ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ បានខ្សឹបឱ្យឮតាម “នគរធំ” ថា រដូវកាលបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ កាន់តែខិតជិតមកដល់ មែនទែនហើយ ចំណែកថ្នាក់ដឹកនាំធំៗ ពិសេស សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន កំពុងប្រឹង យកចិត្តទុក្ខដាក់ដោះស្រាយបញ្ហា និងកង្វល់ របស់ប្រជារាស្ត្រទូទាំងប្រទេស ប៉ុន្តែផ្ទុយទៅ វិញ មន្ត្រីថ្នាក់ក្រោមមួយចំនួនតូច ហាក់កំពុង បំផ្លាញទំនុកចិត្តប្រជាពលរដ្ឋ តាមរយៈទង្វើ និងសកម្មភាព ដែលអនុវត្តខុស ឬហួសពីបទបញ្ជា ឬច្បាប់ដែលបានកំណត់ រហូតធ្វើឱ្យ ប្រជាពលរដ្ឋថ្នាំងថ្នាក់យ៉ាងខ្លាំង និងមានការ លើកឡើងថា សម្តេចនាយករដ្ឋមន្ត្រី ប្រឹងរក សំឡេងឆ្នោត តែមន្ត្រីប្រឹងបំផ្លាញ។
ប្រជាពលរដ្ឋរស់នៅភ្នំពេញ បានខ្សឹប ឱ្យឮថា តាមរយៈគោលនយោបាយ និងអនុសាសន៍ ក៏ដូចជាកិច្ចអន្តរាគមន៍ជាច្រើនរបស់ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យ ប្រជាពលរដ្ឋសម្តែងនូវការសាទរ និងគាំទ្រ យ៉ាងខ្លាំង ដូចជាកន្លងមក សម្តេចធ្លាប់បាន ថ្លែងថា មកពីភាពកម្សោយរបស់មន្ត្រីអនុវត្ត ច្បាប់ ទើបធ្វើឱ្យមានកំណើននៃការមិនគោរព ច្បាប់ ពិសេសច្បាប់ចរាចរណ៍ផ្លូវគោក ហេតុនេះ សម្តេចបានដាក់ចេញបទបញ្ជា ឱ្យមានការពង្រឹង ការអនុវត្តច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាការពារអាយុជីវិត ប្រជាពលរដ្ឋអ្នកដំណើរទូទៅ និងដើម្បីពង្រឹង នីតិរដ្ឋផងដែរ។
ប្រជាពលរដ្ឋ បានខ្សឹបបន្តថា តាំងពី សម្តេចហ៊ុន សែន ដាក់ចេញនូវបទបញ្ជា ឱ្យ ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍មក សមត្ថកិច្ច គ្រប់ខណ្ឌនៅរាជធានីភ្នំពេញ បានចុះអនុវត្ត យ៉ាងសស្រាក់សស្រាំ។ ប៉ុន្តែជាមួយនឹងការចុះ អនុវត្តច្បាប់ចរាចរណ៍នេះ ក៏មានមន្ត្រីសមត្ថកិច្ច ខិលខូចមួយចំនួនតូច ដែលគេហៅថា ដង្កូវ ក្នុងសាច់ បែរជាឆ្លៀតឱកាស អនុវត្តហួសតួនាទី និងភារកិច្ចរបស់ខ្លួន ក្នុងនោះខ្លះ បានប្រើសម្តី សំដៅ និងកាយវិការច្រងេងច្រងាងដាក់ប្រជាពលរដ្ឋ គ្មានស្គាល់ចាស់ទុំ ជាហេតុធ្វើឱ្យប្រជាពលរដ្ឋអាក់អន់ស្រពន់ចិត្តខ្លាំងណាស់។
ប្រជាពលរដ្ឋ បានខ្សឹបបន្តទៀតថា សមត្ថកិច្ចខ្លះ ពេលចុះអនុវត្តច្បាប់ចរាចរណ៍ មិនថា ពេលយប់ ឬពេលថ្ងៃទេ ហាក់ចាត់ទុកអ្នកដំណើរដែលបើកបរល្មើសច្បាប់ ដូចឧក្រិដ្ឋជន ចោរឆក់ ចោរប្លន់ ប្រើទាំងសម្តីសម្លុតគំរាម និង កាយវិការច្រងេងច្រងាង ចាប់ដកសោ អូសម៉ូតូ ច្រងាប់ច្រងិល ទោះបីជាប្រជាពលរដ្ឋស្លូតត្រង់ ខ្លះព្រមទទួលស្គាល់កំហុសរបស់ខ្លួន និងយល់ព្រម ទទួលការផាកពិន័យដោយសម្រួលហើយ មិន គួរប្រើសម្តីអសីលធម៌ សម្លុតគំរាមពួកគាត់ បន្ថែមទៀតនោះទេ គួរតែអប់រំណែនាំដោយ សម្តីទន់ភ្លន់វិញល្អជាង។ មួយវិញទៀត សមត្ថកិច្ចខ្លះ ឆ្លៀតឱកាស សម្លុតគំរាមទារប្រាក់ពី ប្រជាពលរដ្ឋស្លូតត្រង់ ចាប់ពី១០ ទៅ២៥ដុល្លារ ជាថ្នូរនឹងការមិនផាកពិន័យ អូសម៉ូតូទៅខណ្ឌ ដែលទង្វើនេះ មិនខុសពីពាក្យថា “គាបស៊ី” ឬត្រីងៀតឆ្លៀតពងនោះទេ។
ប្រជាពលរដ្ឋ បានលើកឡើងនូវឧទាហរណ៍ ជាក់ស្តែងថា មន្ត្រីនគរបាលខណ្ឌមានជ័យ ដែល បានដាក់កម្លាំង ចុះអនុវត្តច្បាប់ចរាចរណ៍នៅ ចំណុចគោលដៅគល់ស្ពានព្រែកទាល់ ទាំង២ ស្ថិតនៅចំណុចមុខមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ហៅពេទ្យរុស្ស៊ី ស្ថិតក្នុងភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ហាក់មានចរិត ក្រអឺតក្រទម ប្រើកាយវិការ និងពាក្យសម្តី មិនសូវសមរម្យសោះ សូម្បីតែប្រជាពលរដ្ឋ អ្នកដំណើរខ្លះ បានទទួលស្គាល់កំហុសឆ្គងរបស់ ខ្លួនទៅហើយ នៅតែត្រូវសមត្ថកិច្ច ប្រើសម្តី គំរោះគំរើយ ស្តីបន្ទោស មិនស្គាល់ក្មេងចាស់ សោះឡើយ។ ជាក់ស្តែង កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨ មាន យុវជនម្នាក់ជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព លុះ ប៉ូលិសឃាត់ផាកពិន័យ មិនព្រមឈប់ម៉ូតូ ក៏ ត្រូវសមត្ថកិច្ចប្រដេញតាម រហូតដល់យុវជន រូបនោះភ័យពេក បើកម៉ូតូទៅបុកទ្វារផ្ទះប្រជាពលរដ្ឋ ដួលរយះក្បាល បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅចំណុចផ្លូវបេតុង ស្ថិតក្នុង ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។
ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ខ្សឹប ឱ្យឮដល់សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយពិនិត្យ និង ពង្រឹងក្រមសីលធម៌របស់មន្ត្រីនគរបាលមួយ ចំនួនផង ព្រោះពេលខ្លះ អាងតែខ្លួនស្លៀក ឯកសណ្ឋានសមត្ថកិច្ច មានស័ក្តិពាក់លើស្មា ក៏ បញ្ចោញចរិតច្រឡោងខាម សម្លុតគំរាមប្រជាពលរដ្ឋស្លូតត្រង់ ដែលជាអ្នកដំណើរបែបនេះ មើលទៅមិនសមទំនងសោះ។
ហេស ! ហេ ! សន្លឹកឆ្នោតដែលសម្តេច នាយករដ្ឋមន្ត្រីខំប្រឹង បែរជាយកមកបោះចោល ដោយស្នាដៃកូនប៉ូលិសមួយចំនួន តាមខណ្ឌ ទាំង១២…៕
ខៀវទុំ