Tuesday, October 7, 2025
Homeព័ត៌មានជាតិម៉ែឪនៅទីណា ក្មេងប្រុសអាយុ៣ឆ្នាំ ឈរយំតាមផ្លូវ

ម៉ែឪនៅទីណា ក្មេងប្រុសអាយុ៣ឆ្នាំ ឈរយំតាមផ្លូវ

ភ្នំពេញ ៖ ក្មេងប្រុសម្នាក់អាយុប្រមាណ៣ឆ្នាំ សូម្បីតែនិយាយមិនទាន់ច្បាស់ផង ត្រូវបានគេប្រទះឃើញនៅឈរយំតាមផ្លូវ មិនដឹងថា ឪពុកម្តាយទៅណាមកណាទេ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំយកទៅប្រគល់ឱ្យសមត្ថកិច្ចមើលរក្សាជាបណ្តោះអាសន្ន និងជួយស្វែងរកឪពុកម្តាយវិញ កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្លូវ៣០ម៉ែត្រ កែងផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ។

ក្មេងប្រុសដែលវង្វេងបាត់ឪពុកម្តាយខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ មានអាយុប្រមាណ៣ឆ្នាំ និយាយមិនទាន់ច្បាស់ទេ ទើបធ្វើឱ្យសមត្ថកិច្ចជួបការលំបាកសាកសួររកឪពុកម្តាយនិងផ្ទះសម្បែង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ក្មេងប្រុសខាងលើត្រូវបានប្រជាពលរដ្ឋប្រទះឃើញឈរយំតាមផ្លូវកែង៣០ម៉ែត្រ ទាំងកណ្តាលថ្ងៃក្តៅហែង មិនដឹងថាមានអ្នកណាយកមកទុកចោល ឬក៏ដើរវង្វេងឪពុកម្តាយមកដល់ទីនេះទេ ហើយទោះជាសាកសួរអ្នកជុំវិញទីតាំងនោះ ក៏គ្មានអ្នកណាម្នាក់ស្គាល់ដែរ លុះពេលរកសាច់ញាតិ អាណាព្យាបាលមិនឃើញ ទើបប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យមកទទួលយកក្មេងប្រុសរូបនេះ ទៅមើលថែជាបណ្តោះអាសន្ន និងរង់ចាំធ្វើការស្រាវជ្រាវប្រកាសស្វែងរកឪពុកម្តាយរបស់ក្មេងឱ្យមកទទួលយកកូនវិញ។

ដោយសមត្ថកិច្ចជាប់រវល់ការងារច្រើន ហេតុនេះក្មេងប្រុសខាងលើត្រូវបានលោកមេភូមិទួលកី នាំយកទៅមើលថែជាបណ្តោះអាសន្ន រង់ចាំស្រាវជ្រាវរកអាណាព្យាបាលបន្តទៀត៕

RELATED ARTICLES