Thursday, November 21, 2024
Homeបរិយាយចង្ហាន់ប្រណីត នាំឱ្យព្រះពុទ្ធ ត្រាស់ដឹងនិងបរិនិព្វាន

ចង្ហាន់ប្រណីត នាំឱ្យព្រះពុទ្ធ ត្រាស់ដឹងនិងបរិនិព្វាន

ជម្លោះដីធ្លី នៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ រហូតមានការប៉ះទង្គិចគ្នារវាងកងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ដែល បណ្តាលឱ្យរងរបួសទាំងសងខាងនៅលើ “ទឹកដីពិសិដ្ឋ” នោះ អាចនាំប្រផ្នូលមិនល្អដល់ជាតិមាតុភូមិ មិនខុសពី “ព្រះពុទ្ធ ឆាន់ចង្ហាន់ប្រណីត ក៏បានត្រាស់ដឹងនិងបរិនិព្វាន” ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

សូមរំព្ញកថា ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ គឺជាទីតាំងពិសិដ្ឋ ដែលអ្នកតស៊ូមួយចំនួន មានសម្តេចហេង សំរិន សម្តេច ជា ស៊ីម សម្តេចហ៊ុន សែន ជាអ្នកដឹកនាំ បានបង្កើត “រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា” ដើម្បីវាយបណ្តេញរបបប្រល័យ ពូជសាសន៍ រំដោះប្រជាពលរដ្ឋខ្មែរ រាប់លាននាក់ ឱ្យរួចផុតពីគល់ប្ញស្សី ត្បូងចប និងពលកម្មឥតមេត្តា។ មូលដ្ឋាននេះ ត្រូវ បានបក្សកាន់អំណាច រៀបចំជាកន្លែងអនុស្សាវរីយ៍មិនអាចបំភ្លេចបាន ហើយជារៀងរាល់ឆ្នាំ អាជ្ញាធរតែងប្រារឰពិធីរំព្ញក ខួប “ទិវា២ធ្នូ” មិនដែលខានឡើយ ហើយក៏មិនភ្លេចគុណកងទ័ពវៀតណាម ដែលចូលមកជួយធ្វើអន្តរាគមន៍បណ្តេញពួក ប៉ុល ពត រហូតមានថ្ងៃនេះ។

តាមជំនឿខ្មែរ “ទីតាំងពិសិដ្ឋ” គេប្រយ័ត្នណាស់ មិនឱ្យមានអំពើហិង្សា ឬមានការបង្ហូរឈាមគ្នានៅក្បែរនោះទេ ប៉ុន្តែ ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃរវាងក្រុមហ៊ុន និងប្រជាពលរដ្ឋ បានធ្វើឱ្យ “ទីតាំងពិសិដ្ឋ” មានមន្ទិលសៅហ្មង ប្រឡាក់ប្រឡូសដោយកំហឹង ទប់កំហល់ ហើយបំផុត “អ្នកខ្លាំងជាអ្នកឈ្នះ”។ “ទីតាំងពិសិដ្ឋ” មានន័យថា ជា “កន្លែងឧត្តមខ្ពង់ខ្ពស់ ប្រសើរ ថ្លៃថ្លា” ពោលគឺឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ បានជួយជីវិតពលរដ្ឋខ្មែរ រាប់លាននាក់ ឱ្យមានសិទ្ធិសេរីភាព ជីវភាពឈានឡើងពី មួយឆ្នាំទៅមួយឆ្នាំ តាំងពីបាតដៃទទេ រហូតមានអ្វីៗទាំងអស់។ ជំនឿខ្មែរ ផ្តោតទៅលើរឿងរ៉ាវក្នុងព្រះពុទ្ធសាសនា ពោលគឺ “ព្រះសម្មាសម្ពុទ្ធ បរមគ្រូ បានត្រាស់ដឹង ក៏ព្រោះចង្ហាន់ប្រណីត ចូលបរិនិព្វានក៏ព្រោះចង្ហាន់ប្រណីត” អ៊ីចឹងខ្មែរ “បានថ្កុំថ្កើង រុងរឿង ក៏ព្រោះទឹកដីឃុំ២ធ្នូ ខ្មែរអន់ថយ ឬប្រែប្រួលវិបល្លាស ក៏ព្រោះទឹកដីឃុំ២ធ្នូ”។

ព្រះសមណគោតម” ក្នុងពេលព្រះអង្គកំពុងស្វែងរកពោធិញ្ញាណ ដោយខំធ្វើទុក្ករកិរិយា អស់៦វស្សា មិនបានសម្រេច ក៏យាងទៅគង់ក្រោមម្លប់ជ្រៃក្បែរស្ទឹងនេរញ្ជរា។ កាលនោះ “នាងសុជាតា” ជាសេដ្ឋិនី ដែលពីមុនធ្លាប់បានទៅបន់ស្រន់ទេវតា ថែរក្សាដើមជ្រៃ សុំឱ្យបានបុត្រ លុះនាងបានកូនប្រុសដូចបំណង ក៏យក “មធុបាយាស” ទៅថ្វាយទេវតាលាបំណន់។ “មធុបាយាស” ជានំម៉្យាង ផ្សំពីទឹកដោះគោលាយទឹកឃ្មុំ មានដំណើររឿងថា កាលនោះ នាងសុជាតា បានឱ្យគេយកមេគោ ៥០០ ក្បាល ទៅលែងឱ្យស៊ីលំពង់លាស់ខ្ចី ក្នុងព្រៃឈើអែម។ បន្ទាប់មក នាងឱ្យចាប់មេគោទាំង៥០០ មករឺតទឹកដោះ ហើយ យកទឹកដោះនោះ ទៅឱ្យមេគោ ៥០ក្បាលផឹក។ បន្ទាប់មកទៀត ក៏យកមេគោ៥០ ទៅរឺតទឹកដោះ ឱ្យមេគោ ១០ក្បាលផឹក ទើបរឺតយកទឹកដោះមេគោ ១០ក្បាលនោះទៅរម្ងាស់ លាយទឹកឃ្មុំសុទ្ធ កើតបានជា “មធុបាយាស”។ នំនោះធុំក្លិនក្រអូប ច្រាសខ្យល់ ព្រោះចម្រាញ់ចេញពីទឹកដោះគោសុទ្ធ លុះដល់កំណត់ ទើបសេដ្ឋិនីនោះ យកទៅថ្វាយទេវតា។ នៅពេលឃើញ ព្រះសមណគោតម គង់ក្រោមដើមជ្រៃ នាងស្មានថាជាទេវតា ក៏លើកមធុបាយាស ១ថាសនោះប្រគេនព្រះអង្គ រួចចាកចេញ ទៅ។ ព្រះសមណគោតម ពូតមធុបាយាស បាន៤៩ពំនូត ឆាន់គ្មានសល់ ក៏មានកម្លាំងពលំ និងសម្បុរកាយស្រស់ថ្លាដូចដើម ខណៈដែលព្រះអង្គអត់ចង្ហាន់ ស្គាំងស្គម សល់តែស្បែកដណ្តប់ឆ្អឹង។ យប់ឡើង ជារាត្រីពេញបូណ៌មី ខែពិសាខ ព្រះអង្គក៏ បាន “ត្រាស់ដឹងអនុត្តរសម្មាសម្ពោធិញ្ញាណ” ពោលគឺ “ចង្ហាន់ប្រណីត បានធ្វើឱ្យព្រះអង្គបានត្រាស់ដឹង”។

បន្ទាប់ពីយាងបំពេញពុទ្ធកិច្ច ៤៥វស្សាមក ព្រះពុទ្ធអង្គ ក៏ដល់នូវព្រះជរាភាព បានដាក់ព្រះជន្មាយុសង្ខារ នៅរាត្រីពេញ បូណ៌មី ខែមាឃ រួចក៏នាំសាវ័កធ្វើពុទ្ធដំណើរទៅកាន់ទីក្រុងកុសិនារា។ ទៅដល់កណ្តាលផ្លូវ ក៏មានពាណិជ្ជករម្នាក់ឈ្មោះ “នាយចុន្ទ” បាននិមន្តព្រះអង្គ និងសាវ័ក ទទួលចង្ហាន់ ដែលកាលនោះនាយចុន្ទ បានយកសាច់ជ្រូកមានមេរោគ ទៅចម្អិន លើកប្រគេនព្រះបរមគ្រូ និងសាវ័ក ប៉ុន្តែ ព្រះអង្គបានហាមសាវ័ក មិនឱ្យឆាន់ម្ហូបសាច់ជ្រូកនោះទេ ក៏ឆាន់តែមួយអង្គឯង រួច សម្តែងភត្តានុមោទនា និងមានពុទ្ធដីកាថា “ចង្ហាន់ប្រណីតដែលព្រះអង្គឆាន់រួច បានត្រាស់ដឹង និងចង្ហាន់ប្រណីតឆាន់រួច បរិនិព្វាន បានអានិសង្សខ្ពស់ជាងចង្ហាន់ណាទាំងអស់”។ តាមពិត ម្ហូបសាច់ជ្រូកនោះ នាយចុន្ទ ចម្អិនផ្ទាល់ដៃ គាត់អត់ដឹងថា ជាសាច់ពុលនោះទេ ចាត់ទុកជាចង្ហាន់ប្រណីត កម្រមានកាលពីសម័យនោះ ប៉ុន្តែ នៅពេលនិមន្តចេញផុតពីផ្ទះនាយចុន្ទ ព្រះពុទ្ធ អង្គក៏ទ្រង់ប្រឈួនធ្លាក់ព្រះលោហិតតាមព្រះឱស្ឋ ទុរន់ទុរាជាខ្លាំង រហូតដល់ចូលបរិនិព្វាន ក្នុងព្រះជន្ម ៨០ព្រះវស្សា។

ដោយឡែក “ព្រះមហាសារីបុត្រត្ថេរ” ជាអគ្គសាវ័កស្តាំរបស់ព្រះពុទ្ធ ពេលព្រះអង្គសាងផ្នួសនោះ មានវ័យចាស់បន្តិច ទៅហើយ ព្រះអង្គជាប់ឯតទគ្គៈខាង “មានបញ្ញាច្រើន”។ ច្រើនឆ្នាំក្រោយមក ព្រះសារីបុត្រ រំពឹងមើលអាយុសង្ខារព្រះអង្គ ដឹងថា អស់ហើយ ក៏ថ្វាយបង្គំលាព្រះបរមគ្រូ រួចនិមន្តទៅផ្ទះកំណើត បន្ទាប់ពីទេសនាប្រោសញោមស្រីរួចមក ព្រះអគ្គសាវ័ក ស្តាំនេះ ក៏ចូលបរិនិព្វាន (ស្លាប់) ក្នុងបន្ទប់ដែលព្រះអង្គប្រសូត…។

លើករឿងពុទ្ធប្បវត្តិមកបង្ហាញនេះ ចង់បញ្ជាក់ថា ជំនឿខ្មែរ បើជាមនុស្សខ្ពង់ខ្ពស់ឧត្តុង្គឧត្តម គឺ “កើតកន្លែងណាទៅ ស្លាប់កន្លែងនោះ” ឬ “ឆាន់ចង្ហាន់ប្រណីតបានត្រាស់ លុះជិតបរិនិព្វានក៏ឆាន់ចង្ហាន់ប្រណីតដែរ”។ យ៉ាងណាមិញ “ទីតាំង ពិសិដ្ឋ” ឬទីកន្លែងឧត្តុង្គឧត្តម ដែលមេដឹកនាំគណបក្សប្រជាជនកម្ពុជា រួបរួមគ្នាបង្កើត “រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា” បន្ទាប់មកក៏វាយបណ្តេញរបបប្រល័យពូជសាសន៍ប៉ុល ពត រំដោះមាតុភូមិបាននៅថ្ងៃ ៧មករា ឆ្នាំ១៩៧៩ នោះ បើសិនជា ទៅបង្កើតព្រឹត្តិការណ៍អ្វីនាំឱ្យមានមន្ទិលសៅហ្មងនៅទីតាំងចាស់នោះ អាចជា “ប្រផ្នូលមិនល្អ” ដែលជាជំនឿមួយគួរដល់ ការពិចារណា។

ពាក់ព័ន្ធបញ្ហាទំនាស់ដីធ្លីកន្លងមក សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ថ្លែងថា “ដីម៉ែលោកឯងអ្ហី? ម៉េចក៏មិនចែក ឱ្យប្រជាជនទៅ! ហើយប៉ុន្មានដូចជា១ពាន់ហិកតារមុន ដល់សួរទៅ អាហ្នឹងដីអ្នកណា? ថា ដីគាត់ទៅទន្ទ្រាន គាត់ទៅកាប់ ហើយអ្នកណាគេធើអីហ្នឹង ថា អត់ទាន់ធ្វើអីទេ ថា ហ៎ ចុះម៉េចក៏មិនវាស់ឱ្យគាត់ទៅ? ឥឡូវវាស់ឱ្យគាត់ទៅវារួចហើយៗ បានទៅអ្នកណា? បានទៅប្រជាជនយើងតើ! នយោបាយដីធ្លី យើងផ្តល់ឱកាសធ្វើបែបនេះ ប៉ុន្តែ មន្ត្រីរបស់យើងហាក់ដូចជា ស្តាប់មិនបាន យល់គ្នាមិនបាន។ ខ្ញុំសុំដាស់តឿនសាជាថ្មីម្តងទៀត ចេញពីខេត្តណា ខេត្តហ្នឹងត្រូវទទួលខុសត្រូវ…”។ ដូច្នេះ កំហុសរឿងដីធ្លី មកពីអាជ្ញាធរខេត្ត មិនចេះដោះស្រាយ បណ្តាលឱ្យមានអំពើហិង្សាកើតឡើងនៅតំបន់ពិសិដ្ឋ តើអ្នកណា ទទួលខុសត្រូវ? ចៅហ្វាយខេត្តឬ?

សរុបទៅ “ចង្ហាន់ប្រណីត នាំឱ្យព្រះពុទ្ធត្រាស់ដឹង និងបរិនិព្វាន” ជាការប្រៀបធៀបទៅនឹងព្រឹត្តិការណ៍ជាន់គ្នានៅកន្លែង ដដែលនេះឯង ដែលជាបរិបទសម្រាប់បក្សកាន់អំណាច ពិចារណា និងព្យាយាមកែលម្អ…៕

ដោយ អាចារ្យថាំ

RELATED ARTICLES