ភ្នំពេញ ៖ ថ្មីៗនេះមានការភ្ញាក់ផ្អើលពេញ បណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីមានការបែកធ្លាយសារឆ្លើយឆ្លងស្នេហារវាងភិក្ខុសង្ឃមួយ អង្គ និងនារីម្នាក់ ដែលប្រើភាសា “អូន-បង” យ៉ាងផ្អែមរលួយ “បងនឹកតែអូនមួយគ្មានពីរ ទេ…” ជាដើម។
បន្ទាប់ពីបែកធ្លាយសារស្នេហារវាងលោកសង្ឃ និងស្រីស្នេហ៍ ដែលឆាត (Chat) សាសង គ្នាតាមប្រព័ន្ធហ្វេសប៊ុកនេះ ក្រសួងធម្មការ និងសាសនា បានចាត់ឱ្យថេរសភាសង្ឃ ស្រាវជ្រាវចាត់ការ ដើម្បីការពារកុំឱ្យបុគ្គលសង្ឃ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសព្រះពុទ្ធសាសនា។
សារឆ្លើយឆ្លងជាភាសាស្នេហា “អូន-បង” យ៉ាងផ្អែមល្ហែម រវាងលោកសង្ឃ និងស្រីស្នេហ៍ ដែលត្រូវបានបង្ហោះ ចែកចាយ (Share) ពេញ បណ្តាញសង្គមហ្វេសប៊ុក នោះ ភាគីព្រះសង្ឃ ដែលមានគណនីហ្វេសប៊ុកឈ្មោះ “ព្រះគ្រូសង្ឃ បាលវង្ឃ មាស-ឆុំ ស្វាយរៀង” បានសរសេរ ជាអាទិ៍ថា “នឹកតែអូនតែមួយគ្មានពីរទេ សុំ ពេលវេលានឹកអូនឱ្យច្រើនបានជាទីបំផុត”។
ភាគីស្រីតបថា “អរគុណបងសម្លាញ់”។
គណនីហ្វេសប៊ុកព្រះសង្ឃដដែលសរសេរ បន្តថា “បងមិនមែនសុំអូនទេណា គឺបងសុំ ពេលវេលាសម្រាប់នឹកអូន មិនដឹងពេលវេលា គេឱ្យឬមិនទេ”។
ភាគីស្រីឆ្លើយតបដោយសំណើច “ហិហិ” ទើបព្រះសង្ឃសរសេរបន្តថា “អូនជួយអង្វរ ពេលវេលាឱ្យបងផង”…។
ក្រៅពីសារឆ្លើយឆ្លងខាងលើ ក៏នៅមាន សារផ្អែមល្ហែមជាច្រើនទៀត រវាងព្រះសង្ឃ និង ស្រីស្នេហ៍ តាមគណនីហ្វេសប៊ុកខាងលើ ដូចជា ៖
-លោកសង្ឃ ៈ អូន ! បងមើលទៅអូន ដូចជាស្លក់មុខម៉េចចឹងអូន ហើយស្គមទៀត”។
-ស្រីស្នេហ៍ ៖ ហត់ណាស់ម៉ានថ្ងៃនេះ។
-លោកសង្ឃ ៖ អាណិតណាស់ម្ចាស់ថ្លៃ ខ្ញុំអើយ ទឹកមុខអូនដូចជាអត់សប្បាយអីសោះ។
-ស្រីស្នេហ៍ ៖ បងឯងដឹងទេថា មិត្តរបស់ អូនគេថាបងឯងហ្នឹងនៅឆ្ងាយណាស់។
-លោកសង្ឃ ៖ ឥឡូវគេថា បងនៅណា?
-ស្រីស្នេហ៍ ៖ ហើយគេថា អូនហ្នឹង ស្រលាញ់បងឯងតែម្នាក់ឯង អូនខ្ជិលនិយាយ ក៏ថាតាមតែតាមគេទៅ គ្មានអ្នកណាដឹងចិត្ត យើងដូចយើងដឹងទេបង បើគេមិនដឹងចឹងល្អ។
-លោកសង្ឃ ៖ នៅជិតនៅឆ្ងាយវាមិនសំខាន់ ទេអូន សំខាន់ត្រង់ចិត្តយើងជិតគ្នាបានហើយ។
-ស្រីស្នេហ៍ ៖ ហិហិ និយាយត្រូវទៀត ហើយបងឯង ឱ្យមេដៃ…។
ពាក់ព័ន្ធសារស្នេហាបែកធ្លាយខាងលើនេះ “នគរធំ” មិនទាក់ទងសុំការបំភ្លឺឆ្លើយតបពី ព្រះសង្ឃ និងស្ត្រីដែលមានរូបនៅក្នុងសារ ឆ្លើយឆ្លងតាមគណនីហ្វេសប៊ុកខាងលើ បានទេ កាលពីម្សិលមិញ។ ដូច្នេះ មិនដឹងថា គណនី ហ្វេសប៊ុកនោះពិត ឬក្លែងក្លាយ ឬមានអ្នក លួចបង្ខូចព្រះនាមព្រះសង្ឃ និងស្ត្រីនោះ ឬ យ៉ាងណាទេ។
ដោយឡែក លោកសេង សុមុនី អ្នកនាំ ពាក្យក្រសួងធម្មការ និងសាសនា បានបញ្ជាក់ ប្រាប់ “នគរធំ” នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ ថា ករណីនេះ ខាងក្រសួង បានប្រគល់ភារកិច្ច ឱ្យថេរសភាសង្ឃ ធ្វើការស្រាវជ្រាវហើយ ប៉ុន្តែ នៅទាន់បានលទ្ធផលវិជ្ជមាននៅឡើយ។
លោកសេង សុមុនី បានមានប្រសាសន៍ ថា “ទាក់ទងនឹងរឿងពាក់ព័ន្ធនឹងព្រះសង្ឃស្នេហា អូន-បងនេះ គឺព្រឹកមិញនេះ ក៏ទទួលព័ត៌មាន បានថា ខាងគណៈសង្ឃកំពុងសិក្សាស្រាវជ្រាវ នៅតាមថេរសភាសង្ឃ ដែលថេរសភាសង្ឃហ្នឹង មានថ្នាក់ថេរសភាសង្ឃស្រុក ថេរសភា សង្ឃ ខេត្ត ថេរសភាសង្ឃមជ្ឈិម គឺលោកកំពុងតែ សិក្សាស្រាវជ្រាវ ហើយនិងស្វែងរកការពិតនេះ បន្តិចទៀតនេះ លោកនឹងបំភ្លឺព័ត៌មាន បើសិន ជាក្នុងករណីបានព័ត៌មានយ៉ាងណា ហើយទាក់ទងនឹងរឿងស្នេហាអូន-បងនេះ វាពាក់ព័ន្ធ ទៅនឹងព្រះពុទ្ធសាសនា។ អ៊ីចឹងខាងធម្មការ គឺ ថា ទុកកាតព្វកិច្ចនេះថ្វាយខាងព្រះសង្ឃ ព្រោះ នៅក្នុងច្បាប់ បានចែងថា រាល់ការពាក់ព័ន្ធនឹង ព្រះវិន័យ ទុកឱ្យព្រះសង្ឃជាអ្នកសម្រេចមុន ហើយបានពិនិត្យមើលថាតើទោសហ្នឹង វាត្រូវ នឹងច្បាប់ណា? រដ្ឋប្បវេណី ឬក៏ក្រមព្រហ្មទណ្ឌ? ហ្នឹងបានខាងក្រសួងធម្មការ មន្ត្រីជំនាញរបស់ យើង មន្ទីរឬក៏ស្រុកហ្នឹង កសាងសំណុំរឿង បញ្ជូនទៅខាងអាជ្ញាធរមានសមត្ថកិច្ច ដូចជា តុលាការជាដើម។ ដូច្នេះព្រឹកមិញហ្នឹង ខ្ញុំក៏ទទួល បានព័ត៌មានអ៊ីចឹង តែវាពីរបីកន្លែង ហើយទន្ទឹម នេះ ខ្ញុំក៏បានទំនាក់ទំនងទៅគណៈសង្ឃ ថេរសភា ហ្នឹង លោកថា លោកកំពុងតែសិក្សា ដើម្បីឱ្យ បានជាក់លាក់ ព្រោះជួនកាលនៅក្នុងហ្វេសប៊ុក ហ្នឹងវាអាចដាក់ជារូបអ្នកនេះ ហើយសរសេរ ជាពាក្យអ្នកនោះ អីអ៊ីចឹងយកឈ្មោះគេមក ប្រើ អាចប៉ះពាល់ដល់កិត្តិយស ឬក៏ចង់វ៉ៃប្រហារ អ្នកណាមួយអ៊ីចឹងទៅ។ កន្លងមក យើងទទួល ព័ត៌មានរឿងហ្នឹងទាំងអស់គ្នា។ ដូច្នេះខាងគណៈសង្ឃថា លោកនឹងសិក្សាឱ្យដល់កម្រិតថា តើ រឿងហ្នឹងវាពិតមែន ឬក៏យ៉ាងម៉េច? ហើយក្នុង ករណីសុខចិត្ត ឬមិនសុខចិត្តយ៉ាងម៉េចនោះ គឺ ថា លោកនឹងសិក្សាជាមួយនឹងខាងសមត្ថកិច្ច តទៅទៀត ដែលមានជំនាញស្រាវជ្រាវ ដើម្បី បើកមើលអាខោនហ្នឹងហូរហែអីអ៊ីចឹងទៅជាកាតព្វកិច្ចរបស់លោក យើងក្រសួងក៏រង់ចាំថា តើភារកិច្ចហ្នឹង លោកអនុវត្តដល់ណាៗ យើង នឹងបន្តនីតវិធីខាងភារកិច្ចរបស់យើង ប៉ុន្តែជា ទូទៅ គឺគណៈសង្ឃយកចិត្តទុកដាក់ណាស់។ អ៊ីចឹងទេ យើងក៏មានការទុកចិត្ត ទុកព្រះទ័យ លើព្រះអង្គដែរ ព្រោះគណៈសង្ឃធំៗសុទ្ធតែ បណ្ឌិត សុទ្ធតែអ្នកប្រាជ្ញអីអស់ហើយ មិនឱ្យ មានការភ្លាំងភ្លាត់ក្នុងការសិក្សាស្រាវជ្រាវហ្នឹង ទេ។ ហើយមួយវិញទៀតនោះ វាជាចំណុច ជាក់ស្តែង កន្លងមក គឺមន្ត្រីសង្ឃធំៗក៏មានការ ប្រណិប័តន៍ហ្នឹងបានល្អប្រសើរ ហើយជួយសង្គម ច្រើនណាស់។ ដូច្នេះបើសិនជាចំណុចខ្វះខាត លោកនឹងកែតម្រូវ ឬក៏ធ្វើតាមវិន័យកម្មយ៉ាង ម៉េច ដើម្បីឱ្យបានសមរម្យ មិនឱ្យមានល្អក់កករ ដល់ពុទ្ធបរិស័ទដែលកំពុងតែមានជំនឿនោះទេ”។
លោកសេង សុមុនី បានបន្តថា “កន្លងមក យើងទទួលបានព័ត៌មានហូរហែតាមមន្ត្រីសង្ឃ តាមបណ្តាញសង្គម តាមសារព័ត៌មានហ្នឹង វា មានអន្លើៗទេ ចំណុចខ្វះខាត វាមានការថយ ចុះច្រើនទៅលើការខុសឆ្គងរបស់ព្រះសង្ឃ មាន តិចតួច ដូចជាក្លែងភេទ ដូចថា អ្នករែកដី អ្នក សុំទានអីអ៊ីចឹងទៅ ហើយដល់ថ្ងៃឡើង គាត់ ស្លៀកពាក់ស្បង់ចីពរអ៊ីចឹងទៅ ដើម្បីដើររក បិណ្ឌបាត ឬក៏រកលុយអ៊ីចឹងទៅ ហើយដល់យប់ ឡើង ក៏គាត់ដោះស្បង់ចីពរ។ ហើយមួយចំនួន ទៀត គឺថា ដើម្បីជារឿងជម្លោះ ឬក៏ជារឿង មុខមាត់អីយ៉ាងណាមួយ កិត្តិយសកេរ្តិ៍ឈ្មោះ ណាមួយ គាត់ក៏យកឈ្មោះព្រះសង្ឃអង្គនេះ ព្រះសង្ឃអង្គនោះ យកទៅវ៉ៃប្រហារអ៊ីចឹងទៅ ដើម្បីជារឿងបុគ្គល និងបុគ្គលផ្ទាល់ខ្លួន។ ដូច្នេះ សុំទុកចិត្តទុកថ្លើមលើសេចក្តីជ្រះថ្លារបស់ព្រះសង្ឃទាំងអស់ដែលលោកមានគុណធម៌ដ៏ប្រសើរ អាចគោរពប្រណិប័តន៍បាន ហើយសុំព្រះអង្គ បន្តការឃុំគ្រងធម៌វិន័យជាភិក្ខុសង្ឃហ្នឹង ឱ្យ មានសេចក្តីថ្លៃថ្នូរកាន់តែប្រសើរឡើងថែមទៀត ដើម្បីបំពេញសទ្ធាជ្រះថ្លាចំពោះបរិស័ទដែល កំពុងតែមានសេចក្តីជ្រះថ្លា ជាស្រែបុណ្យរបស់ ពុទ្ធបរិស័ទ។ ម៉្យាងទៀតនោះ គឺថាបើក្នុងករណី បុគ្គលលួចភេទ ក្លែងភេទ ឬក៏យកសាសនា សម្រាប់ធ្វើអាជីវកម្មណាមួយនោះ សុំឱ្យមន្ត្រី សង្ឃទាំងអស់ ពិនិត្យតាមធម្មវិន័យ ដើម្បីឱ្យ បានត្រឹមត្រង់ និងកែខ្លួនឱ្យល្អប្រសើរ ហើយ ព្រះពុទ្ធសាសនាយើងមានសេចក្តីថ្លៃថ្នូរក្នុងសង្គម បន្តទៅទៀត សម្រាប់កូនចៅជំនាន់ក្រោយ”៕