Wednesday, October 8, 2025
Homeព័ត៌មានជាតិលាន់មាត់គ្រប់គ្នា "សាហាវណាស់"!!! សពស្ត្រីអាក្រាតក្នុងទឹកកក ឃាតករកាប់ចិញ្ច្រាំជាង៣០កាំបិត

លាន់មាត់គ្រប់គ្នា “សាហាវណាស់”!!! សពស្ត្រីអាក្រាតក្នុងទឹកកក ឃាតករកាប់ចិញ្ច្រាំជាង៣០កាំបិត

ខេត្តកណ្តាល ៖ សាកសពស្ត្រីដែលត្រូវឃាតករសម្លាប់ញាត់ក្នុងធុងទឹកកក រួចដឹកយកមកប្លុងចោលតាមបណ្តោយផ្លូវជាតិលេខ៨ ស្ថិតក្នុងភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល និងត្រូវបានគេប្រទះឃើញកាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ត្រូវបានសមត្ថកិច្ចបញ្ជាក់ប្រាប់ថា ស្ត្រីរងគ្រោះត្រូវជនដៃដល់កាប់ចិញ្ច្រាំយ៉ាងសាហាវឃោរឃៅជាទីបំផុត ដោយមានស្នាមកាំបិតជាង៣០កាំបិតឯណោះ។

គួររំលឹកថា កាលពីវេលាម៉ោង២និង២៤នាទីរសៀល ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ មានករណីប្រទះឃើញសាកសពមួយ បានកើតឡើងនៅចំណុចគល់ស្ពានព្រែករូង ជាប់នឹងស្ពានព្រះគន្លង តាមបណ្តោយផ្លូវជាតិលេខ៨ ស្ថិតក្នុងភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ដោយមានប្រជាពលរដ្ឋបានប្រទះឃើញធុងទឹកកកពណ៌ក្រហម ចំណុះ២០០លីត្រ ត្រូវគេយកមកប្លុងចោលនៅក្នុងគុម្ពោតព្រៃ ក្បែរគល់ស្ពានថ្ម ទើបនឹកឆ្ងល់ ក៏ចូលទៅមើល ស្រាប់តែប្រទះឃើញធុងទឹកកកធំមួយនោះ មានចាក់សោពីក្រៅជាប់ និងហាក់ធុំក្លិនស្អុយចម្លែក ទើបប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យ។

ក្រោយទទួលបានសេចក្តីរាយការណ៍ សមត្ថកិច្ចមូលដ្ឋានចុះមកដល់ លើកធុងទឹកកកបញ្ឈរឡើងត្រឹមត្រូវ បន្ទាប់មកក៏កាត់ត្រចៀកធុងទឹកកកនោះ ដើម្បីបើកមើល ស្រាប់តែប្រទះឃើញសាកសពមនុស្សស្រីម្នាក់ គ្មានសម្លៀកបំពាក់ជាប់ខ្លួនបន្តិចណាសោះ ពោលគឺននលគកតែម្តង។ ភ្លាមនោះ សមត្ថកិច្ចបានរាយការណ៍បន្តទៅការិយាល័យជំនាញបច្ចេកទេសខេត្តកណ្តាល និងនាយកដ្ឋានបច្ចេកទេសកោសល្យវិច័យ និងវិទ្យាសាស្ត្រ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព។

សមត្ថកិច្ចជំនាញ បានបញ្ជាក់ប្រាប់ថា តាមការពិនិត្យជាក់ស្តែង សាកសពមនុស្សស្រីមានអាយុចន្លោះពី២៨ទៅ៣៥ឆ្នាំ មានកម្ពស់១,៥០ម៉ែត្រ។ ចំណែកនៅក្នុងធុងទឹកកកដាក់សាកសព មានសម្ភារមួយចំនួន ដូចជា មួកការពារសុវត្ថិភាព១ កាបូបដៃ១ មានស៊ីមទូរស័ព្ទ១ កាំបិតចិតបន្លែចុងស្រួចដងធ្វើពីឈើបាក់ផ្លែ១ អាវក្រៅពណ៌លឿង១ ខ្សែភ្លើងមានឌុយដាក់ក្នុងថង់ប្លាស្ទិក១ ខ្សែភ្លើងមានឌុយ១ អាវទ្រនាប់ពណ៌ផ្កាឈូក១ ដបទឹកបរិសុទ្ធ១ រ៉ូបពណ៌ផ្កាឈូក១ មានប្រឡាក់ឈាម កន្សែងពោះគោពណ៌សឆ្នូត១ ម៉ាសក៍ពណ៌ខៀវ១ ស្បែកជើងស្រី១គូ និងស្បៃដុសខ្លួន១។

ដោយឡែក នៅលើផ្ទៃមុខសាកសពខាងស្តាំមានស្នាមបាញ់ស្ព្រាយ (ថ្នាំពណ៌ខ្មៅ) និងមានស្នាមរបួសគុម្ពត្រចៀកខាងស្តាំ មុតរយះដល់ថ្ពាល់ ដាច់រយះសៀតថ្កាខាងស្តាំ រលាត់ស្បែកដើមដៃទាំងសងខាង មានស្នាមមុតនៅលើទ្រូង និងលើពោះ២០កន្លែង ធ្លុះ៧កន្លែង ឈាមហូរចេញពីមាត់ បាក់ឆ្អឹងចង្ការ របូតធ្មេញដាក់ខាងក្រោម របួសបបូរមាត់ខាងស្តាំ១កន្លែង របួសច្រមុះខាងស្តាំ១កន្លែង ស្នាមរោលខ្លោចរលាត់ស្បែកខាងក្រោយខ្នង ស្នាមរោលខ្លោចកំប៉េះគូទទាំងសងខាង ស្នាមរោលខ្លោចរលាត់ស្បែកកំភួនជើងទាំងសងខាង ស្នាមជាំភ្លៅឆ្វេង១កន្លែង រលាត់ស្បែក ជង្គង់ខាងស្តាំ១កន្លែង។ តាមការសន្និដ្ឋានជាបឋមរបស់សមត្ថកិច្ចជំនាញ ករណីនេះគឺជាអំពើឃាតកម្មយ៉ាងពិតប្រាកដ។

ជុំវិញករណីឃាតកម្មដ៏សាហាវឃោរឃៅខាងលើនេះ លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាក់ប្រាប់ថា បច្ចុប្បន្នកម្លាំងនគរបាលជំនាញកំពុងធ្វើការស្រាវជ្រាវស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកចាប់ខ្លួនជនជាឃាតករដៃឆៅ នាំយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES