Wednesday, October 8, 2025
Homeព័ត៌មានជាតិចាក់១ម្ជុល ទៅដល់ផ្ទះចុកខ្នងកាន់តែខ្លាំង ក្រុមគ្រួសារដឹកទៅដល់ពេទ្យស្លាប់

ចាក់១ម្ជុល ទៅដល់ផ្ទះចុកខ្នងកាន់តែខ្លាំង ក្រុមគ្រួសារដឹកទៅដល់ពេទ្យស្លាប់

ខេត្តកណ្តាល ៖ បុរសម្នាក់ប្រឹងប្រើកម្លាំងលើកអីវ៉ាន់ធ្ងន់ពេក ក៏ធ្វើឱ្យជាប់សរសៃស្មា លើកដៃសឹងមិនរួច ក៏ដើរទៅផ្ទះគ្រូពេទ្យឯកជនក្នុងភូមិម្នាក់ ដើម្បីឱ្យជួយពិនិត្យព្យាបាល លុះទៅដល់គ្រូពេទ្យពិនិត្យសភាជំងឺ និងវាស់ឈាម រួចក៏ចាក់ថ្នាំសរសៃឱ្យ១ម្ជុល ក៏ត្រឡប់ទៅវិញ លុះរយៈពេលប្រមាណ៣០នាទីក្រោយមក ជនរងគ្រោះក៏ចាប់ផ្តើមកើតមានអាការៈចុកខ្នងយ៉ាងខ្លាំង លុះក្រុមគ្រួសារដឹកបញ្ជូនទៅដល់មន្ទីរពេទ្យ ក៏ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម។

ករណីបុរសជាប់សរសៃទៅឱ្យគ្រូពេទ្យចាក់ថ្នាំ១ម្ជុល ស្រាប់តែធ្វើទុក្ខរហូតដល់ដាច់ខ្យល់ស្លាប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលារសៀលថ្ងៃ១៥ ខែមីនា ឆ្នាំ២០១៨ នៅចំណុចលើចិញ្ចើមផ្លូវជាតិលេខ៦ មុខផ្ទះជ័យ ចន្ទ័សុផល ភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល។

បុរសរងគ្រោះដែលបានបាត់បង់ជីវិត មានឈ្មោះអឿន សំអាត អាយុ៤៩ឆ្នាំ មុខរបរលក់ខោអាវក្នុងផ្សារព្រែកអញ្ចាញ មានប្រពន្ធ ឈ្មោះសាម៉ន វិច្ឆិកា មុខរបរលក់ដូរជាមួយគ្នា និងមានលំនៅក្នុងភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល។ ចំណែកគ្រូពេទ្យឯកជនប្រចាំភូមិដែលបានចាក់ថ្នាំឱ្យជនរងគ្រោះ១ម្ជុល មានឈ្មោះវ៉ែន វណ្ណៈ ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរគ្រូពេទ្យ (មានច្បាប់ត្រឹមត្រូវ) មានលំនៅក្នុងភូមិឃុំជាមួយគ្នា។

តាមការបញ្ជាក់ពីលោកគ្រូពេទ្យ វ៉ែន វណ្ណៈ បានប្រាប់សមត្ថកិច្ច និងក្រុមគ្រួសារជនរងគ្រោះថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ជនរងគ្រោះបានដើរចូលមកផ្ទះរបស់គាត់ (គ្រូពេទ្យវ៉ែន វណ្ណៈ) ដោយបាននិយាយប្រាប់គាត់ថា “ខ្ញុំលើកអីវ៉ាន់ គីបៗខោអាវ ឥឡូវនេះជាប់សរសៃស្មា តើគ្រូពេទ្យចាក់ថ្នាំបានឬអត់?”។ ពេលនោះ គាត់ក៏បានសួរទៅជនរងគ្រោះថា មានធ្លាប់លេបថ្នាំអីដែរអត់? ជនរងគ្រោះក៏តបវិញថា “ខ្ញុំបានទិញថ្នាំលេប២-៣ដងហើយ ព្រមទាំងចាក់ថ្នាំមួយម្ជុលទៀតផង តែអត់បាត់ទេ”។ ពេលនោះគាត់ក៏បានប្រាប់ជនរងគ្រោះថា បើអត់បាត់ ខ្ញុំចាក់មួយម្ជុលទៀតឱ្យ តែសុំធ្វើការពិនិត្យវាស់ឈាមសិន។ និយាយរួច គាត់ក៏បានយក (ស្ពេតូ និងអប្រិយ៍តង់ស្យុង) ធ្វើការពិនិត្យឈាមជនរងគ្រោះឃើញថា មានសភាពធម្មតា ទើបគាត់សម្រេចចិត្តចាក់ថ្នាំ DEXA (ដិចហ្សា) ប្រភេទថ្នាំសរសៃ ឱ្យជនរងគ្រោះចំនួនមួយម្ជុល ស្មើនឹង១អំពូល និងបានឱ្យជនរងគ្រោះសម្រាក២០នាទីសិន ទើបឱ្យចេញទៅផ្ទះវិញ ស្រាប់តែក្រោយមក ក៏ទទួលដំណឹងថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័មតែម្តង។

ចំណែកស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅពេលដែលប្តីរបស់គាត់ត្រឡប់មកពីចាក់ថ្នាំវិញ គាត់ក៏ដើរមកកន្លែងលក់ ខោអាវនៅក្នុងផ្សារព្រែកអញ្ចាញវិញ រួចក៏ប្រះខ្លួនដេកនៅលើប៉ៅអ៊ីកន្លែងលក់បាត់ទៅ។ ស្រាប់តែបានប្រហែល៣០នាទីក្រោយមក ប្តីរបស់គាត់បានកើតមានអាការៈចុកខ្នងយ៉ាងខ្លាំង ពេលនោះឈ្មោះគាត់ជាប្រពន្ធក៏បានជួយរឹតខ្នងឱ្យប្តីដែរ តែមិនបានធូរស្រាលសោះ បន្ទាប់មក ដោយឃើញសភាពប្តីហាក់ស្លេកស្លាំង និយាយលែងចេញ ទើបគាត់ជាប្រពន្ធ ក៏បានហៅឈ្មោះពុំ ប៉ាក់ ជាអ្នករត់ម៉ូតូឌុប ឱ្យជួយដឹកគាត់និងប្តីទៅពេទ្យឯកជនប៉ៃលិន ស្ថិតក្នុងភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល លុះពេលទៅដល់មុខពេទ្យប៉ៃលិន ក៏លើកប្តីចុះពីលើម៉ូតូ និងហៅពេទ្យឱ្យជួយ តែអកុសល ប្តីរបស់គាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ និងត្រូវគាត់ជាប្រពន្ធសម្រេចដឹកសពប្តីត្រឡប់ទៅផ្ទះវិញ រួចរាយការណ៍ប្រាប់ សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញខេត្ត បានចុះទៅពិនិត្យ និងសួរនាំគ្រូពេទ្យដែលចាក់ថ្នាំឱ្យជនរងគ្រោះ និងបានដកហូតវត្ថុតាងមក ពិនិត្យ រួមមាន សឺរ៉ាំងចាក់ថ្នាំជ័រពណ៌ស ចំណុះ៦សេសេ ចំនួន១ ផ្លែម្ជុលចាក់ថ្នាំដែក ក្រូមេស្រោបជ័រពណ៌ពងក្រសា ចំនួន១ សំបកថ្នាំបែកខាងចុង មានសរសេរអក្សរឡាតាំង ពណ៌ក្រហម (DEXA METHASONE INJ) ចំនួន១។

បន្ទាប់ពីពិនិត្យ និងធ្វើកោសល្យវិច័យសពរួចរាល់ សមត្ថកិច្ចបានបញ្ជាក់ថា នៅលើខ្លួនសពពុំមានស្លាកស្នាមអ្វីឡើយ តាមការសន្និដ្ឋាន ជនរងគ្រោះស្លាប់ដោយសារជំងឺប្រចាំកាយ (អាំងហ្វាក់ទីស ស្ទះសរសៃឈាមសាច់ដុំបេះដូង)។

ជុំវិញករណីខាងលើនេះ ប្រពន្ធរបស់ជនរងគ្រោះក៏មិនបានប្តឹងផ្តល់អ្វីទៅលើគ្រូពេទ្យដែរ ដោយទទួលស្គាល់ថា ប្តីរបស់គាត់ពិតជាស្លាប់ដោយសារជំងឺប្រចាំកាយប្រាកដមែន និងបានរៀបចំធ្វើបុណ្យសពឱ្យប្តីតាមប្រពៃណី៕

RELATED ARTICLES