ខេត្តកោះកុង ៖ បុរសជាប្តីចិត្តកំណាចម្នាក់ ព្រោះតែភ្លើងប្រចណ្ឌដុតរោលពេញខ្លួន ធ្វើឱ្យក្រពុលមុខ រករឿងឈ្លោះប្រកែកតឹងសរសៃកដាក់គ្នាជាមួយប្រពន្ធ រួចក៏ដកកាំភ្លើងបាញ់ប្រហារប្រពន្ធចំនួន២គ្រាប់ បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមគួរឱ្យរន្ធត់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។
ជនដៃដល់ជាឃាតករដែលបាញ់សម្លាប់ប្រពន្ធរបស់ខ្លួន ព្រោះតែភ្លើងប្រចណ្ឌនេះ មានឈ្មោះសេង វិបុល អាយុ៥០ឆ្នាំ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះហាន ធឿន អាយុ៥១ឆ្នាំ។ ប្តីប្រពន្ធអ្នកទាំង២ មានលំនៅក្នុងភូមិកើតហេតុខាងលើ។
តាមប្រភពពីសាច់ញាតិស្ត្រីរងគ្រោះ បានឱ្យដឹងថា កន្លងមក ប្តីប្រពន្ធខាងលើរស់នៅមិនសូវចុះសម្រុងនឹងគ្នាប៉ុន្មានទេ ព្រោះតែបុរសជាប្តីជាមនុស្សមានចរិតឆេវឆាវ និងមានចិត្តប្រចែប្រចណ្ឌប្រពន្ធខ្លាំងណាស់ ហើយជារឿយៗតែងប្រើអំពើហិង្សាវាយដំប្រពន្ធជាញឹកញាប់ គ្រាន់តែមិនធ្លាប់កើតមានរឿងរ៉ាវធំដល់ថ្នាក់នេះទេ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ គេបានលាន់ឮសំឡេងប្តីប្រពន្ធជនរងគ្រោះបានឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃក មូលហេតុបណ្តាលមកពីរឿងប្រចណ្ឌ លុះមួយសន្ទុះក្រោយមក ស្រាប់តែលាន់ឮសំឡេងផ្ទុះអាវុធចំនួន២គ្រាប់ ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង នាំគ្នារត់ទៅមើល ស្រាប់តែប្រទះឃើញស្ត្រីរងគ្រោះជាប្រពន្ធបានដេកដួលស្លាប់ក្នុងថ្លុកឈាមទៅហើយ ចំណែកបុរសជាប្តីបានគេចខ្លួនបាត់ ធ្វើឱ្យកើតមានការផ្អើលឆោឡោរាយការណ៍ប្រាប់សមត្ថកិច្ចចុះជួយអន្តរាគមន៍។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ស្ត្រីរងគ្រោះបានទទួលរងការបាញ់ប្រហារចំនួន២គ្រាប់ បណ្តាលឱ្យស្លាប់នៅនឹងកន្លែង ដែលករណីនេះសង្ស័យបុរសជាប្តីគឺជាជនដៃដល់បាញ់សម្លាប់ប្រពន្ធ។
ជុំវិញករណីខាងលើនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ខ្លួនជនសង្ស័យជាប្តី នាំយកមកសាកសួរ និងចាត់ការតាមច្បាប់។
ដោយឡែក សពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕