់មន្ទីរពេទ្យគន្ធបុប្ផា។ ថវិការដែលប្រមូលបាន នឹងយកទៅចូលរួមឧបត្ថម្ភដល់ការថែទាំសុខភាពសម្រាប់កុមារ ដែលមានការខ្វះខាត។ ការចាប់ផ្ដើមកម្មវិធីបរិច្ចាគនេះ ត្រូវបានធ្វើឡើងនៅមន្ទីរពេទ្យគន្ធបុប្ផា ក្រោមអធិបតីភាពរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ដែលជាទេសរដ្ឋមន្តី្រ និងរដ្ឋមន្រ្តីក្រសួសាធារណការ និងដឹកជញ្ជូន រួមជាមួយ លោកវេជ្ជបណ្ឌិត Denis Laurent ដែលជាអនុប្រធានមន្ទីរពេទ្យគន្ធបុប្ផា។
លោក Wee Tang Yee ជាប្រធានក្រុមហ៊ុន Grab ប្រចាំប្រទេសថៃនិងកម្ពុជា បានមានប្រសាសន៍ថា “បេសកកម្មរបស់ Grab គឺដើម្បីលើកកម្ពស់ជីវភាពរស់នៅតាមរយៈបច្ចេកវិទ្យារបស់យើង” ។ លោកបានបន្តថា “ក្នុងនាមជាក្រុមហ៊ុនដែលមានមូលដ្ឋានក្នុងស្រុកមួយ យើងប្តេជ្ញាគាំទ្រដល់ការអភិវឌ្ឍន៍ក្នុងរយៈពេលវែង និងលើកកម្ពស់ជីវភាពរបស់ប្រជាជនកម្ពុជា។ យើងមានការជឿជាក់នៅក្នុងកិច្ចសហការជាមួយដៃគូក្នុងស្រុក និងភាគីពាក់ព័ន្ធ ដើម្បីជំរុញឱ្យមានការរីកចម្រើននៅក្នុងប្រទេស និងនៅទូទាំងប្រទេស ដែលជាសមាជិកអាស៊ាន។ មន្ទីរពេទ្យគន្ធបុប្ផា ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយ នូវកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន នៅក្នុងការជួយដល់កុមារដែលត្រូវការជំនួយ។ យើងពិតជារីករាយណាស់ ដែលអាចចូលរួមចំណែកនៅក្នុងបេសកកម្មដ៏ឧត្ដុង្គឧត្ដមរបស់មន្ទីរពេទ្យ តាមរយៈការបើកឱ្យដំណើរការកម្មវិធីបរិច្ចាគរបស់យើង “។
លោកវេជ្ជបណ្ឌិត Denis Laurent ដែលជាអនុប្រធានមន្ទីរពេទ្យគន្ធបុប្ផា បានមានប្រសាសន៍ថា “ជារៀងរាល់ឆ្នាំមានកុមាររាប់លាននាក់បានឆ្លងកាត់ទ្វារមន្ទីរពេទ្យ ដើម្បីស្វែងរកការព្យាបាលដែលមានគុណភាពខ្ពស់។ ដោយសារតែមានការគាំទ្រពីដៃគូដូចជា Grab យើងអាចបន្តផ្តល់ការព្យាបាលដោយឥតគិតថ្លៃដល់កុមារដែលឪពុកម្តាយរបស់ពួកគេមិនអាចមានលទ្ធភាពក្នុងការចំណាយ។ យើងពិតជារំភើបចំពោះការឧបត្ថម្ភគាំទ្ររបស់ Grab និងបេសកកម្មរបស់ក្រុមហ៊ុននេះក្នុងការកែលំអជីវភាពរស់នៅរបស់ប្រជាជនរបស់យើង “។
ក្រោមអធិបតីភាពរបស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងការចូលរួមបើកកម្មវិធីប្រកាសរបស់ Grab ក្នុងការឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យ លោកបានមានប្រសាសន៍ថា”ក្រសួងសាធារណការ និងដឹកជញ្ជូន ពិតជាពេញចិត្តចំពោះ Grab ដែលជាក្រុមហ៊ុនដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលចូលរួមគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងនាមជាក្រុមហ៊ុនមួយដែលមានទំនួលខុសត្រូវ។ ការទទួលខុសត្រូវចំពោះសង្គមដ៏ខ្ពង់ខ្ពស់នេះ នឹងផ្តល់ប្រយោជន៍យ៉ាងច្រើនដល់កុមារកម្ពុជា ដែលកំពុងតែត្រូវការការថែទាំសុខភាព។ ក្រសួងកំពុងទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយ Grab តទៅថ្ងៃមុខទៀតសម្រាប់ការអភិវឌ្ឍន៍នាពេលអនាគត”។
មន្ទីរពេទ្យគន្ធបុប្ផា បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជួយដល់គ្រួសារដែលពុំមានលទ្ធភាពទទួលបានការព្យាបាលវេជ្ជសាស្រ្តសម្រាប់កូនចៅរបស់ពួកគេអស់ជាច្រើនទសវត្សមកហើយ ហើយក៏បានក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់កុមារក្រីក្រនៅកម្ពុជាដែលកំពុងស្វែងរកការព្យាបាលដែលមានគុណភាពល្អ។ មន្ទីរពេទ្យនេះបានផ្ដល់ការថែទាំដល់កុមារដែលសម្រាកព្យាបាលជម្ងឺជិតមួយលាននាក់ និងបានព្យាបាលកុមារដែលមានជម្ងឺជាង 100.000 នាក់នៅក្នុងឆ្នាំ 2017 ។
ដើម្បីចូលរួមក្នុងការបរិច្ចាគនេះ អ្នកប្រើប្រាស់កម្មវិធី Grab អាចបញ្ចូលនូវកូដ KANTHA នៅពេលធ្វើការកក់រថយន្ត Grab សំរាប់ធ្វើដំណើរចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ ដែលជាថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំខ្មែរ។ Grab នឹងបរិច្ចាគទឹកប្រាក់ $1 ទៅកាន់មូលនិធិគន្ធបុប្ផា សម្រាប់រាល់ការធ្វើដំណើរជាមួយ Grab៕
សម្រាប់ពត៌មានបន្ថែមអំពី Grab សូមចូលទៅកាន់វេបសាយ https://www.grab.com/kh/