Wednesday, October 8, 2025
Homeព័ត៌មានជាតិសាកសពដេកឱបគល់ត្នោត ត្រូវឃាតករកំណាចអាករសម្លាប់ សមត្ថកិច្ចកំពុងតាមប្រមាញ់

សាកសពដេកឱបគល់ត្នោត ត្រូវឃាតករកំណាចអាករសម្លាប់ សមត្ថកិច្ចកំពុងតាមប្រមាញ់

ភ្នំពេញ ៖ យុវជនម្នាក់ ត្រូវបានជនមិនស្គាល់មុខអារកសម្លាប់យ៉ាងឃោរឃៅ បណ្តាលឱ្យដេកស្លាប់ឱបជាប់គល់ត្នោតយ៉ាងអាណោចអាធ័ម និងត្រូវប្រជាពលរដ្ឋប្រទះឃើញ សង្ស័យថាជាករណីប្លន់សម្លាប់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ នៅចំណុចដីវាលមួយកន្លែង ក្បែរការដ្ឋានសង់ផ្ទះល្វែង ស្ថិតនៅខាងក្រោយរោងចក្របឺរី ក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

សាកសពជនរងគ្រោះ ដែលត្រូវឃាតករដៃឆៅអាករសម្លាប់យ៉ាងព្រៃផ្សៃ មានឈ្មោះហែម សុជាតិ ហៅវិត អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតមានការភ្ញាក់ផ្អើលនេះឡើយ មានអ្នកភូមិ និងកម្មករ បានធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុ រួចក៏ប្រទះឃើញសាកសពជនរងគ្រោះខាងលើ ដេកស្លាប់ក្នុងថ្លុកឈាម ទើបកើតមានការផ្អើលឆោឡោ រាយការណ៍ជូននគរបាលប៉ុស្តិ៍ត្រពាំងក្រសាំង និងនគរបាលព្រហ្មទណ្ឌណ្ឌពោធិ៍សែនជ័យ ចុះទៅពិនិត្យតែម្តង។

ដោយឡែក តាមប្រភពពីសាក្សីនៅក្បែរកន្លែងកើតហេតុ បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោងប្រមាណ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ គេបានឮសូរសំឡេងម៉ូតូជិះមកកន្លែងកើតហេតុ ក្រោយមករយៈពេលប្រមាណ២០នាទី ក៏លាន់ឮសំឡេងម៉ូតូបើកចេញពីកន្លែងកើតហេតុវិញបាត់ទៅ ស្រាប់តែព្រឹកព្រលឹមឡើង ក៏កើតមានការភ្ញាក់ផ្អើលថាឃើញសពរបស់ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាមបែបនេះតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ រាយខ្សែព័ទ្ធជុំវិញទីតាំងកើតហេតុ ដើម្បីរង់ចាំខាងជំនាញបច្ចេកទេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកពិនិត្យ និងធ្វើកោសល្យវិច័យ។

បន្ទាប់ពីពិនិត្យរួច សមត្ថកិច្ចបានបញ្ជាក់ថា សាកសពដែលស្ថិតក្នុងសម្លៀកបំពាក់ខោជើងវែងពណ៌ស្ករ អាវដៃវែងពណ៌ស ពាក់ស្បែកជើងផ្ទាត់ពណ៌ខៀវ បានដេកស្លាប់ក្នុងសភាពផ្កាប់ឱបគល់ត្នោត និងងើយមុខឡើងលើ ព្រមទាំងមានស្លាកស្នាមអារកទៀតផង។ ដោយឡែក នៅក្បែរខ្លួនសាកសព មានចានបបរចាខ្វៃ និងកំប៉ុងភេសជ្ជៈគោជល់ ព្រមទាំងទូរស័ព្ទដៃ១គ្រឿងផងដែរ។

ជុំវិញករណីឃាតកម្មខាងលើនេះ សមត្ថកិច្ចនៅមិនទាន់អាចធ្វើការសន្និដ្ឋានបាននៅឡើយថា តើជាករណីគំនុំ ឬជាករណីប្លន់សម្លាប់នោះទេ តែយ៉ាងណា សមត្ថកិច្ចកំពុងធ្វើការការស្រាវជ្រាវ ដើម្បីវែកមុខឃាតករយកមកផ្តន្ទាទោសតាមច្បាប់។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចដឹកយកតម្កល់នៅវត្តពោធិ៍ចិនតុង ដើម្បីរង់ចាំទាក់ទងទៅសាច់ញាតិជនរងគ្រោះនៅខេត្តកំពង់ស្ពឺ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES