ក្រោយពីមានការសហការណ៍រវាងស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ នៅថ្ងៃទី១៨ ខែមីនា សមត្ថកិច្ចខណ្ឌសែនសុខ បានចាប់ឃាត់ខ្លួនជនសង្ស័យ៣នាក់ ប្រគល់ទៅឲ្យសមត្ថកិច្ចខេត្តកណ្តាល ធ្វើការតាមនីតិវិធីជនសង្ស័យបានសារភាពថា ព្រោះតែចាញ់ល្បែងទើបសម្រេចចិត្តសម្លាប់ប្លន់យកម៉ូតូ និងគ្រឿងអលង្ការ។
តាមរយៈចម្លើយសារភាពជនសង្ស័យសឿន សុខផេង បានសារភាពថា មូលហេតុដែលគេសម្លាប់ស្ត្រីរងគ្រោះខាងលើ គឺមកពីគេត្រូវការលុយ ព្រោះគេបានចាញ់ល្បែង និងជំពាក់លុយគេច្រើន ដោយសារចាញ់ល្បែងនិងបានយកម៉ូតូមួយគ្រឿង ម៉ាកហុងដា DREAM ឆ្នាំ២០១៨ ដាក់បញ្ចាំ។ ហើយរូបគេ(ជនសង្ស័យ) និងជនរងគ្រោះ គឺបានស្គាល់គ្នា ២ទៅ៣ឆ្នាំហើយ។
ជនសង្ស័យបានបន្តថា នៅថ្ងៃកើតហេតុ នារីរងគ្រោះបានមកជួសជុលទូរស័ព្ទដៃ ហើយបានពាក់គ្រឿងអលង្ការជាប់នឹងខ្លួនច្រើន ពេលនោះរូបគេ (ជនសង្ស័យ) បានរៀបគម្រោងប្លន់សម្លាប់តែម្តង។ ពេលប្លន់សម្លាប់នារីរងគ្រោះយកគ្រឿងអលង្ការ និងម៉ូតូបានហើយ គេបានយកម៉ូតូនារីរងគ្រោះយកទៅលក់ យកលុយទៅលស់ម៉ូតូដែលគេដាក់បញ្ចាំមកវិញ។
ចំណែកលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានឲ្យដឹងថា ជនសង្ស័យឈ្មោះ សឿន សុខផេង ភេទប្រុស អាយុ២៨ឆ្នាំ ស្រុកកំណើតនៅឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ សព្វថ្ងៃរស់នៅផ្ទះលេខ៣៣ ផ្លូវសហព័ន្ធរុស្សី ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
គួរបញ្ជាក់ថា នៅថ្ងៃទី១៨ ខែមីនា សមត្ថកិច្ចខណ្ឌសែនសុខ បានធ្វើប្រតិបត្តិការបង្ក្រា ជនសង្ស័យ៣នាក់ ដែលសង្ស័យជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មសម្លាប់មនុស្សញាត់ចូលធុងទឹកកប្លុងចោលនៅក្បែស្ពានព្រែកតាមាក់ បាន៣នាក់ ដែលទី១ មានឈ្មោះសឿ សុខផេង ភេទប្រុស អាយុ៣១ឆ្នាំ ទី២ ឈ្មោះ សឿ ចាន់អូន ភេទប្រុស អាយុ៣៥ឆ្នាំ ជាជាងជួសជុលម៉ូតូ (ជនសង្ស័យទាំង២ ជាបងប្អូនបង្កើតនឹងគ្នា ស្នាក់ផ្ទះលេង៣៣ ផ្លូវលំ ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ) ជនសង្ស័យទាំង២ឃាត់ខ្លួន និងទី៣ ឈ្មោះឌី ណា អាយុ២៥ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវជាប្រពន្ធរបស់ជនសង្ស័យ សឿ សុខផេង៕