Saturday, February 1, 2025
Homeព័ត៌មានជាតិមន្ត្រីឧទ្យានុរក្ស៣នាក់ ភ្លើងឆេះផ្ទះម៉ត់ ទទួលជំនួយសង្គ្រោះ

មន្ត្រីឧទ្យានុរក្ស៣នាក់ ភ្លើងឆេះផ្ទះម៉ត់ ទទួលជំនួយសង្គ្រោះ

ខេត្តមណ្ឌលគិរី ៖ មន្ត្រីឧទ្យានុរក្សចំនួន២រូប និងមន្ត្រីជាប់កិច្ចសន្យាចំនួន១រូប នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដែលត្រូវអគ្គិភ័យឆាប ឆេះផ្ទះខ្ទេចអស់គ្មានសល់ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅ ត្រូវបានទទួលប្រាក់ជំនួយឧបត្ថម្ភដោយផ្ទាល់ពីមន្ទីរបរិស្ថានខេត្តមណ្ឌល គិរី កាលពីរសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ ដើម្បីជួយសម្រាលការលំបាកបានមួយកម្រិតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

ថវិកាឧបត្ថម្ភសរុបមានចំនួន៧,២៣លានរៀល ដែលបានពីការជួយឧបត្ថម្ភដោយផ្ទាល់ពីមន្ត្រីរាជការនៅក្នុងមន្ទីរបរិស្ថាន និងថវិកាផ្ទាល់របស់លោកប្រធានមន្ទីរ បានប្រគល់ជូនមន្ត្រីឧទ្យានុរក្ស និងមន្ត្រីជាប់កិច្ចសន្យា បន្ទាប់ពីលំនៅដ្ឋានរបស់មន្ត្រីឧទ្យានុរក្សចំនួន២រូប និងតូបលក់ អីវ៉ាន់របស់មន្ត្រីជាប់កិច្ចសន្យាចំនួន១រូប ត្រូវបានអគ្គិភ័យឆាបឆេះហ្មត់គ្មានសល់ កាលពីវេលាម៉ោង២និង១៥នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្សារសែនមនោរម្យ ខេត្តមណ្ឌលគិរី ហើយបានបណ្តាលឱ្យឆាបឆេះផ្សារអស់ទាំងស្រុង និងមានប្រជាពលរដ្ឋចំនួន២រូបបាត់បង់ជីវិត ព្រមទាំងរងរបួសធ្ងន់ស្រាលជាច្រើននាក់ក្នុងហេតុការណ៍នេះ។

មន្ត្រីឧទ្យានុរក្សដែលត្រូវអគ្គិភ័យឆាបឆេះផ្ទះអស់ហ្មត់គ្មានសល់ រួមមាន ទី១-ឈ្មោះឡុញ ពុទ្ធីមន្នីកនិកា ភេទស្រី អាយុ២០ឆ្នាំ នៅលីវ មានបងប្អូនបង្កើត២នាក់ (ប្រុស១ ស្រី១) បច្ចុប្បន្នកំពុងរស់នៅផ្ទះជាមួយម្តាយមីង ស្ថិតក្នុងភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែន មនោរម្យ ២-ឈ្មោះម៉ែន សុវណ្ណរិទ្ធ ភេទប្រុស អាយុ២៣ឆ្នាំ នៅលីវ មានបងប្អូនបង្កើត៥នាក់ (ប្រុស១ ស្រី៤) បច្ចុប្បន្នកំពុងរស់នៅផ្ទះ ជាមួយបងស្រីបង្កើត នៅម្តុំផ្សារប៉េងឃុន ស្ថិតក្នុងភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។ ចំណែកមន្ត្រីជាប់កិច្ចសន្យាឈ្មោះផៃ ចិត្រា ភេទស្រី អាយុ២៣ឆ្នាំ មានគ្រួសារ និងមានកូនប្រុសម្នាក់អាយុ១ឆ្នាំ ត្រូវអគ្គិភ័យឆាបឆេះតូបលក់ដូរអស់ទាំងស្រុង។

ក្រោយទទួលួបានប្រាក់ជំនួយឧបត្ថម្ភពីមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មន្ត្រីរាជការទាំង៣រូប បានសម្តែងនូវក្តីរំភើប និងត្រេកអរ ហើយ បានថ្លែងអំណរគុណដល់មន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្សទាំងអស់នៅក្នុងមន្ទីរបរិស្ថានខេត្ត ជាពិសេសសូមថ្លែងអំណរគុណដល់លោកប្រធានមន្ទីរ និងថ្នាក់ដឹកនាំក្រសួងបរិស្ថាន ដែលបានគិតគូរពីសុខទុក្ខ ការលំបាក និងជីវភាពរស់នៅរបស់មន្ត្រីរាជការ៕

RELATED ARTICLES