ភ្នំពេញ ៖ ជនសង្ស័យដៃដល់ចំនួន៣នាក់ ក្នុងចំណោមជនដៃដល់សរុប១១នាក់ ដែលបានធ្វើសកម្មភាពព្រួតវាយដំប៉ងសម្លាប់លោកបណ្ឌិត ស៊ុយ សារ៉េត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ កាលពីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ នៅចំណុចម្តុំពេទ្យលោកសង្ឃ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ធ្វើការបង្ហាញមុខជាសាធារណៈ កាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨។
លោក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ ក្នុងចំណោម១១នាក់ ដែលបានប្រើអំពើហិង្សាដោយចេតនាលើលោកបណ្ឌិត ស៊ុយ សារ៉េត បានធ្វើឡើងក្រោមការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ បន្ទាប់ពីទទួលបានបទបញ្ជាពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ក្រោមការសម្របសម្រួលពីលោកសៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
លោកប៊ុន សត្យា បានបន្តថា ជំហានដំបូងកម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ រួមមាន ទី១-ឈ្មោះអាន វិនទី អាយុ២១ឆ្នាំ មុខរបរជាងទង ស្នាក់នៅផ្ទះលេខ១០០៥ ផ្លូវ១៩៤ ក្រុម៤០ ភូមិ៩ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក និងទី២-ឈ្មោះយាត ទិត្យា ហៅយ៉ា អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលេខ៧ ភូមិទួលគោក សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ។ ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ នៅត្រង់ចំណុចភោជនីយដ្ឋានឈូកទិព្វ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក។
លោក ប៊ុន សត្យា បានបញ្ជាក់ទៀតថា ក្រោយឃាត់ខ្លួនជនសង្ស័យ បានចំនួន២នាក់ ទើបបន្តការស្រាវជ្រាវបន្ថែម រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួនម្នាក់ទៀត ឈ្មោះអាន ផល្លី អាយុ៣១ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបររត់រ៉ឺម៉កកង់បី ស្នាក់នៅផ្ទះលេខ២៥៤១ ផ្លូវជាតិលេខ៥ ភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ កាលពីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ នៅចំណុចក្នុងឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។
នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឱ្យដឹងថា ជនសង្ស័យដែលបានបង្កហិង្សាទៅលើលោកបណ្ឌិត ស៊ុយ សារ៉េត និងវាយរថយន្តបណ្តាលឱ្យរងការខូចខាតស្ទើរទាំងស្រុង ទាំងអស់មានចំនួន១១នាក់ និងបានឃាត់ខ្លួន៣នាក់ នៅសល់៨នាក់ផ្សេងទៀត បានស្គាល់អត្តសញ្ញាណអស់ហើយ និងកំពុងបន្តស៊ើបអង្កេតស្វែងរកឃាត់ខ្លួនដើម្បីយកមកផ្ទន្ទាទោសតាមច្បាប់។
គួររំលឹកថា កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រហូតឈានដល់អំពើហិង្សាដ៏ឃោរឃៅ និងគួរឱ្យរន្ធត់មួយបានកើតឡើង នៅចំណុចផ្លូវលេខ១៥៦ កែងផ្លូវលេខ២៦៥ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក បន្ទាប់ពីមហាជនបានស្រែកផ្អើលឆោឡោតៗគ្នាថា លោកបណ្ឌិត ស៊ុយ សារ៉េត ដែលជាសាស្ត្រាចារ្យបង្រៀននៅសាកលវិទ្យាល័យកម្ពុជា បានបើករថយន្តទំនើបមួយគ្រឿង ម៉ាក GAC ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AP-9719 បង្កគ្រោះថ្នាក់ចរាចរណ៍បុករះជាបន្តបន្ទាប់តាមដងផ្លូវ បណ្តាលឱ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់ ជាហេតុធ្វើឱ្យប្រជាពលរដ្ឋផ្ទុះកំហឹង ព្រួតគ្នាវាយបំផ្លាញរថយន្ត រួចព័ទ្ធវ៉ៃទៅលើលោកបណ្ឌិត ស៊ុយ សារ៉េត ប៉ងសម្លាប់ចោលនៅនឹងកន្លែងតែម្តង ដោយខ្លះប្រើដៃជើង ខ្លះប្រើមួកការពារសុវត្ថិភាព ខ្លះទាញដុំឥដ្ឋ ដុំថ្ម ដុំការ៉ូឡា គប់វាយយកតែឈ្នះដៃ បណ្តាលឱ្យលោកបណ្ឌិត ស៊ុយ សារ៉េត ទទួលរងរបួសធ្ងន់ធ្ងរបំផុត និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅប្រទេសវៀតណាម។
ជុំវិញករណីខាងលើនេះ ក្រុមគ្រួសារលោកបណ្ឌិត ស៊ុយ សារ៉េត បានអះអាងថា នៅក្នុងហេតុការណ៍នោះ ក្រៅពីបង្កឱ្យរថយន្តទំនើប ១គ្រឿង របស់លោកស៊ុយ សារ៉េត បានទទួលរងការខូចខាតស្ទើរទាំងស្រុងហើយនោះ នៅមានជនឆ្លៀតឱកាសបានធ្វើសកម្មភាពលួចយកប្រាក់ ជិត៣០០០ដុល្លារ និងទូរស័ព្ទចំនួន២គ្រឿង របស់លោកស៊ុយ សារ៉េត ផងដែរ។ ជាមួយនេះ ក្រុមគ្រួសារលោកស៊ុយ សារ៉េត បានសម្រេចដាក់ពាក្យប្តឹងឱ្យសមត្ថកិច្ចជួយស្រាវជ្រាវតាមចាប់ខ្លួនក្រុមជនដៃដល់ ដែលបានបង្កហិង្សាយ៉ាងឃោរឃៅ ប៉ងវាយសម្លាប់លោកស៊ុយ សារ៉េត ដើម្បីនាំខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ និងប្តឹងទាមទារសំណងជំងឺចិត្តចំនួន១២០០លានរៀល ស្មើនឹង៣០ម៉ឺនដុល្លារទៀតផង៕