Monday, October 6, 2025
Homeព័ត៌មានជាតិមិនគួរឲ្យជឿ!!! ឈឺដេកកន្ទេល៣០ឆ្នាំ ផឹកដូងខ្ចី៨ផ្លែ ជាសះស្បើយ ពេលនេះក្លាយជាគ្រូល្បី

មិនគួរឲ្យជឿ!!! ឈឺដេកកន្ទេល៣០ឆ្នាំ ផឹកដូងខ្ចី៨ផ្លែ ជាសះស្បើយ ពេលនេះក្លាយជាគ្រូល្បី

ខេត្តកំពង់ស្ពឺ ៖ បុរសវ័យចំណាស់ម្នាក់នេះ នៅមានកម្លាំងពេញបរិបូរណ៍សុខៗ ក៏ស្រាប់កើតអាការៈឈឺដេកដួលនៅលើកន្ទេលតែមួយកន្លែង ឱ្យប្រពន្ធកូនមើលថែបម្រើអស់រយៈពេល៣០ឆ្នាំ លុះចុងក្រោយ នឹកឃើញឃ្លានដូងខ្ចី ក៏ប្រើកូនឱ្យទៅទិញមកផឹកអស់៨ផ្លែ រួចក៏មានកម្លាំងក្រោកដើររួច និងថែមទាំងអាចព្យាបាលជំងឺជាច្រើនមុខយ៉ាងពូកែស័ក្តិសិទ្ធទៀតផង ជាហេតុធ្វើឱ្យអ្នកភូមិជិតឆ្ងាយមានការភ្ញាក់ផ្អើល និងចេញចូលមកពឹងពរឱ្យជួយមិនដាច់។

បុរសដែលធ្លាក់ខ្លួនឈឺដេកកន្ទេល៣០ឆ្នាំ ស្រាប់តែត្រូវថ្នាំដូងខ្ចី៨ផ្លែ បែរជាក្រោកដើររួច និងថែមទាំងចេះជំនាញព្យាបាលជំងឺទៀតនេះ មានឈ្មោះពត ពឿន អាយុ៥៨ឆ្នាំ សព្វថ្ងៃរស់នៅភូមិស្តកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គ។

លោកពត ពឿន បានរៀបរាប់ប្រាប់ថា គាត់មានឪពុកឈ្មោះហង ពត ម្តាយឈ្មោះសួន ហួន និងមានបងប្អូនចំនួន១១នាក់ ចំណែកគាត់គឺជាកូនទី៦ក្នុងគ្រួសារ។ ក្រោយពីធំពេញវ័យកំលោះ គាត់ក៏បានរៀបការប្រពន្ធឈ្មោះហុង រឿន អាយុប្អូនគាត់១ឆ្នាំ និងបានរួមរស់បង្កើតកូនបានចំនួន៧នាក់ ជាចំណងនិស្ស័យ។ តាំងពីក្មេងរហូតដល់មានគ្រួសារ ប្រពន្ធកូនគាត់មិនធ្លាប់មានជំងឺអ្វីធ្ងន់ធ្ងរនោះទេ គឺសុខភាពល្អមាំមួនខ្លាំងណាស់ អាចធ្វើការងារស្រែចម្ការបាន និងថែមទាំងមានកម្លាំងរកកូនឱ្យប្រពន្ធបានដល់ទៅ៧នាក់ទៀតផង។

លោកពត ពឿន បានបន្តថា ស្រាប់តែថ្ងៃមួយ នៅកំណើតកូនពៅទី៧នេះ គាត់បានទៅស្រែដូចសព្វដង និងបានយកចបកាប់ កាប់លើកភ្លឺស្រែមួយនៅក្បែរភូមិ ស្រាប់តែភ្លាមនោះ ដូចជាមានអ្វីម៉្យាងធំធ្លាក់មកលើខ្លួនគាត់ តែពេលគាត់ក្រឡេករកមើលមិនឃើញមានអ្វីសោះ ហើយភ្លាមនោះ គាត់នៅតែបំពេញការងារតាមធម្មតា រហូតដល់ល្ងាច ទើបដើរត្រឡប់មកផ្ទះវិញ លុះដេកមួយយប់ ព្រឹកឡើង ជើងរបស់គាត់ចាប់ផ្តើមកម្រើកលែងបាន ដូចជាមានរបស់អ្វីធ្ងន់មកសង្កត់ពីលើដៃជើងខ្លួនប្រាណរបស់គាត់ ធ្វើឱ្យគាត់ក្រោកដើរលែងរួចតាំងពីថ្ងៃនោះមក ពោលគឺដេកដួល បាយទឹក អាចម៍នោម តែមួយកន្លែង ធ្វើឱ្យប្រពន្ធកូនលំបាកមើលថែរហូតមក។

លោកពត ពឿន បានឱ្យដឹងទៀតថា តាំងពីថ្ងៃនោះ មកទោះជាប្រពន្ធខំទៅរកគ្រូពេទ្យមកពិនិត្យព្យាបាលយ៉ាងណា ក៏មិនបានលទ្ធផលអ្វីសោះ ហើយពេលនាំគាត់ទៅពេទ្យថតឆ្លុះ ក៏មិនដឹងថាមានជំងឺអ្វីឱ្យប្រាកដដែរ ទើបធ្វើឱ្យគាត់រស់នៅប្រៀបបានគល់ឈើ សល់តែដង្ហើមដក ដៃជើងចង់ក្រោក លើកកាន់ចាប់អ្វីក៏មិនបាន ពោលគឺរស់នៅលំបាកវេទនាជាងស្លាប់អស់រយៈពេល៣០ឆ្នាំមកហើយ។ នៅអំឡុងពេលឈឺដេកលើកន្ទេលនេះ គាត់បានស្គាល់អស់ហើយឋានសួគ៌ ឋាននរក ព្រះឥន្ទព្រះព្រហ្ម ខ្មោចព្រាយបីសាច ហោះហើរកាត់មុខគាត់ជារៀងរាល់ថ្ងៃ។

លោកពត ពឿន បានបញ្ជាក់ថា លុះមកដល់មួយរយៈមុននេះ នៅដេកលើកន្ទេលសុខៗ គាត់ក៏មានអារម្មណ៍នឹកឃ្លានដូងខ្ចីខ្លាំងណាស់ រហូតដល់ទ្រាំមិនបាន ក៏ប្រើកូនឱ្យទៅទិញដូងខ្ចីធំៗ ចំនួន៨ផ្លែមកឱ្យគាត់ ហើយកាប់យកទឹក និងសាច់មកឱ្យគាត់ផឹកទាំង៨ផ្លែ ស្រាប់តែពេលនេះ គាត់ផឹកទឹកដូង និងហូបសាច់ដូងរហូតដល់អស់៨ផ្លែ ក្នុងពេលតែមួយ ហើយគាត់ក៏នឹកឆ្ងល់ដែរថា ហេតុអ្វីគាត់ផឹកទឹកដូង និងហូបសាច់ដូងច្រើនបែបនេះ តើយកទៅទុកនៅកន្លែងណា បើពោះគាត់មានតែប៉ុណ្ណឹងសោះ។ បន្ទាប់ពីហូបដូងអស់៨ផ្លែហើយ គាត់ក៏សម្រាន្តលក់ទៅ លុះពេលក្រោក ដឹងខ្លួនឡើងវិញ ស្រាប់តែដៃជើងរបស់គាត់កម្រើកបាន និងថែមទាំងមានកម្លាំងកំហែង ក្រោកដើរទៅមក ធ្វើអ្វីបានដូចមនុស្សធម្មតាទូទៅដែរ គ្រាន់តែមិនមានកម្លាំងពេញដូចកាលពីមុននោះទេ។ មិនតែប៉ុណ្ណោះ គាត់ថែមទាំងដូចជាមានអ្វីមកប្រាប់ឱ្យចាំក្នុងចិត្ត ក្នុងអារម្មណ៍ ដឹងពីវិធី និងថ្នាំព្យាបាលជំងឺជាច្រើនមុខ ដូចជាជំងឺមហារីក ជំងឺឈាមសស៊ីឈាមក្រហម និងជំងឺផ្សេងៗទៀត ទើបគាត់បានប្រាប់ឱ្យប្រពន្ធរៀបចំអាសនៈឱ្យគាត់ ដើម្បីគាត់ជួយព្យាបាលជំងឺជូនមនុស្សម្នាទូទៅបន្តទៀតតែម្តង។

អ្នកស្រីហង្ស រឿន ត្រូវជាប្រពន្ធលោកពត ពឿន បានឱ្យដឹងថា ប្តីគាត់តាំងពីចាប់ដៃគ្នាមក កម្លាំងកំហែងល្អគ្រាន់បើណាស់ ពុំនោះទេ មិនមែនមានកូនដល់ទៅ៧នាក់ទេ ស្រាប់តែនៅសុខៗ ប្តីគាត់ក៏ដេកដួលលើកន្ទេលក្រោកមិនរួច បាយទឹក អាចម៍នោម មួយកន្លែង គិតទៅមានរយៈពេល៣០ឆ្នាំឯណោះ ទោះជារកគ្រូពេទ្យ គ្រូខ្មែរ ពិនិត្យព្យាបាល ទស្សន៍ទាយមើលយ៉ាងណា ក៏មិនដឹងពីមុខជំងឺឱ្យពិតប្រាកដសោះ ធ្វើឱ្យគាត់រស់នៅតាមបម្រើមើលថែប្តីដូចកូនក្មេងអស់ពេល៣០ឆ្នាំ។ ទីបំផុត ក្រោយពីប្តីទារហូបដូងខ្ចីអស់៨ផ្លែ ស្រាប់តែប្តីគាត់អាចក្រោកដើររួច ដូចមនុស្សគ្មានជំងឺ ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលបំផុតនោះ គឺពេលជាឡើងវិញ ប្តីគាត់ស្រាប់តែចេះព្យាបាលជំងឺជាច្រើនមុខ ទើបគាត់បានរៀបចំអាសនៈឱ្យប្តីឱ្យបានសមរម្យ ដើម្បីឱ្យជួយពិនិត្យព្យាបាលជំងឺឱ្យគេឯងបន្តទៀត ហើយរាល់ថ្ងៃនេះឃើញថា មានមនុស្សម្នាចេញចូលពឹងពរឱ្យប្តីរបស់គាត់ជួយមិនដាច់៕

RELATED ARTICLES