ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ ត្រូវប្រុសព្រានប្រើល្បិចលួងលោមជិះរថយន្តទំនើបដើរលេង រួចក៏ដឹកបង្ហួសចូលផ្ទះសំណាក់ បំណងចាប់បង្ខំរំលោភ តែត្រូវនារីរងគ្រោះប្រឹងរើបម្រះរួច រត់ចេញពីកន្លែងកើតហេតុ សុំឱ្យប្រជាពលរដ្ឋជួយរាយការណ៍ប្តឹងសមត្ថកិច្ច ចុះឃាត់ខ្លួនប្រុសព្រាន យកទៅចាត់ការតាមច្បាប់។
ហេតុការណ៍ប្រុសព្រានប៉ងរំលោភស្រីក្មេងក្នុងផ្ទះសំណាក់ មិនសម្រេចបំណង បែរជាជាប់ខ្នោះវិញនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២និង៤៤នាទីថ្ងៃត្រង់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្ទះសំណាក់អាហ្វា មានទីតាំងស្ថិតក្នុងក្រុម៤ ភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។
ជនសង្ស័យដែលល្បួងរំលោភស្រីក្មេងមិនសម្រេចនេះ មានឈ្មោះហម សុខវី អាយុ២៤ឆ្នាំ មុខរបរបើកបររថយន្តដឹកភ្ញៀវថ្នាក់ដឹកនាំជាន់ខ្ពស់ មានលំនៅផ្លូវលេខ២៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក បើករថយន្តទំនើបម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខ្មៅ ពាក់ស្លាកលេខ AT17 2. 0507។ ចំណែកនារីរងគ្រោះ មានឈ្មោះអ.ក.ម.ត អាយុ១៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន Bhip លក់អាហារបំប៉ន ស្នាក់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅខេត្តកណ្តាល។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តទំនើបខាងលើ បើកដោយជនសង្ស័យ និងរួមដំណើរដោយនារីរងគ្រោះផងនោះ បានបើកចូលទៅក្នុងបរិវេណផ្ទះសំណាក់អាហ្វា។ លុះបន្តិចក្រោយមក មិនដឹងជាយ៉ាងម៉េច ស្រាប់តែឃើញអ្នកទាំងពីរធ្វើការប្រតាយប្រតប់គ្នានៅក្នុងបរិវេណផ្ទះសំណាក់ ដោយខាងស្រីមិនព្រមចូលផ្ទះសំណាក់ជាមួយខាងប្រុសឡើយ ហើយនាងបានព្យាយាមតោងបង្គោលដែក ហើយរើបម្រះ រហូតដល់មានរបួសជើងទៀតផង។
ប្រភពដដែលបន្តថា បន្តិចក្រោយមក នារីរងគ្រោះបានរត់គេចចេញពីបរិវេណផ្ទះសំណាក់ខាងលើ រួចក៏ចូលទៅក្នុងផ្ទះប្រជាពលរដ្ឋដែលស្ថិតនៅក្បែរនោះ ប្រមាណ១០០ម៉ែត្រ សុំឱ្យប្រជាពលរដ្ឋជួយ ទើបធ្វើឱ្យកើតមានការភ្ញាក់ផ្អើលឡើង និងរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។
ប្រភពព័ត៌មានពីសមត្ថកិច្ចខណ្ឌជ្រោយចង្វារ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានធ្វើសកម្មភាពលោមនារីរងគ្រោះឱ្យឡើងជិះរថយន្ត យកមកផ្ទះសំណាក់ខាងលើ ហើយជនសង្ស័យខាងលើបានធ្វើសកម្មភាពប៉ុនប៉ងចាប់រំលោភជនរងគ្រោះ តែត្រូវជនរងគ្រោះស្រែកឆោឡោឱ្យគេជួយ ទើបសមត្ថកិច្ចចុះអន្តរាគមន៍ ក៏បានឃាត់ខ្លួនជនសង្ស័យនាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ តែម្តង។
យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យ ព្រមទាំងការបំភ្លឺរបស់សាក្សី សមត្ថកិច្ចសន្និដ្ឋានថា ជនសង្ស័យពិតជាបានធ្វើសកម្មភាពប៉ុនប៉ងរំលោភទៅលើជនរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យ និងរថយន្ត ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ៕