Wednesday, October 8, 2025
Homeព័ត៌មានជាតិបេក្ខជនចាប សក្កណា មហាជនលើកឡើងថា សមត្ថភាពនៅមានកម្រិត

បេក្ខជនចាប សក្កណា មហាជនលើកឡើងថា សមត្ថភាពនៅមានកម្រិត

ភ្នំពេញ ៖ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី៣ បានបិទបញ្ចប់វគ្គ Live Show សប្តាហ៍ទី៦ហើយ ដោយចម្រាញ់សល់តែបេក្ខជន-បេក្ខនារី តែ៦រូបប៉ុណ្ណោះ ដើម្បីឈានកាន់វគ្គ្គ Live Show សប្តាហ៍ទី៧ ក្នុងនោះ បេក្ខនារីគង់ កែវមរកត ដែលត្រូវគេមើលឃើញថា មានសមត្ថភាពខ្ពស់បានបាត់បង់ឱកាស និងធ្លាក់ចេញពីកម្មវិធីទៅហើយ ផ្ទុយទៅវិញ បេក្ខជនចាប សក្កណា ដែលត្រូវមហាជនខ្លះលើកឡើងថា សមត្ថភាពនៅមានកម្រិត បែរជាបានឈានទៅកាន់វគ្គបន្ទាប់ ស្របពេលដែលមានព័ត៌មានលេចឮថា បេក្ខជនរូបនេះត្រូវបានហង្សមាស ដៅឱ្យកាន់ពាន Cambodian Idol ទៀតផង។

នៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី៣ សប្តាហ៍ទី៦ រាត្រីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ បេក្ខជន ចាប សក្កណា បានលើកយកបទចម្រៀងដែលមានចំណងជើង “និស្ស័យកម្មព្រះមហាមោគ្គលាន” មកបកស្រាយបង្ហាញសមត្ថភាព និងទឹកដមសំឡេង។ ក្រោយបញ្ចប់ការបកស្រាយ គណៈកម្មការទាំង៤រូប បានសម្តែងនូវការអបអរសាទរ និងពោលសរសើរពីសមត្ថភាពរបស់បេក្ខជន ចាប សក្កណា ដែលកាន់តែវិវឌ្ឍន៍ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ប៉ុន្តែក្នុងនោះ គណៈកម្មការក៏បានបង្ហាញពីចំណុចខ្វះខាតរបស់បេក្ខជនរូបនេះផងដែរ ដូចជាការប្រើសំឡេងខ្ពស់មិនទាន់ដល់ចំណុច ឬណោតភ្លេង និងការដាក់អារម្មណ៍មនោសញ្ចោតនា តាមអត្ថន័យនៃបទចម្រៀង មិនទាន់ដល់កម្រិត។ តែយ៉ាងណា ចុងក្រោយ មហាជននៅតែសម្រេចបោះឆ្នោតរុញច្រានឱ្យចាប សក្កណា អាចឈានទៅឆ្ពោះកាន់វគ្គ Live Show សប្តាហ៍ទី៧ ជាបន្តទៀត។

ជុំវិញសមត្ថភាពរបស់បេក្ខជន ចាប សក្ខណា ត្រូវបានមហាជនជាច្រើនលើកឡើងដូចៗគ្នាថា ហាក់នៅមានកម្រិត ធៀបនឹងសមត្ថភាព និងទឹកដមសំឡេងរបស់បេក្ខជន-បេក្ខនារីផ្សេងទៀត ក្នុងនោះទឹកដមសំឡេងរបស់ចាប សក្កណា ហាក់មិនសូវទាក់ទាញបារ៉ូលចម្រៀងមិនសូវស្ទាត់ ពាក្យពេចន៍មិនសូវច្បាស់ ជាដើម…៘ ហេតុនេះបើធៀបទៅនឹងបេក្ខជន-បេក្ខនារីផ្សេងៗទៀត ចាប សក្កណា នៅមិនទាន់មានចំណុចលេចធ្លោ ដែលបង្ហាញឱ្យមហាជនបានឃើញនៅឡើយ។

ដោយឡែក យោងតាមប្រភពដែលស្និទ្ធនឹងទូរទស្សន៍ហង្សមាស បានលួចបង្ហើបប្រាប់ថា បេក្ខជន ចាប សក្កណា អាចនឹងមានឱកាសឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រក៏ថាបាន ដោយហេតុថា ហង្សមាស បានដៅបេក្ខជនរូបនេះទុករួចជាស្រេចទៅហើយ រហូតចង់ដៅឱ្យកាន់ពាន Cambodian Idol រដូវកាលទី៣នេះទៀតផង។ ហេតុនេះ យ៉ាងហោចណាស់ បេក្ខជន ចាប សក្កណា ក៏អាចស្ថិតនៅលំដាប់ Top 5 ដែរ។

ជុំវិញការលើកឡើងខាងលើនេះ គ្រាន់តែជាអារម្មណ៍ និងការយល់ឃើញរបស់មហាជន ក៏ដូចជាការបង្ហើបប្រាប់ពីប្រភពព័ត៌មានប៉ុណ្ណោះ ចំណែក “នគរធំ“ នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីអ្នកដឹកនាំកម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodian Idol នេះបាននៅឡើយ។ តែយ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

គួរបញ្ជាក់ថា នៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី៣ សប្តាហ៍ទី៧ ដែលនឹងប្រព្រឹត្តទៅនៅរាត្រីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ខាងមុខ មានបេក្ខជន-បេក្ខនារីចំនួន៦រូប នឹងត្រូវចូលរួមប្រកួតប្រជែងសមត្ថភាព ដើម្បីឈានឆ្ពោះទៅវគ្គបន្ទាប់ ដោយជម្រុះនូវបេក្ខភាពចំនួន១រូបចេញពីកម្មវិធីថែមទៀត។ បេក្ខជន-បេក្ខនារីទាំង៦រូបនោះ រួមមាន ទី១-បេក្ខជន គ្រី ថៃពៅ មកពីខេត្តកំពង់ចាម លេខសម្គាល់លេខ១ ទី២-បេក្ខនារី ចែម ស្រីល័ក្ខ មកពីខេត្តតាកែវ លេខសម្គាល់២ ទី៣-បេក្ខជន សៀក ញញឹម មកពីខេត្តកណ្តាល លេខសម្គាល់លេខ៦ ទី៤-បេក្ខជន ចាប សក្កណា មកពីរាជធានីភ្នំពេញ លេខសម្គាល់៧ ទី៥-បេក្ខនារី ឈាង សុវណ្ណាវី មកពីខេត្តបន្ទាយមានជ័យ លេខសម្គាល់លេខ៧ និងទី៦- បេក្ខនារី លីន សោម៉ា មកពីខេត្តត្បូងឃ្មុំ លេខសម្គាល់លេខ៥។

គួររំលឹកថា បេក្ខជន ចាប សក្កណា វ័យ២០ឆ្នាំ ដែលត្រូវបានគេមើលឃើញថា មានទម្រង់មុខមាត់ស្រដៀងនឹងតារាចម្រៀង នី រតនា Cambodian Idol រដូវកាលទី១ គឺជាកូនពៅក្នុងចំណោមបងប្អូនប្រុសស្រី២នាក់ មានស្រុកកំណើតនៅរាជធានីភ្នំពេញ៕

RELATED ARTICLES