នៅម៉ោងព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ អគ្គិភ័យឆេះផ្សារច្បារអំពៅ ត្រូវបានសមត្ថកិច្ចពន្លត់អគ្គិភ័យអាចគ្រប់គ្រងបានហើយ មិនឆេះរីករាលដាលបន្តទៀតឡើយ។ ដើម្បីទប់សភាពការ អាជ្ញាធរ និងសមត្ថកិច្ចបានសម្រេចប្រើប្រាស់អេស្កាទ័រកាយផ្តាច់តូបដែលឆាបឆេះ និងតូបមិនទាន់ឆេះ មិនឲ្យគ្រោះអគ្គិភ័យបំផ្លាញតូបរបស់អាជីវករទាំងនោះទៀតឡើយ។
ហេតុការណ៍ឆេះផ្សារច្បារអំពៅ គេបានឮសំឡេងផ្ទុះកំប៉ុងហ្គាស និងមានមនុស្សជាប់នៅក្នុងរបងផងដែរ ប៉ុន្តែត្រូវបានក្រុមជួយសង្គ្រោះបាញ់ទឹកពន្លត់ ដើម្បីឲ្យចាកចេញពីខាងក្នុងទាន់ពេលវេលា។
ក្នុងហេតុការណ៍នោះ លោកអភិបាលរាជធានីភ្នំពេញ ឃួង ស្រេង និងនាយឧត្តមសេនីយ៍ស្នងការនគរបាលរាជធានីភ្នំពេញ ជួន សុវណ្ណ បានមានវត្តមានឈរបញ្ជាក្រុមពន្លត់អគ្គិភ័យផងដែរ។
សូមបញ្ជាក់ថា អគ្គិភ័យឆាបឆេះផ្សារច្បារអំពៅ តាំងពីកណ្តាលអាធ្រាត្រឈានចូលដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ ដោយបំផ្លិចបំផ្លាញតូប និងទ្រព្យសម្បត្តិរបស់អាជីវករអស់យ៉ាងច្រើនសន្ធឹកសន្ធាប់។ មូលហេតុនៃការឆាបឆេះនេះ សមត្ថកិច្ចមិនទាន់ដឹងពីមូលហេតុ និងទំហំខូចខាតនៅឡើយ៕