Wednesday, October 8, 2025
Homeព័ត៌មានជាតិកំពុងដើរសុខៗ គូទំនាស់ចាស់ស្ទុះទៅកាប់ប្រហារ២ពូថៅ រយះក្បាល

កំពុងដើរសុខៗ គូទំនាស់ចាស់ស្ទុះទៅកាប់ប្រហារ២ពូថៅ រយះក្បាល

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់កំពុងតែដើរតែម្នាក់ឯងសុខៗ ស្រាប់តែត្រូវគូទំនាស់ចាស់ ទាញពូថៅស្ទុះចូលមកកាប់ប្រហារចំនួន២ពូថៅ បណ្តាលឱ្យរយះក្បាលរងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ នៅចំណុចមុខរោងចក្រសួនវ៉ាយសេវេន៣ ស្ថិតក្នុងភូមិព្រៃសុភី ឃុំត្រពាំងគង ស្រុកសំរោងទង។

បុរសរងគ្រោះដែលត្រូវគូទំនាស់ចាស់កាប់ឱ្យរងរបួសធ្ងន់ មានឈ្មោះមាស សំណាង អាយុ៣២ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ រងរបួសធ្ងន់ត្រង់ក្បាល និងម្រាមដៃខាងឆ្វេង។ ចំណែកជនដៃដល់ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះនុត អំ អាយុ៣០ឆ្នាំ មានលំនៅក្នុងភូមិឃុំជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះឈ្មោះមាស សំណាង បានដើរតែម្នាក់ឯង លុះមកដល់ចំណុចមុខរោងចក្រសួនវ៉ាយសេវេន៣ ក៏ស្រាប់តែលេចមុខជនបង្កឈ្មោះនុត អំ បានកាន់ពូថៅស្ទុះចូលមកាប់ប្រហារទៅលើជនរងគ្រោះទាំងកំរោល ចំនួន២ពូថៅ បណ្តាលឱ្យជនរងគ្រោះរងរបួសត្រង់ក្បាល១ពូថៅ និងចំដៃម្រាមដៃខាងឆ្វេង បណ្តាលឱ្យរងរបួសធ្ងន់តែម្តង។

ក្រោយកើតហេតុ ជនបង្កហេតុបានបោះពូថៅចោល រួចរត់គេចខ្លួនបាត់ស្រមោល។ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់ពេទ្យឯកជន ផ្សារព្រៃផ្តៅ ដើម្បីព្យាបាលរបួស បន្ទាប់មកក៏ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីក្រុមគ្រួសារជនរងគ្រោះភ្លាម សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យបាន នៅវេលាម៉ោង៥និង២០នាទីថ្ងៃដដែល ពោលគឺក្រោយកើតហេតុជិត១ម៉ោងប៉ុណ្ណោះ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES