ភ្នំពេញ ៖ ក្រោយសមត្ថកិច្ចតាមប្រមាញ់ចាប់ខ្លួនក្រុមជនដៃដល់ដែលប្រើអំពើហិង្សា លើលោកបណ្ឌិត ស៊ុយ សារ៉េត ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍មួយ កាលពីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ នៅចំណុចម្តុំពេទ្យលោកសង្ឃ ស្ថិតក្នុងសង្កាត់ ទឹកល្អក់ទី២ ខណ្ឌទួលគោក បានចំនួន៣នាក់រួចមក នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានប្រកាសសារជាថ្មីថា នឹងតាមប្រមាញ់ចាប់ខ្លួនក្រុមជនដៃដល់ដែលនៅសេសសល់ចំនួន៨នាក់ទៀត ពោលគឺមិនអនុញ្ញាតឱ្យអ្នកណាម្នាក់រួចខ្លួនដាច់ខាត។
នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងបញ្ជាក់កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ថា រហូតមកដល់ពេលនេះ ជនសង្ស័យចំនួន៨នាក់ផ្សេងទៀត បាននិងកំពុងរត់គេចខ្លួនពាក់ព័ន្ធការបង្កអំពើហិង្សានៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទៅលើអ្នកបើករថយន្តកាលពីពេលថ្មីៗនេះ។ យ៉ាងណាជនល្មើសទាំង៨នាក់ ត្រូវបានសមត្ថកិច្ចកំណត់អត្តសញ្ញាណ និងស្គាល់សាវតាអស់ហើយ ព្រមទាំងមានដីកាបញ្ជាឱ្យចាប់ខ្លួនពីសំណាក់តុលាការទៀតផង។
នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានបញ្ជាក់ថា ជនល្មើសដែលសមត្ថកិច្ចរបស់លោកកំណត់អត្តសញ្ញាណ ពាក់ព័ន្ធការប្រើអំពើហិង្សា ទៅលើអ្នកបើករថយន្ត គឺមានរហូតទៅដល់១១នាក់ ក្នុងនោះជនដៃដល់ដែលខ្លាំងជាងគេមានចំនួន៥នាក់ (កំពុងរត់គេចខ្លួន)។ សម្រាប់ជនសង្ស័យ៣នាក់ដំបូង ដែលត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់នោះ ត្រូវបានបញ្ជូនទៅកាន់តុលាការ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨។
ជាមួយនេះ នាយឧត្តមសេនីយ៍ស្នងការ បានអះអាងយ៉ាងដាច់ណាត់ថា ជនល្មើសដែលប្រព្រឹត្តទោសកំហុស នឹងមិនអាចរួចខ្លួននោះឡើយ ពោលគឺត្រូវតាមចាប់ខ្លួនយកទៅផ្តន្ទាទោសតាមនីតិវិធី ពីព្រោះកម្ពុជាជាប្រទេសនីតិរដ្ឋ ដោយគ្មានជនណាម្នាក់រស់នៅក្រៅសំណាញ់ច្បាប់នោះឡើយ។ ចំណែកការរិះគន់មួយចំនួន ដែលបានលើកឡើងថា មានការបង្កើតមនុស្សមួយក្រុមចាំតែបង្កអំពើហិង្សាពេលហេតុការណ៍ណាមួយកើតឡើងនៅតាមទីសាធារណៈនោះ ត្រូវបាននាយឧត្តមសេនីយ៍ស្នងការច្រានចោល ដោយចាត់ទុកថា ជាការលើកឡើងដោយគ្មានមូលដ្ឋាន ហើយករណីដែលកើតឡើងកន្លងទៅនេះ គឺអ្នកចូលរួមបានទទួលព័ត៌មានដោយការកំហឹងតគ្នា គ្មានប្រភពច្បាស់លាស់ ពោលមិនមែនជាការចាត់តាំង ហើយក៏មិនមែនជាការបង្កើតក្រុមបក្ខពួក បង្កើតឡើងធ្វើសកម្មភាពនោះទេ។
នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានបញ្ជាក់ឱ្យដឹងទៀតថា ករណីហិង្សាខាងលើនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តនៅទូទាំងប្រទេស ធ្វើការស្រាវជ្រាវជនល្មើសដែលបានប្រព្រឹត្តបទល្មើសឱ្យខាងតែបាន។ ផ្អែកលើឯកសារដែលបានកសាងសំណុំរឿងត្រឹមត្រូវច្បាស់លាស់តាមនីតិវិធី សមត្ថកិច្ចទទួលបានដីកាស្វែងរកចាប់ខ្លួនជនដៃដល់ ដែលធ្វើសកម្មភាពយ៉ាងសកម្មក្នុងហេតុការណ៍នេះ ចំនួន៥នាក់ទៀត (ខ្លាំងជាងគេ) ហើយក្នុងពេលនេះកំពុងរត់គេចខ្លួន។ ទោះជាខិតខំរត់គេចខ្លួនយ៉ាងណាក៏ដោយ ក៏សមត្ថកិច្ច មិនលើកលែងឡើយ ហើយក៏មិនអាចគេចខ្លួនរួចមួយជិវិតបានឡើយ ដូចនេះគួរចូលខ្លួនទទួលខុសត្រូវចំពោះមុខច្បាប់ដើម្បីទទួលបានស្ថានសម្រាល អំពីការភ្ញាក់រលឹកទទួលកំហុសដែលច្បាប់នឹងបន្ធូរបន្ថយទោស ដើម្បីកែប្រែខ្លួន។
គួររំលឹកថា កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រហូតឈានដល់អំពើហិង្សាដ៏ឃោរឃៅ និងគួរឱ្យរន្ធត់មួយបានកើតឡើងនៅចំណុចផ្លូវលេខ១៥៦ កែងផ្លូវលេខ២៦៥ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក បន្ទាប់ពីមហាជនបានស្រែកផ្អើលឆោឡោតៗគ្នាថា លោកបណ្ឌិត ស៊ុយ សារ៉េត ដែលជាសាស្ត្រាចារ្យបង្រៀននៅសាកលវិទ្យាល័យកម្ពុជា បានបើករថយន្តទំនើបមួយគ្រឿង ម៉ាក GAC ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AP-9719 បង្កគ្រោះថ្នាក់ចរាចរណ៍បុករះជាបន្តបន្ទាប់តាមដងផ្លូវ បណ្តាលឱ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់ ជាហេតុធ្វើឱ្យប្រជាពលរដ្ឋផ្ទុះកំហឹង ព្រួតគ្នាវាយបំផ្លាញរថយន្ត រួចព័ទ្ធវ៉ៃទៅលើលោកបណ្ឌិត ស៊ុយ សារ៉េត ប៉ងសម្លាប់ចោលនៅនឹងកន្លែងតែម្តង ដោយខ្លះប្រើដៃជើង ខ្លះប្រើមួកការពារសុវត្ថិភាព ខ្លះទាញដុំឥដ្ឋ ដុំថ្ម ដុំការ៉ូឡា គប់វាយយកតែឈ្នះដៃ បណ្តាលឱ្យលោកបណ្ឌិត ស៊ុយ សារ៉េត ទទួលរងរបួសធ្ងន់ធ្ងរបំផុត និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅប្រទេសវៀតណាម។
ជុំវិញករណីខាងលើនេះ ក្រុមគ្រួសារលោកបណ្ឌិត ស៊ុយ សារ៉េត បានអះអាងថា នៅក្នុងហេតុការណ៍នោះ ក្រៅពីបង្កឱ្យរថយន្តទំនើប១គ្រឿងរបស់លោកស៊ុយ សារ៉េត បានទទួលរងការខូចខាតស្ទើរទាំងស្រុងហើយនោះ នៅមានជនឆ្លៀតឱកាសបានធ្វើសកម្មភាព លួចយកប្រាក់ជិត៣០០០ដុល្លារ និងទូរស័ព្ទចំនួន២គ្រឿង របស់លោកស៊ុយ សារ៉េត ផងដែរ។ ជាមួយនេះ ក្រុមគ្រួសារលោកស៊ុយ សារ៉េត បានសម្រេចដាក់ពាក្យប្តឹងឱ្យសមត្ថកិច្ចជួយស្រាវជ្រាវតាមចាប់ខ្លួនក្រុមជនដៃដល់ដែលបានបង្កហិង្សាយ៉ាងឃោរឃៅ ប៉ងវាយសម្លាប់លោកស៊ុយ សារ៉េត ដើម្បី នាំខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ និងប្តឹងទាមទារសំណងជំងឺចិត្តចំនួន១២០០លានរៀល ស្មើនឹង៣០ម៉ឺនដុល្លារទៀតផង៕