ខេត្តកោះកុង ៖ បុរសម្នាក់មានប្រពន្ធកូនរួចទៅហើយ ស្រាប់តែបែកគំនិតចាប់អូសដៃក្មេងស្រីមានសតិមិនសូវប្រក្រតីម្នាក់ ចូលទៅក្នុងបន្ទប់ទឹក រួចធ្វើសកម្មភាពចាប់សើយអាវច្របាច់ដោះ និងលូកស្ទាបប្រដាប់ភេទក្មេងស្រីលេងសម្រន់តណ្ហា លុះក្មេងស្រីរងគ្រោះស្រែកឆោឡោ ផ្អើលដល់ម្តាយដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យបាន កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចបន្ទប់ទឹកផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។
ជនសង្ស័យល្មោភកាមដែលរពិសដៃចាប់ច្របាច់ដោះ និងលូកស្ទាបប្រដាប់ភេទក្មេងស្រី រហូតត្រូវសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះយិន ជាតិ អាយុ៣៣ឆ្នាំ មុខរបរលៀងម៉ូតូ មានប្រពន្ធកូន និងស្នាក់នៅផ្ទះជួលក្នុងភូមិ-សង្កាត់កើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ ស.ស អាយុ១៥ឆ្នាំ ជាមនុស្សមានសតិមិនប្រក្រតី ស្នាក់នៅផ្ទះជួល ក្បែរផ្ទះរបស់ជនសង្ស័យ។
តាមប្រភពពីក្រុមគ្រួសារក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនកើតហេតុ ម្តាយរបស់ក្មេងស្រីរងគ្រោះបានប្រើកូនស្រី (ក្មេងស្រីរងគ្រោះ) ឱ្យយកកាហ្វេទៅឱ្យជនសង្ស័យ ដែលបានកុម៉្មង់កាហ្វេ១កែវ លុះពេលទៅដល់ ជនសង្ស័យក៏ឱ្យលុយទៅក្មេងស្រីរងគ្រោះអាប់ តែដោយនាងគ្មានលុយអាប់ ក៏រត់យកលុយទៅឱ្យម្តាយ រួចក៏ត្រឡប់យកលុយអាប់ទៅឱ្យជនសង្ស័យនៅផ្ទះវិញ។ នៅពេលទៅដល់ផ្ទះជនសង្ស័យ ក៏ស្រាប់តែត្រូវជនសង្ស័យចាប់អូសដៃក្មេងស្រីរងគ្រោះចូលទៅក្នុងបន្ទប់ទឹក រួចបានធ្វើសកម្មភាពចាប់លាត់អាវក្មេងស្រីរងគ្រោះឡើងលើ រួចចាប់ច្របាច់ដោះក្មេងស្រីរងគ្រោះ ព្រមទាំងបានលូកលេងប្រដាប់ភេទក្មេងស្រីរងគ្រោះមួយសន្ទុះ ទើបធ្វើឱ្យក្មេងស្រីរងគ្រោះស្រែកឆោឡា រត់ចេញមកហៅម្តាយឱ្យជួយ លុះស្ត្រីជាម្តាយប្រទះឃើញសភាពបែបស្រេកឃ្លានតណ្ហារបស់ជនសង្ស័យអត់ទ្រាំមិនបាន ក៏ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យយកទៅចាត់ការតាមច្បាប់តែម្តង។
ក្រោយកើតហេតុ កម្លាំងអាវុធហត្ថបានចុះអន្តរាគមន៍ចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះយិន ជាតិ នាំយកទៅសាកសួរ។
នៅចំពោះមុខមន្ត្រីអាវុធហត្ថ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពដូចអ្វីដែលក្មេងស្រីរងគ្រោះប្តឹងចោទប្រកាន់មែន។
ជនសង្ស័យខាងលើ ត្រូវបានជំនាញអាវុធហត្ថ រៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕