ខេត្តកណ្តាល ៖ បុរសវ័យចំណាស់២នាក់ ធ្លាប់កើតមានទំនាស់ពាក្យសម្តីអន់ចិត្តគ្នាកន្លងមក ស្រាប់តែពេលចូលទៅរកទិញបារីជក់ ជួបមុខគ្នា ក៏ចាប់ផ្តើមឌឺដងពាក្យសម្តី ផ្លែផ្កាដាក់គ្នា រហូតដល់កើតជាជម្លោះពាក្យសម្តីក្តៅគគុក ភ្លាមនោះភាគីម្ខាងបានស្ទុះទៅចាប់ច្របាច់ក ទើបធ្វើឱ្យភាគីម្ខាងទៀតខឹង ក៏ស្រវាបានកែវកាហ្វេ វាយសំពងទៅលើគូទំនាស់ បណ្តាលឱ្យបែកចិញ្ចើមហូរឈាមស្រោចខ្លួន កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចលក់ចាប់ហួយមួយកន្លែង ស្ថិតក្នុងចម្ការដូង ឃុំលើកដែក ស្រុកកោះធំ។
ភាគីរងគ្រោះដែលរងរបួស១កែវកាហ្វេបែកចិញ្ចើម មានឈ្មោះហ៊ល ហ៊ន អាយុ៥៥ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិលើកដែក ឃុំលើកដែក ស្រុកោះធំ រងរបួសត្រង់លើចិញ្ចើមឆ្វេង និងកដៃឆ្វេង។ ចំណែកភាគីដៃដល់ មានឈ្មោះធឹង ផៃ អាយុ៤៨ឆ្នាំ មុខរបរសន្តិសុខឯកជន មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុជនសង្ស័យឈ្មោះធឹង ផៃ បានជិះម៉ូតូទៅរកទិញបារីជក់នៅចំណុចផ្ទះលក់ ចាប់ហួយរបស់ឈ្មោះឡុង ទីតាំងកើតហេតុខាងលើ គាប់ជួនពេលនោះ ស្រាប់តែជនរងគ្រោះឈ្មោះហ៊ល ហ៊ន បានដើរមកដល់ក៏ចូលទៅទិញបារីជក់នៅទីតាំងខាងលើដូចគ្នា។ រំពេចនោះជនរងគ្រោះក៏បាននិយាយពាក្យសម្តីឌឺដងផ្លែផ្ កាធ្វើឱ្យប៉ះពាល់ដល់កិត្តិយសជនសង្ស័យ ទើបធ្វើឱ្យជនសង្ស័យទ្រាំពុំបាន ក៏តបសម្តីវិញ រួចអ្នកទាំងពីរបានទាក់ពាក្យសម្តីដាក់គ្នាកាន់តែខ្លាំងឡើងៗ ភ្លាមនោះជនរងគ្រោះបានស្ទុះចូលទៅចាប់ច្របាច់កជនសង្ស័យ ធ្វើឱ្យជនសង្ស័យស្រវាទាញយកកែវកាហ្វេវាយទៅលើជនរងគ្រោះវិញតែម្តង បណ្តាលឱ្យត្រូវចំលើចិញ្ចើមឆ្វេងហូរចេញឈាមពេញផ្ទៃមុខតែម្តង រួចបានប្រតាយគ្នាទៅវិញទៅមកបានបន្តិច ក៏ត្រូវអ្នកជិតខាងចាប់បំបែកចេញរៀងៗខ្លួន។
ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលលើកដែក ហើយភ្លាមនោះ កម្លាំងនគរបាលប៉ុស្តិ៍បានធ្វើការស្រាវជ្រាវ រហូតចាប់ឃាត់ខ្លួនបានជនសង្ស័យភ្លាមៗ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកកែវកាហ្វេវាយទៅលើឈ្មោះហ៊ល ហ៊ន បណ្តាលឱ្យបែកចិញ្ចើមប្រាកដមែន គឺដោយសារតែមានការខឹងនឹងឈ្មោះហ៊ល ហ៊ន និយាយប្រមាថមើលងាយខ្លួន រួចថែមទាំងស្ទុះមកចាប់ច្របាច់កខ្លួនទៀតផង ទើបខ្លួនទ្រាំលែងបាន ក៏វាយ១កែវ ទុកជាការព្រមានតែម្តង។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕