Friday, November 22, 2024
Homeបរិយាយគុយទាវ១តុ ឲ្យម៉ុក​ ចេញម្នាក់ឯង !

គុយទាវ១តុ ឲ្យម៉ុក​ ចេញម្នាក់ឯង !

បន្ទាប់ពីបងធំទី១ ប៉ុល ពត ស្លាប់ដោយគ្មានព្រះសង្ឃឱ្យធម៌ នៅក្នុងព្រៃអន្លង់វែង មេដឹកនាំឧទ្ទាមខ្មែរក្រហម ឯទៀត បានចុះចូលជាមួយរាជរដ្ឋាភិបាល ជាបន្តបន្ទាប់។ ផ្ទុយទៅវិញ ឈិត ជឿន ហៅតាម៉ុក រឹងរូសណាស់ មិនព្រមចុះចូលជា ដាច់ខាត ក៏ត្រូវពួកខ្មែរក្រហម រុញកំហុសឱ្យគាត់ទទួលម្នាក់ឯង ប៉ុន្តែ តាម៉ុក ឆ្លើយថា “គុយទាវ១តុ ឱ្យម៉ុក ចេញម្នាក់ឯង”។ យ៉ាងណាមិញ អ្នកនាំពាក្យបក្សកាន់អំណាច ដែលកំពុងល្បីល្បាញ ត្រូវបានពួកប្រឆាំង រុញកំហុសដាក់ធ្ងន់ជាងគេ ដែល “នគរធំ” ក្តាប់បាន ក៏លើករឿង “តាម៉ុក” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

សមមិត្តឈិត ជឿន ហៅតាម៉ុក មានដើមកំណើតនៅស្រុកត្រាំកក់ ខេត្តតាកែវ ធ្លាប់បួសរៀនពីក្មេង ក្រោយមកក៏បាន ចូលរួមក្នុងចលនាខ្មែរក្រហម ធ្វើសកម្មភាពក្នុងព្រៃ។ នាសម័យសង្គ្រាម ដោយសារគាត់ខ្លាំងទាំងខាងយុទ្ធសាស្ត្រ និង នយោបាយ ក៏បានឡើងឋានៈជាបន្តបន្ទាប់ រហូតដល់ “គណៈភូមិភាគនិរតី” និងជាសមាជិកមជ្ឈិមបក្សកុម្មុយនីស្តកម្ពុជា។ ក្រោយរបបប៉ុល ពត ដួលរលំនៅថ្ងៃ៧មករា ឆ្នាំ១៩៧៩ តាម៉ុក បានរត់ចូលព្រៃ បង្កចលនា “ឧទ្ទាមកម្ម” ដោយមានទីតាំង នៅតំបន់ភ្នំដងរែក។ ជាអកុសល គាត់ដើរជាន់មីន ផ្ទុះដាច់ជើងម្ខាង ក្លាយជាជនពិការ ប៉ុន្តែ ទោះជាគាត់ពិការ ក៏ “ស្មោះត្រង់ នឹងរបបកម្ពុជាប្រជាធិបតេយ្យ” ដាច់ខាតមិនចុះចូលធ្វើសមាហរណកម្ម។

ក្រោយពេលបងធំទី១ ប៉ុល ពត ទទួលមរណភាពនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៩៨ មេខ្មែរក្រហមដទៃទៀត ដូចជា អៀង សារី និងភរិយា ខៀវ ធីរិទ្ធ នួន ជា ខៀវ សំផន បានដឹកនាំកូនចៅជាបរិវារ ចុះចូលរាជរដ្ឋាភិបាល ជាបន្តបន្ទាប់ ប៉ុន្តែ តាម៉ុក មិនព្រមចុះចូលជាដាច់ខាត។ ដោយសារតែភាពរឹងរូសនេះ មេខ្មែរក្រហម ឯទៀត ក៏ដូចជាប្រជាពលរដ្ឋខ្មែរ ទូទាំង ប្រទេស ចោទប្រកាន់តាម៉ុក ថា “ជាមនុស្សបាតដៃលោហិត” ជាពិសេស បានរុញកំហុសពីបទ “ប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្ម- សង្គ្រាម” ឱ្យតាម៉ុក ទទួលថ្មបាក់ពីប៉ុល ពត ដែលស្លាប់ទៅហើយនោះ។ នៅពេលមានការទម្លាក់កំហុសនោះ ក៏លេចឮតាម បណ្តាញសារព័ត៌មានថា តាម៉ុក ខឹងខ្លាំងណាស់ ក៏ឆ្លើយឌឺដងទៅអ្នកចោទគាត់ថា “គុយទាវ១តុ ឱ្យម៉ុក ចេញម្នាក់ឯង”។ សម្តីនេះបានន័យថា ប្រទេសកម្ពុជា ដែលក្លាយជាវាលពិឃាត មកពីមេខ្មែរក្រហម ទាំងអស់ រួមដៃគ្នា ឬសមគំនិតគ្នាធ្វើ ឬថា ហូបគុយទាវ១តុ មានគ្នាជិត១០នាក់ មិនជួយចេញលុយគ្នា បែរជាឱ្យតាម៉ុក ចេញម្នាក់ឯងទៅវិញ។ ភាពរឹងរូសរបស់ តាម៉ុក ត្រូវបានកម្លាំងរដ្ឋាភិបាល តាមចាប់ខ្លួនបាន នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ១៩៩៩ ដោយដឹកគាត់តាមឧទ្ធម្ភាគចក្រ ចេញ ពីអន្លង់វែង មកដាក់គុកនៅភ្នំពេញ។ មិនបានប៉ុន្មានឆ្នាំ តាម៉ុក បានស្លាប់នៅក្នុងមន្ទីរពេទ្យព្រះកេតុមាលា ហើយសពគាត់ ត្រូវបានសាច់ញាតិដឹកយកទៅបញ្ចុះក្នុងវត្តមួយ នៅស្រុកអន្លង់វែង។

ដូច្នេះយើងឃើញថា តាម៉ុក គ្មានតួនាទីខ្ពស់ប៉ុន្មានទេ ជាថ្នាក់កម្មាភិបាលភូមិភាគ ប៉ុន្តែ ដោយសារគាត់លេចធ្លោជាងគេ ក៏ត្រូវគេរុញកំហុសឱ្យគាត់ទទួលម្នាក់ឯង។ ជំនាន់នោះ ក៏មានពាក្យលេចឮថា “ក្នុងព្រៃមានម៉ុក ក្នុងស្រុកមានពៅ” (លោក ហេង ពៅ អតីតស្នងការនគរបាលរាជធានីភ្នំពេញ សព្វថ្ងៃជាប់គុកព្រៃស) សុទ្ធតែពិការជើង និងខ្លាំងដូចគ្នា ក៏ល្បីយ៉ាងនេះទៅ។

ឥឡូវមន្ត្រីអ្នកនាំពាក្យបក្សកាន់អំណាច ដែលលេចធ្លោជាងគេ ក៏ត្រូវពួកប្រឆាំង ទម្លាក់កំហុសដាក់ទៀតហើយ។ លោក សុខ ឥសាន ដែលមានវោហារសាស្ត្រពូកែ តែងចេញមុខការពារគណបក្សប្រជាជនកម្ពុជា ដោយគ្មានពេលសម្រាកនោះ ឃើញសកម្មខ្លាំងណាស់ រហូតដល់ពួកប្រឆាំងនៅក្រៅប្រទេស ជេរប្រទេចគាត់ឡើងរង្គើហ្វេសប៊ុក យូធូប។ អ្នកនាំពាក្យ CPP សំខាន់ៗ មាន៣នាក់ គឺលោកសុខ ឥសាន លោកសួស យ៉ារ៉ា និងលោកឈឹម ផលវរុណ ប៉ុន្តែ លោកសុខ ឥសាន លេចធ្លោជាងគេ ព្រោះតែពួកប្រឆាំង រុញកំហុសដាក់ហ្នឹងឯង។ បើពិនិត្យបញ្ហានេះឱ្យដិតដល់ទៅ គឺមកពីលោកសុខ ឥសាន ស្មោះត្រង់ដាច់ខាតនឹងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ទើបគាត់ហ៊ានលះបង់អ្វីៗទាំងអស់ មិនខុសពី “ខ្សែបម្រើកីឡាបាល់ទាត់”។ ទោះយ៉ាងណា លោកសុខ ឥសាន ក៏ទទួលបានការសរសើរពីអ្នកសារព័ត៌មាន និង មជ្ឈដ្ឋានសង្គមស៊ីវិលមួយចំនួនផងដែរ ដែលត្រង់ថា លោកមានទំនាក់ទំនងល្អងាយស្រួលក្នុងការផ្តល់សម្ភាសន៍ ទើបមាន ព័ត៌មានអ្វីត្រូវឆ្លើយតបអ្នកកាសែតសម្រុករកតែលោក។

ភាពលេចធ្លោរបស់មនុស្សល្បី បើជាតារាចម្រៀង គឺល្បីត្រង់មានអ្នកគាំទ្រយកបទចម្រៀងគាត់ទៅច្រៀង និងរាំតាម ប៉ុន្តែ បើជាអ្នកនាំពាក្យ គឺល្បីត្រង់ “ពួកប្រឆាំងស្អប់គាត់ខ្លាំងជាងគេ” នេះឯង។ កាលពីសម័យលន់ នល់ មានការតែងតាំង “អ្នកនាំពាក្យកងយោធពលខេមរជាតិ” ឈ្មោះវរសេនីយ៍ទោ អំ រ៉ុង ក៏លេចធ្លោយ៉ាងនេះដែរ។ ភាពលេចធ្លោរបស់លោកស័ក្តិ៤ កន្លះ អំ រ៉ុង ត្រង់ “ខ្មែរក្រហមស្អប់គាត់ រហូតដល់ព្រមានកាត់អណ្តាត” ប៉ុន្តែ ក៏មិនអាចធ្វើអ្វីអ្នកនាំពាក្យនោះបានដែរ ព្រោះ ក្រោយពេលបែកភ្នំពេញ ឮថា លោកអំ រ៉ុង រត់រួចទៅក្រៅប្រទេស។ នៅអាមេរិក ក៏មានការតែងតាំងលោកស្រី សារ៉ាហ៍ សាន់ដឺរ (Sarah Sanders) ជាអ្នកនាំពាក្យសេតវិមាន ត្រូវបានអ្នកដឹកនាំហ៊្វីលីពីន កូរ៉េខាងជើង ស្អប់លោកស្រីនោះខ្លាំង ណាស់ ប៉ុន្តែ ពលរដ្ឋអាមេរិក មិនស្អប់គាត់ទេ។

យ៉ាងណាមិញ ភាពលេចធ្លោរបស់លោកសុខ ឥសាន ត្រូវបានអ្នកគាំទ្រ CPP គោរពស្រលាញ់ ប៉ុន្តែពួកប្រឆាំង បែរជាស្អប់ គាត់ដូចសត្រូវស៊ីសាច់ នេះមកពីគាត់ស្មោះត្រង់នឹងបក្ស ភក្តីភាពនឹងនាយករដ្ឋមន្ត្រី។ ព្រះសម្មាសម្ពុទ្ធ បរមគ្រូ ក៏មានអ្នកនាំពាក្យ ដែរ ពោលគឺបន្ទាប់ពីព្រះសារីបុត្តត្ថេរ និងព្រះមោគ្គល្លានត្ថេរ ជាអគ្គសាវ័កស្តាំ និងឆ្វេង ចូលបរិនិព្វានទៅ ព្រះពុទ្ធអង្គ បានតែងតាំង “ព្រះអានន្ទត្ថេរ” ជា “ពុទ្ធប្បដ្ឋាក” (អ្នកបម្រើព្រះពុទ្ធ និងជាអ្នកនាំពាក្យ)។ ព្រះអានន្ទ ឆ្លាតណាស់ ទោះជាមិនទាន់បានសម្រេច ព្រះអរហត្តផល ក៏ព្រះពុទ្ធដីកាអ្វី ឬថា ព្រះបរមគ្រូ ទេសនាពន្យល់ពីធម៌អ្វី ព្រះអានន្ទ ចងចាំទាំងអស់ រហូតជាប់ឯតទគ្គៈជា “ឃ្លាំងធម៌”។ ជំនាន់ពុទ្ធកាល មិនខ្វះទេ សង្ឃសាវ័ក ប៉ុន្តែ ព្រះអានន្ទ ខ្លាំងជាងគេ ក៏ក្លាយជាអ្នកនាំពាក្យលេចធ្លោក្នុងព្រះពុទ្ធសាសនា។ ព្រះអានន្ទ បានក្លាយជាព្រះអរហន្ត ក្រោយពេលព្រះពុទ្ធអង្គចូលបរិនិព្វាន បាន៣ខែ បានដឹកនាំសាសនាឱ្យរីកចម្រើន ថ្កុំថ្កើង។ ព្រះអង្គបានចូលបរិនិព្វាន ក្នុងព្រះជន្ម១២០វស្សា ដោយបន្សល់ទុកសិស្ស ១អង្គ ព្រះនាម “យសកាកណ្ឌកបុត្ត” ខ្លាំងខាងព្រះធម៌ដូចគ្នា គឺព្រះថេរៈជាសិស្សព្រះអានន្ទ នេះឯង ដែលបានដឹកនាំធ្វើ “ទុតិយសង្គាយនា”។

ដូច្នេះភាពខ្លាំងរបស់លោកសុខ ឥសាន មកពីគាត់ហ៊ានលះបង់អ្វីទាំងអស់ ដើម្បី CPP ដោយមួយថ្ងៃៗរវល់តែចាំទប់ការ វាយប្រហារពីក្រៅ គ្មានបានសម្រាក។ មិនខ្វះទេ មន្ត្រីធំៗរបស់បក្សកាន់អំណាច ឯអ្នកនាំពាក្យក៏មានគ្រប់ក្រសួង ប៉ុន្តែចាញ់ លោកសុខ ឥសាន ទាំងអស់។ ដូចលើកឡើងខាងលើរួចហើយថា ភាពខ្លាំងរបស់អ្នកនាំពាក្យ នៅត្រង់ពួកប្រឆាំងស្អប់ខ្លាំងជាងគេ មិនខុសពីតាម៉ុក គ្មានតួនាទីធំដុំក្នុងការដឹកនាំបក្សអ្វីសោះ លុះមានបញ្ហា គេរុញកំហុសដាក់តែគាត់ម្នាក់ រហូតលេចឮពាក្យថា “គុយទាវ១តុ ឱ្យម៉ុក ចេញម្នាក់ឯង”។ អ៊ីចឹងមន្ត្រីជាន់ខ្ពស់របស់បក្សកាន់អំណាចមានច្រើនណាស់ កំពុងរស់នៅយ៉ាងសែនសុខ ដោយមានទ្រព្យសម្បត្តិ យសសម្បត្តិ តែពួកប្រឆាំង មិនដែលជេរតាមហ្វេសប៊ុក យូធូប គឺមកពីល្បី មិនដល់លោកសុខ ឥសាន នេះឯង។

សរុបទៅ “គុយទាវ១តុ ឱ្យម៉ុក ចេញម្នាក់ឯង” គ្រាន់តែចង់លើកពីអតីតកាល ខណៈដែលតាម៉ុក ត្រូវគេរុញកំហុសដាក់ មិនខុសពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលពួកប្រឆាំង រុញកំហុសមកលើធ្ងន់ជាងគេ។ ហេតុនេះគួរតែបក្សកាន់អំណាច ផ្តល់តម្លៃខ្ពស់ចំពោះអ្នកនាំពាក្យដែលហ៊ានលះបង់អ្វីៗទាំងអស់ ដើម្បីបក្សនេះផង”

ដោយ អាចារ្យថាំ

RELATED ARTICLES