Tuesday, October 7, 2025
Homeព័ត៌មានជាតិគួរឱ្យសង្វេគ!!! ក្មេងប្រុសមានសតិមិនល្អ ត្រូវឪពុកម្តាយដឹកពីខេត្តព្រះសីហនុ មកបំបរបង់ចោលនៅភ្នំពេញ ដាច់បាយដាច់ទឹក មូលខាំសុសខ្លួន

គួរឱ្យសង្វេគ!!! ក្មេងប្រុសមានសតិមិនល្អ ត្រូវឪពុកម្តាយដឹកពីខេត្តព្រះសីហនុ មកបំបរបង់ចោលនៅភ្នំពេញ ដាច់បាយដាច់ទឹក មូលខាំសុសខ្លួន

ភ្នំពេញ ៖ ក្មេងប្រុសអាយុ១០ឆ្នាំម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអង្គុយយំនៅទីងងឹត និងមានមូសរោមខាំគួរឱ្យសង្វេគ លុះសួរនាំ ទើបដឹងថា ក្មេងប្រុសរូបនេះជាមនុស្សមានខួរក្បាលមិនសូវល្អ ទើបត្រូវឪពុកម្តាយដឹកចេញពីផ្ទះឯខេត្តព្រះសីហនុ យកមកបំបរបង់ចោលនៅរាជធានីភ្នំពេញ ធ្វើឱ្យក្មេងប្រុសរងគ្រោះដើរតែលតោលគ្មានទីដៅ ដាច់បាយដាច់ទឹក យប់កន្លែងណាដេកកន្លែងហ្នឹង គួរឱ្យអាសូរ។

ករណីប្រទះឃើញក្មេងប្រុសអង្គុយយំទាំងមូសរោមខាំសុសខ្លួននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចស្ថានីយប្រេងឥន្ធនៈស៊ូគីម៉ិច ច្រមុះជ្រូកក្បាលថ្នល់ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

ក្មេងប្រុសអភ័ព្វដែលត្រូវម្តាយឪពុកដឹកមកបំបរបង់ចោល មានឈ្មោះឆៃ ប៊ុនឈីន អាយុ១០ឆ្នាំ មានស្រុកកំណើតនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាកូនទី២ ក្នុងចំណោមបងប្អូន៣នាក់ (ប្រុស២ ស្រី១) និងមានឪពុកឈ្មោះដាំ ដូង ម្តាយឈ្មោះយឹម សុភា។

តាមសម្តីក្មេងប្រុសអភ័ព្វខាងលើ បានរៀបរាប់ទាំងអារម្មណ៍ក្តុកក្តួលថា រូបគេត្រូវបានឪពុកម្តាយនាំចេញពីផ្ទះឯក្រុងព្រះសីហនុ មកដល់ភ្នំពេញ អស់រយៈពេល៤ថ្ងៃកន្លងមកហើយ ហើយមូលហេតុដែលឪពុកម្តាយរបស់គេនាំរូបគេមកបំបរបង់ចោលនេះ ក៏ព្រោះតែរូបគេជាមនុស្សដែលមានខួរក្បាលមិនសូវល្អ មិនសូវមានការចងចាំ ពេលដែលឪពុកម្តាយប្រើរូបគេទៅទិញស្ករ បានប៊ីចេង ឬក៏ឱ្យទៅទិញនេះបាននោះ ទើបធ្វើឱ្យឪពុកម្តាយមិនសូវពេញចិត្ត រហូតដល់ដាច់ចិត្តនាំរូបគេជិះរថយន្តតាក់ស៊ីពីក្រុងព្រះសីហនុ មកភ្នំពេញ ចំណែកបងប្អូនគេ២នាក់ទៀតមិនបានយកមកជាមួយទេ។

ក្មេងប្រុសខាងលើ បានបន្តថា នៅពេលជិះរថយន្តមកដល់ភ្នំពេញ រូបគេនិងឪពុកម្តាយបាននាំគ្នាចុះពីលើរថយន្ត ហើយឪពុកម្តាយបានឱ្យរូបគេដើរពីខាងមុខ ចំណែកពួកគាត់ (ឪពុកម្តាយ) ដើរតាមក្រោយ លុះពេលដើរបានបន្តិច ស្រាប់តែបាត់ឪពុកម្តាយរកលែងឃើញតែម្តង ទើបធ្វើឱ្យរូបគេចេះតែដើររសាត់អណ្តែតគ្មានគោលដៅ គ្មានទីពឹង ដាច់បាយដាច់ទឹក អស់ពេល៤ថ្ងៃមកហើយ ហើយនៅពេលយប់កន្លែងណា ដេកកន្លែងហ្នឹងតែម្តង។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ប្រាប់ថា បន្ទាប់ពីប្រជាពលរដ្ឋប្រទះឃើញកុមារាខាងលើអង្គុយយំ និងមានមូសរោមខាំពេញខ្លួនទាំងយប់អធ្រាត្របែបនេះ សមត្ថកិច្ចក៏បានចុះទៅសួរនាំ ទើបដឹងថា ក្មេងប្រុសរូបនេះត្រូវបានឪពុកម្តាយយកបោះបង់ចោល។ បន្ទាប់មកសមត្ថកិច្ចបានដឹកក្មេងប្រុសខាងលើទៅសម្រាកនៅប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវ ជាបណ្តោះអាសន្នសិន ដើម្បីធ្វើការស្រាវជ្រាវរកឪពុកម្តាយសួរនាំឱ្យបានច្បាស់លាស់។

ជុំវិញករណីខាងលើនេះ “នគរធំ“ នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីឪពុកម្តាយរបស់ក្មេងប្រុសខាងលើបាននៅឡើយទេ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES