Tuesday, October 7, 2025
Homeព័ត៌មានជាតិសុគន្ធ និសា ស្វាមីហាមលេងឈុតឱបថើប

សុគន្ធ និសា ស្វាមីហាមលេងឈុតឱបថើប

ទើបតែទាញបានភាពលេចធ្លោជាថ្មីនៅទ្រនំរស្មីហង្សមាស អ្នកចម្រៀងល្បីឈ្មោះ អ្នកនាងប៉ុន សុគន្ធា ហៅសុគន្ធ និសា ក៏បានសម្រេចចិត្តចូលនឹមអាពាហ៍ពិពាហ៍ជាមួយអាណិកជនខ្មែរ នៅអាមេរិក លោកពៅ សម្បត្តិ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅនេះ ហើយតាមប្រភពថា ពេលនេះស្វាមីរបស់និសា បានប្រចណ្ឌហួងហែងកាន់តែខ្លាំង ដោយមិនអនុញ្ញាតឱ្យថតឈុតស្នេហាឱបថើបដូចមុនទៀតទេ…។

ក្រោយពេលសម្រេចចិត្តចាកចេញពីទ្រនំថោន វិលមករករស្មីហង្សមាស វិញ អ្នកនាងសុគន្ធ និសា ត្រូវបានផលិតកម្មជួយលើកស្ទួយជាខ្លាំង ទាំងសម្រិតសម្រាំងចេញបទចម្រៀងថ្មីៗនៅលើទីផ្សារ និងឱ្យគ្រងតំណែងជាតួឯកនៅក្នុងខ្សែភាពយន្តភាគជាបន្តបន្ទាប់ ដូចជា រឿង “សិសិររដូវក្នុងបេះដូង” និងកំពុងសម្រុកថតរឿង “រាជិនីភូមិគ្រឹះ” ជាដើម ដែលជួយឱ្យនិសា ទាញបានភាពលេចធ្លោជាថ្មីនៅទ្រនំចាស់។ ប៉ុន្តែបន្ទាប់ពីសំឡេងគាំទ្រចាប់ផ្តើមស្ទុះឡើងមិនទាន់បានប៉ុន្មានផង និសា ស្រាប់តែសម្រេចចិត្តដឹកដៃលោកពៅ សម្បត្តិ ហៅសាំបា ដែលបច្ចុប្បន្នជានាយកផ្នែកប្រតិបត្តិរបស់ក្រុមហ៊ុន Manulife ចូលរោងការយ៉ាងអធិកអធម ភ្ញាក់ផ្អើលដល់មជ្ឈដ្ឋានទូទៅ។

មានការលើកឡើងថា ការដែលសុគន្ធ និសា សម្រេចចិត្តកសាងជីវិតគ្រួសារដោយបើកចំហនៅពេលនេះ នឹងធ្វើឱ្យប៉ះពាល់ដល់សន្ទុះគាំទ្ររបស់នាងជាខ្លាំង។ ត្បិតអីកន្លងមកមានការកត់សម្គាល់ថា តារាស្រីក្រោយពេលរៀបការ ហាក់ពិបាកស្រូបយកប្រជាប្រិយភាព។ ជាក់ស្តែងដូចជាអ្នកនាងយក់ ថិតរដ្ឋា និងអ្នកមេម៉ាយចាយសម្រស់ សុខ ស្រីនាង ជាដើម។

ខណៈដែលមានការបារម្ភថា និសា ប្រឈមធ្លាក់កូដក្រោយរៀបការនោះ តាមប្រភពពីអ្នកសិល្បៈស្និទ្ធជាមួយអ្នកនាង បានឱ្យដឹងថា ស្វាមីរបស់អ្នកនាងបានប្រចណ្ឌហួងហែងជាខ្លាំង ដោយមិនឱ្យអ្នកនាងថតឈុតស្នេហាឱបថើបជាមួយតួប្រុសទៀតទេ ទាំងថតឈុតខារ៉ាអូខេ និងថតភាពយន្តជាដើម។ ពោលគឺ បើទោះបីឱ្យតម្លៃខ្លួនប៉ុន្មាន ក៏លោកសាំបា មិនឱ្យភរិយាលេងឈុតទាំងនោះទៀតដែរ។

ប្រភពថា លោកសាំបា ស្រលាញ់ភរិយាកាន់តែខ្លាំង ខណៈដែលកំពុងរំអុកចង់បានកូនគ្រាន់ប្រលែងលេងផងនោះ និសា នៅមិនទាន់ហ៊ានប្រថុយយកកូននៅអំឡុងពេលនេះទេ ព្រោះខ្លាចកាន់តែធ្លាក់ចុះសំឡេងគាំទ្រ។

តាមដំណឹងថា សុគន្ធ និសា បានធ្វើឱ្យបុរសៗអ្នកមានជាច្រើន ខកចិត្តស្តាយស្នេហ៍ នៅពេលអ្នកនាងសម្រេចចិត្តជ្រើសរើសលោកសាំបា ជាដៃគូជីវិតថ្មី។ សូម្បីតែអតីតសង្សារកវី សុខ ជំនោរ ក៏លួចស្តាយមិនបានថ្នាក់ថ្នមរួមស្នេហ៍អ្នកនាងបានពេញមួយជីវិត។

អ្នកសិល្បៈជាច្រើនបានលើកឡើងថា លោកសាំបា ជាបុរសមានសំណាងដែលបាននិសា រួមខ្នើយជីវិត។ ត្បិតអីមានបុរសៗទ្រព្យស្តុកជាច្រើន ដែលចង់បានអ្នកនាង មានទាំងអ្នកចង់ឱ្យឡើងធ្វើជាលោកជំទាវផង តែគ្មានវាសនា។ ប៉ុន្តែទន្ទឹមនឹងនោះ ក៏មានអ្នកខ្លះលើកឡើងថា និសា ក៏សំណាងណាស់ដែរ ដែលបានជួបបុរសល្អដូច លោកសាំបា ដែលក្រៅពីមានតួនាទីការងារល្អហើយនោះ ក៏មានក្តីស្រលាញ់ពិតប្រាកដចំពោះអ្នកនាងដែរ ថែមទាំងបានចូលនឹមអាពាហ៍ពិពាហ៍តាមគន្លងប្រពៃណីខ្មែរ ដោយបើកចំហទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ តាមដំណឹងថា លោកសាំបា សុខចិត្តចោលការងារនៅសហរដ្ឋអាមេរិក មករស់នៅស្រុកខ្មែរ ដើម្បីបានរស់ក្បែរ។

មានការលើកឡើងថា នៅពេលលោកសាំបា ចាប់ផ្តើមរឹតបន្តឹងរឿងលេងសិល្បៈ និសា អាចប្រឈមធ្លាក់ចុះការគាំទ្របន្ថែមទៀត។ ប៉ុន្តែតាមប្រភពថា លោកសាំបា ក៏មិនសូវចង់ឱ្យភរិយាប្រឡូកសិល្បៈពេញទំហឹងដូចមុនទៀតដែរ ហើយនៅពេលនិសា មានផ្ទៃពោះ អាចនឹងឱ្យអ្នកនាងដកថយពីភពសិល្បៈទៀតផង។ ម៉្យាងបើទោះបីនិសា គ្មានប្រភពចំណូលពីសិល្បៈ ក៏លោកមានលទ្ធភាពជ្រោមជ្រែងគ្រួសារឱ្យរីកចម្រើនបានដែរ។

ក្រោយរៀបការ សុគន្ធ និសា បានពន្យារពេលទៅកម្សាន្តលំហែកាយជាមួយស្វាមី នៅកោះម៉ាល់ឌីវ និងសហរដ្ឋអាមេរិក ក៏ព្រោះតែជាប់សម្រុកថតរឿង “រាជិនីភូមិគ្រឹះ” និងកំពុងសម្រិតសម្រាំងត្រៀមចេញបទថ្មី ប្រជែងទីផ្សារនៅរដូវក្តៅនេះ ខណៈដែលអ្នកនាងកំពុងបារម្ភចំពោះអាជីពចម្រៀងរបស់ខ្លួន ក្រោយពេលរៀបការជាចំហ ខ្លាចធ្លាក់កូដដូចតារាស្រីមួយចំនួន៕

RELATED ARTICLES