Friday, March 29, 2024
Homeព័ត៌មានជាតិចោរគាស់​ផ្ទះ​មន្រ្តី​រដ្ឋ​សភាយក​ទ្រព្យ​សម្បត្តិ​និង​អាវុធ​ខ្លី​១ដើម​ ត្រូវជាប់​ខ្នោះ​

ចោរគាស់​ផ្ទះ​មន្រ្តី​រដ្ឋ​សភាយក​ទ្រព្យ​សម្បត្តិ​និង​អាវុធ​ខ្លី​១ដើម​ ត្រូវជាប់​ខ្នោះ​

ភ្នំពេញ៖ កម្លាំងព្រហ្មទណ្ឌខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ ថ្លើមធំហានផ្លោះរបងចូលគាស់ផ្ទះលោកមន្រ្តីរដ្ឋសភាលួចយកទ្រព្យសម្បត្តិ ព្រមទាំងអាវុធខ្លី១ដើមទៀត កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១១ ខែសីហា នៅចំណុចផ្ទះលេខ៥៩C តាមផ្លូវបេតុង ក្រុម២ ស្ថិតនៅភូមិតាង៉ូវក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

ជនរងគ្រោះមានឈ្មោះ ហាន់ សាលីម ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមន្រ្តីបំរើការនៅរដ្ឋសភា ស្នាក់នៅផ្ទះលេខ ៥៩C តាមផ្លូវបេតុង ក្រុម២ ស្ថិតនៅភូមិតាង៉ូវក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ បានប្រាប់ថាមុនកើតហេតុកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃកើតហេតុគាត់បានចាក់សោត្រឹមត្រូវហើយចេញទៅធ្វើការដូចធម្មតា រហូតដល់ម៉ោង១០និង៣០នាទីព្រឹកថ្ងៃខែដដែល ស្រាប់តែមានប្រជាពលរដ្ឋជាអ្នកជិតខាងបានទូរស័ព្ទប្រាប់ថាមានចោរចូលផ្ទះលួចទ្រព្យសម្បត្តិប្រញ្ញាប់មកអោយលឿន ប៉ុន្តែមុននឹងចេញមកពីធ្វើការក៏ប្ដឹងសមត្ថកិច្ចមូល ដ្ឋានឲ្យចុះជួយអន្តរាគមន៍ ។

លោក ម៉ៅ សឿត អធិការរងទទួលផែនព្រហ្មខណ្ឌច្បារអំពៅ បានប្រាប់ថាបន្ទាប់ពីឃាត់ខ្លួនដោយសារម្ចាស់ផ្ទះបានទូរស័ព្ទប្ដឹងថាដោយមានជនសង្ស័យចូលក្នុងផ្ទះយកទ្រព្យសម្បត្តិហើយក៏ប្រញាប់ចុះអន្តរាគមន៍ជាមួយសមត្ថកិច្ចមូលដ្ឋានដោយមានបណ្ដឹងតាមរយះទូរស័ព្ទហើយក៏ចុះទៅដល់ផ្ទះជនរងគ្រោះក៏ឃើញជនសង្ស័យបានផ្លោះរបងបំរុងជិះម៉ូតូម៉ាកស៊ីធីផ្លើស ពណ៍ក្រហម គ្មានស្លាកលេខ ដែលដាក់នៅក្រៅរបង ក៏ត្រូវសមត្ថកិច្ច ឃាត់ខ្លួនរួចឆែកឆេរនៅក្នុងកាបូបស្ពាយនៅជាប់នឹងខ្លួនជនសង្ស័យឃើញមានកាំភ្លើងខ្លី១ដើមម៉ាកប៉ារ៉ាលឹមនិងគ្រាប់ចំនួន១១គ្រាប់ ម៉ាស៊ីនថតម៉ាកសូនី១គ្រឿង នាឡិការដៃចំនួន៤គ្រឿង ខ្សែកកាឡៃចំនួន៣ខ្សែដោយដាំត្បូងលំអ និងម៉ាឡេតចំនួន១កាបូបធំតូចចំនួន៣ ទើបឃាត់ខ្លួន យកទៅសួរនាំ ។

ជនសង្ស័យមានឈ្មោះ យូ ចិត្រា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ បានសារភាពថាខ្លួនបានផ្លោះរបងចូលផ្ទះល្វែងលួចគាស់បង្អួចរួចចូលលួចទ្រព្យសម្បត្តិនៅជាន់ក្រោមហើយប្រមូលបាន១កាបូបធំហើយក៏ចេញមកវិញមកក្រៅរបងភ្លាមនោះក៏ត្រូវសមត្ថកិច្ចឃាត់ជាប់ចាប់យកមកប៉ុស្តិ៍នគរបាលប៉ុស្តិ៍និរោធមកសាកសួរនាំ ។

លោកអធិការរងបន្តទៀតថាក្រោយពីសាកសួរនាំជនសង្ស័យដោយបានសារភាពខ្លួនប្រើប្រាស់ថ្នាំញៀនគ្មានលុយទិញ ក៏ជិះម៉ូតូម៉ាកស៊ីធីផ្លើសដើរលួចមើលផ្ទះណាដែលឲ្យចូលលួចបានក៏ចូលខ្លួនបានប្រព្រឹត្ត៣លើកមកហើយ តែមិនដែលយកបានច្រើនទេ ទើបតែលើកនេះក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន ។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងនិងវត្ថុតាងបញ្ជូនទៅអធិការដ្ឋានខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្ត ៕

គួន ចំរើន

RELATED ARTICLES