ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូចេញពីធ្វើការ ស្រាប់តែត្រូវជនមិនស្គាល់មុខ២នាក់ ជិះម៉ូតូដេញតាមពីក្រោយ កាប់១ដាវ បណ្តាលឱ្យរយះក្បាលរងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះដែលត្រូវជនសង្ស័យកាប់ប្រហារបណ្តាលឱ្យរយះក្បាល មានឈ្មោះជឹម ឧត្តម អាយុ២៣ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅបន្ទប់ជួលនៅម្តុំលូប្រាំ ស្ថិតសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងមានស្រុកកំណើតនៅខេត្តតាកែវ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូម៉ាក Zoomer-X ពណ៌ខ្មៅលាយស ពាក់ស្លាកលេខភ្នំពេញ 1FP-9583 បើកបរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត ជិះម្នាក់ឯង លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនបង្ក២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម មិនចាំស្លាកលេខ ធ្វើដំណើរក្នុងទិសដៅស្របគ្នា បានជិះមកអែបទន្ទឹមពីក្រោយ រួចក៏ដកដាវកាប់ប្រហារទៅលើជនរងគ្រោះ ចំក្បាលផ្នែកខាងឆ្វេង បណ្តាលឱ្យដួលម៉ូតូភ្លាមៗ តែសំណាងល្អដែលជនរងគ្រោះពាក់មួកការពារសុវត្ថិភាព។
ប្រភពដដែលបន្តថា ក្រោយពីកាប់ប្រហារជនរងគ្រោះរួចហើយ ជនបង្កបានជិះគេចខ្លួនបាត់ស្រមោល ចំណែកជនរងគ្រោះបានដួលម៉ូតូប្រឡាក់សុទ្ធតែឈាម ធ្វើឱ្យប្រជាពលរដ្ឋនៅកន្លែងកើតហេតុឃើញស្មានថា ជនរងគ្រោះជួបគ្រោះថ្នាក់ចរាចរណ៍បាននាំគ្នាមកជួយភ្លាមៗដែរ លុះសួរនាំទើបដឹងថា ជាករណីកាប់ប្រហារ។
តាមសម្តីជនរងគ្រោះ បានឱ្យដឹងថា រូបគេមិនដែលមានទំនាស់ជាមួយជនដៃដល់ទេ ហើយនៅមុនពេលកើតហេតុ រូបគេទើបចេញពីធ្វើការនៅការ៉ាស់រថយន្តនៅម្តុំកន្លែងលក់សាច់ក្រក ខណៈជិះម៉ូតូមកដល់ចំណុចខាងលើ ស្រាប់តែមានជនមិនស្គាល់មុខខាងលើកាប់ឱ្យរងរបួសតែម្តង។
ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋបានជួយដឹកបញ្ជូនជនរងគ្រោះទៅព្យាលនៅមន្ទីរពេទ្យ សុខា កំបូល ក្រោយមកដោយឃើញស្ថានភាពរបួសរបស់ជនរងគ្រោះមានសភាពធ្ងន់ធ្ងរពេក ទើបត្រូវបានបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ភ្លាមៗផងដែរ។
ជុំវិញករណីខាងលើនេះ សមត្ថកិច្ចកំពុងតែស្រាវជ្រាវ ដើម្បីរកមូលហេតុពិតប្រាកដ ថាតើជាគំនុំ ឬក៏ជាករណីកាប់ប្លន់យកម៉ូតូ៕