Saturday, February 1, 2025
Homeព័ត៌មានជាតិឪពុកលួចរៀបការស្រីក្មេងអាយុ២៨ឆ្នាំ កូនប្រុសត្អូញអាណិតម្តាយដេកហូរទឹកភ្នែក

ឪពុកលួចរៀបការស្រីក្មេងអាយុ២៨ឆ្នាំ កូនប្រុសត្អូញអាណិតម្តាយដេកហូរទឹកភ្នែក

ភ្នំពេញ ៖ ជារឿងគួរឱ្យភ្ញាក់ផ្អើលមួយ ខណៈដែលយុវជនម្នាក់ បានអះអាងថា ឪពុករបស់ខ្លួនដែលមានវ័យដល់ទៅជាង៥០ឆ្នាំប្លាយទៅហើយ បែរជាបែកគំនិត លួចលាក់រៀបការប្រពន្ធថ្មីជាស្រីក្មេង ដោយកុហកខាងស្រីថាខ្លួនជាពោះម៉ាយ និងបានកុហកប្រពន្ធដើមនិងកូនៗថា ទៅស៊ីការគេនៅខេត្ត តាមពិតលួចទៅរៀបការខ្លួនឯងសោះ ទុកឱ្យប្រពន្ធកូនដេកផ្ទះទួញយំពេញផ្ទះ។

យុវជនដែលអះអាងថាឪពុករបស់ខ្លួនលួចទៅរៀបការជាមួយស្រីក្មេងនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានគណនីហ្វេសប៊ុកឈ្មោះ Ricky Bella Xz

យោងតាមគណនីហ្វេសប៊ុក ឈ្មោះ Ricky Bella Xz កាលពីវេលាម៉ោង៩និង០៧នាទីយប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ បានបង្ហោះរូបភាពចំនួន២សន្លឹក បង្ហាញពីសកម្មភាពមង្គលការមួយ នៅក្នុងពិធីកាត់សក់បង្កក់សិរី ជូនកូនកំលោះក្រមុំ ដែលក្នុងនោះ កូនក្រមុំមានវ័យក្មេងខ្ចី រូបសម្រស់ក៏ល្អផូរផង់ ចំណែកកូនកំលោះហាក់មានវ័យចំណាស់ជាងកូនក្រមុំ បៀបបានឪពុកនិងកូន។

ទន្ទឹមនឹងបង្ហោះរូបថតចំនួន២សន្លឹកខាងលើ ម្ចាស់គណនីហ្វេសប៊ុកRicky Bella Xz បានសរសេរសារមួយថា “ឪកំពុងចូលរោងការជាមួយប្រពន្ធថ្មី លួចលាក់ប្រពន្ធកូនដើមប្រាប់ថាទៅស៊ីការគេនៅខេត្ត តែការពិតទៅធ្វើកូនកំលោះខ្លួនឯងសោះ។ ទុកកូនឱ្យចាំផ្ទះ យកលេសថា ខ្លួនពោះម៉ាយ ក៏ដើម្បីការប្រពន្ធថ្មី លុយខំសន្សំ មិនដែលឱ្យលុយកាក់ទំនុកបម្រុងគ្រួសារ បែរជាយកលុយដែលប្រពន្ធកូនដើមជួយសន្សំ ទៅការស្រីថ្មីអាយុទើបតែ២៨ យកមកចិញ្ចឹមគេឱ្យសុទ្ធ ខ្លួនវិញអាយុជិត៥០លូវហើយ ប្រពន្ធកូននៅផ្ទះបានត្រឹមដេកមើលឪចូលរោងការទាំងហូរទឹកភ្នែក ម្តាយចាស់នៅផ្ទះគ្មានអ្វិី រស់ដោយសារកូនចិញ្ចឹមបានត្រឹមទឹកភ្នែក និយាយតែពាក្យ (ប្តីខ្ញុំមិនដូចប្តីគេ) ចៅយំរកតា សួររកតាទៅណា ធ្លាប់តែបីចៅដើរលេង អីលូវនេះតារវល់ចូលរោងការប្រពន្ធថ្មី គ្មានអាល័យ សម្បីចៅស្រីអាយុមិនទាន់បាន២ខួបផង ចេះនិយាយបិរបឹកសួររកតែ តា (តានៅណាតាទៅណា) អីលូវបានត្រឹមមើលរូបថតការឪពុកខ្លួនឯងចូលរោងការ មានតែជូនពរប៉ាពីចម្ងាយ ឱ្យមានក្តីសុខនឹងប្រពន្ធថ្មីដែល អាយុបងកូនឯង៣-៤ឆ្នាំ សង្ឃឹមថាប្រពន្ធថ្មីប៉ាចិត្តបាននឹងប៉ា មិនដូចប្រពន្ធកូនដើមប៉ាដែលនៅមួយគ្នាជិត៤០ឆ្នាំត្រូវប៉ាបោះបង់នេះចុះ…”។

ក្រោយការបង្ហោះសាររៀបរាប់របស់ម្ចាស់គណនី Ricky Bella Xz រួចមក គេឃើញមានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានចូលទៅ Comment ផ្សេងៗគ្នា ដោយខ្លះបានរិះគន់ទៅលើបុរសជាឪពុកដែលក្បត់ចិត្តប្រពន្ធកូនទៅរៀបការស្រីថ្មី តែខ្លះបានរិះគន់ទៅលើភាគីនារីជាភរិយាក្រោយ ថាសម្លឹងឃើញទ្រព្យសម្បត្តិ ឬមិនគិតដល់ចិត្តប្រពន្ធដើមគេ ដែលជាមនុស្សស្រីដូចគ្នា។

យ៉ាងណាក្តី ម្ចាស់គណនីហ្វេសប៊ុក Ricky Bella Xz ដែលអះអាងថាជាកូនប្រុសបុរសដែលលួចទៅរៀបការប្រពន្ធថ្មីជាស្រីក្មេងនេះ បានបង្ហោះសារមួយបន្ថែមទៀតថា “កុំ share ជេរគាត់ យ៉ាងណាក៏គាត់ធ្លាប់ជាឪពុកខ្ញុំដែរ…”។

ដោយឡែកម្ចាស់គណនីមួយបានចូលទៅ Comment ថា “គាត់មិនទាន់លែងលះប្រពន្ធដើមទេ ខុសច្បាប់ហើយ…” ស្រាប់តែភ្លាមនោះ គេឃើញម្ចាស់គណនីឈ្មោះ Rina Bo បានចូលទៅឆ្លើយតបវិញភ្លាមៗថា “ហេតុអីដឹងច្បាស់ថាគេមិនទាន់លែងលះគ្នា?”។ បន្ទាប់មក ម្ចាស់គណនី Rina Bo បានបង្ហោះនូវលិខិតកិច្ចសន្យាលែងលះគ្នាមួយ ដែលធ្វើឡើងរវាងភាគីបុរសជាឪពុក ដែលត្រូវកូនប្រុសចោទប្រកាន់ថា លួចទៅរៀបការជាមួយស្រីក្មេងជាមួយនឹងស្ត្រីជាប្រពន្ធដើម ក្រោមការទទួលដឹងឮពីមន្ត្រីសាលាសង្កាត់ទៀតផង ដោយកិច្ចសន្យាមួយនេះ បានធ្វើឡើង កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅ។

ជុំវិញរឿងរ៉ាវវិវាទផ្ទៃក្នុងគ្រួសារខាងលើនេះ “នគរធំ” មិនទាន់អាចទាក់ទងសុំការបំភ្លឺពីសាមីខ្លួនបុរសជាឪពុកបាននៅឡើយ ចំណែកភាគីស្ត្រីជាប្រពន្ធដើម ក៏មិនទាន់អាចសុំការបំភ្លឺបានដូចគ្នា។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES