Wednesday, October 8, 2025
Homeព័ត៌មានជាតិព្យាយាមធ្វើអត្តឃាតគ្រប់រូបភាព ម្តងនេះបានសម្រេចក្នុងសាលារៀន

ព្យាយាមធ្វើអត្តឃាតគ្រប់រូបភាព ម្តងនេះបានសម្រេចក្នុងសាលារៀន

ខេត្តព្រៃវែង ៖ បុរសម្នាក់ឱ្យតែផឹកស្រាស្រវឹង ចេះតែព្យាយាមចង់សម្លាប់ខ្លួន តែត្រូវបានសាច់ញាតិ អ្នកជិតខាងជួយឃាត់ទាន់ពេល រហូតលុះចុងក្រោយ បន្ទាប់ពីផឹកស្រាស្រវឹងធ្លាក់ភ្នែក ក៏ដើរចេញបាត់ពីផ្ទះ១យប់ ទោះជាក្រុមគ្រួសារតាមរកយ៉ាងណា ក៏មិនឃើញសោះ រហូតដល់ព្រឹកឡើង ក៏ត្រូវគេប្រទះឃើញចងកសម្លាប់ខ្លួននៅក្នុងសាលារៀន។

ករណីចងកធ្វើអត្តឃាតខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ នៅចំណុចបរិវេណសាលាបឋមសិក្សាព្រែកអន្ទះ ស្ថិតក្នុងភូមិព្រែកអន្ទះ ឃុំព្រែកអន្ទះ ស្រុកពោធិ៍រៀង។

បុរសគំនិតខ្លីដែលចងកសម្លាប់ខ្លួន មានឈ្មោះ អ៊ុ វុត្ថា អាយុ៥២ឆ្នាំ មុខរបរមិនពិតប្រាកដ និងជាមនុស្សផឹកស្រាស្រវឹងរាល់ថ្ងៃ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានឱ្យដឹងថា ជនរងគ្រោះគឺជាមនុស្សចូលចិត្តផឹកស្រាខ្លាំងណាស់ តែងដើរផឹកស្រាជារៀងរាល់ ថ្ងៃរហូតដល់ក្តៅខួរ ស្ទើរបាត់បង់សតិស្មារតីអស់ទៅហើយ ហើយឱ្យតែផឹកស្រាស្រវឹងម្តងៗ ជនរងគ្រោះចេះតែប៉ុនប៉ងធ្វើអត្តឃាតតាមគ្រប់រូបភាព ប៉ុន្តែតែងត្រូវបានអ្នកជិតខាង សាច់ញាតិ និងក្រុមគ្រួសារ ជួយឃាត់ទាន់ពេលរហូត។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានដើរចេញទៅផឹកស្រាដូចសព្វដង រួចក៏បាត់ខ្លួនមិនឃើញត្រឡប់មកផ្ទះវិញសោះ ធ្វើឱ្យក្រុមគ្រួសារនាំគ្នាឆោឡោ ដើរតាមរកសព្វកន្លែងតែមិនមានដំណឹងសោះ។ រហូតមកដល់ព្រឹកឡើង ក៏ស្រាប់តែមានសិស្សសាលា ប្រទះឃើញជនរងគ្រោះចងកសម្លាប់ខ្លួននៅក្នុងបរិវេណសាលាបឋមសិក្សាព្រែកអន្ទះ ស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានចកធ្វើអត្តឃាតប្រាកដមែន ដោយប្រើខ្សែគោពណ៌ខ្មៅចងកជាប់នឹងមែកឈើក្នុងសាលារៀន ស្លាប់ទាំងក្នុងសភាពអង្គុយលើបង់អង្គុយលេងក្នុងបរេវិណសាលា។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជនរងគ្រោះអាចនឹងធ្វើសកម្មភាពចងកធ្វើអត្តឃាត នៅអំឡុងម៉ោងប្រមាណ១០យប់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨។ មូលហេតុដោយសារជនរងគ្រោះផឹកស្រាស្រវឹងខ្លាំងពេក មិនអាចគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងបាន។

សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES