Friday, January 31, 2025
Homeព័ត៌មានជាតិលោកវរសេនីយ៍ត្រីខូចចិត្ត បាញ់២គ្រាប់ សម្លាប់ខ្លួនឯងក្នុងបន្ទប់ធ្វើការ

លោកវរសេនីយ៍ត្រីខូចចិត្ត បាញ់២គ្រាប់ សម្លាប់ខ្លួនឯងក្នុងបន្ទប់ធ្វើការ

ភ្នំពេញ ៖ បុរសជាមន្ត្រីនគរបាលម្នាក់ ព្រោះតែតូចចិត្តនឹងកើតមានជំងឺរ៉ាំរ៉ៃប្រចាំកាយ ព្យាបាលរាប់ឆ្នាំមិនជាសះស្បើយ ក៏ដាច់ចិត្តគិតខ្លី ទាញកាំភ្លើងអាការបាញ់ប្រហារខ្លួនឯងចំនួន២គ្រាប់ បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម នៅក្នុងការិយាល័យធ្វើការរបស់ខ្លួនទាំង ព្រឹកព្រលឹម បង្កឱ្យមានការភ្ញាក់ផ្អើលឡើងយ៉ាងខ្លាំងពីថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលនៅក្នុងអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីវេលាព្រឹក ថ្ងៃទី ០១ ខែមីនា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ការិយាល័យការពារគោលដៅទី២ នៃនាយកដ្ឋាននគរបាលការពារ អគ្គស្នងការនគរបាលជាតិ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

បុរសរងគ្រោះដែលបាញ់សម្លាប់ខ្លួនឯង មានឈ្មោះវ័ន ហាក់ អាយុ៥០ឆ្នាំ មុខរបរជាមន្ត្រីនគរបាល ឋានន្តរស័ក្តិវរសេនីយ៍ត្រី តួនាទីជានាយផ្នែកការពារគោលដៅ២ នៃនាយកដ្ឋាននគរបាលការពារ អគ្គស្នងការដ្ឋាននគរបាលជាតិ។

តាមប្រភពពីមន្ត្រីនគរបាលប្រចាំនាយកដ្ឋានការពារ បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញលោកវ័ន ហាក់ (ជនរងគ្រោះ) បានចូលបំពេញការងារតាំងពីព្រឹក លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ក៏លាន់ឮសូរសម្លេងផ្ទុះអាវុធចំនួន២គ្រាប់ ចេញពីបន្ទប់ការិយាល័យរបស់ជនរងគ្រោះ ធ្វើឱ្យមន្ត្រីនគរបាលក្នុងអង្គភាព ក៏ដូចជាមន្ត្រីនគរបាល ព្រមទាំងថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ មានការភ្ញាក់ផ្អើល ចូលទៅពិនិត្យដល់ទីតាំងកើតហេតុភ្លាមៗ ស្រាប់តែប្រទះឃើញជនរងគ្រោះ បានដេកស្លាប់ក្នុងថ្លុកឈាមនៅលើប៉ៅអីសម្រាក ក្នុងបន្ទប់ការិយាល័យរបស់ជនរងគ្រោះបាត់ទៅហើយ ទើបកើតមានការផ្អើលឆោឡោថា មានករណីបាញ់សម្លាប់ខ្លួនតែម្តង។

ប្រភពដដែលបន្តថា តាមការសួរនាំជាជំហានដំបូង ជនរងគ្រោះបានបញ្ចប់ជីវិតរបស់ខ្លួនបែបនេះ ដោយសារតែកើតមានជំងឺផ្លូវចិត្ត ហើយធ្លាប់ចង់សម្លាប់ខ្លួនជាច្រើនដងមកហើយ ស្រាប់តែលើកចុងក្រោយនេះ ក៏បានធ្វើសកម្មភាពបាញ់សម្លាប់ខ្លួនចំនួន២គ្រាប់ ដោយប្រើកាំភ្លើង ប្រភេទ AK47។

ប្រភពខាងលើបានបញ្ជាក់ថា “លោកវ័ន ហាក់ បានបាញ់សម្លាប់ខ្លួននៅក្នុងអង្គភាព បង្កការភ្ញាក់ផ្អើលពេញអង្គភាព ដែលនេះអាចមកពីជនរងគ្រោះ មានជម្ងឺផ្លូវចិត្តគឺជម្ងឺសរសៃប្រសាទ ហើយធ្លាប់ត្រូវបានពេទ្យវៀតណាម បញ្ជូនត្រឡប់មកប្រទេសវិញ នៅពេលលោកទៅរៀន នៅប្រទេសវៀតណាម…”។

នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងបញ្ជាក់ថា ករណីនាយការិយាល័យការពារ នៃអគ្គស្នងការនគរបាលជាតិ បាញ់សម្លាប់ខ្លួនឯងក្នុងបន្ទប់ធ្វើការកាលពីព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨នេះ លោកកំពុងធ្វើការពិនិត្យ។

ក្រោយកើតហេតុកម្លាំងនគរបាលជំនាញ និងនគរបាលអគ្គស្នងការ ដឹកនាំដោយលោកឧត្តមសេនីយ៍ផ្កាយ៣ ឆាយ គឺមខឿន ប្រធានសេនាធិការអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះទៅពិនិត្យផ្ទាល់នៅកន្លែងកើតហេតុ ដើម្បីធ្វើកោសល្យវិច្ច័យ និងប្រគល់សពជូនជនរងគ្រោះ ធ្វើបុណ្យតាមប្រពៃណី។

យ៉ាងណាក្តី ពាក់ព័ន្ធទៅនឹងករណីអត្តឃាតរបស់មន្ត្រីនគរបាលខាងលើនេះ មិនទាន់មានប្រភពព័ត៌មានណាមួយអាចបញ្ជាក់ឱ្យបានច្បាស់លាស់នៅឡើយ ដោយសារតែអ្នកសារព័ត៌មាន មិនត្រូវបានអនុញ្ញាតិឱ្យចូលទៅកន្លែងកើតហេតុនោះឡើយ៕

RELATED ARTICLES