Wednesday, October 8, 2025
Homeព័ត៌មានជាតិអាសូរណាស់លោកយាយ!!! មានសតិមិនប្រក្រតី ទៅដេកលើផ្លូវដែក រថភ្លើងកិនដាច់ខ្លួន

អាសូរណាស់លោកយាយ!!! មានសតិមិនប្រក្រតី ទៅដេកលើផ្លូវដែក រថភ្លើងកិនដាច់ខ្លួន

ខេត្តកំពត ៖ ស្ត្រីវ័យចំណាស់ម្នាក់ ត្រូវបានអ្នកភូមិអះអាងថា គឺជាមនុស្សមានសតិមិនសូវប្រក្រតី លុះយប់ឡើង មិនចូលសម្រាន្តនៅក្នុងផ្ទះ បែរជាចេញមកប្រះខ្លួនដេកនៅលើផ្លូវដែក លុះមានរថភ្លើង១ខ្សែបើកឆ្លងកាត់ ក្រោកចេញមិនទាន់ ក៏ត្រូវរថភ្លើងកិន បណ្តាលឱ្យដាច់ត្រឹមពាក់កណ្តាលខ្លួន ជា២កំណាត់ មើលទៅគួរឱ្យរន្ធត់បំផុត។

ហេតុការណ៍រថភ្លើងកិនស្ត្រីចំណាស់ដាច់ខ្លួនជា២កំណាត់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ នៅចំណុចកំណាត់ផ្លូវដែក ស្ថិតក្នុងភូមិត្រពាំងព្រីងខាងត្បូង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ។

ស្ត្រីចំណាស់រងគ្រោះដែលត្រូវរថភ្លើងកិនដាច់ខ្លួនជា២កំណាត់ មានឈ្មោះឈិត ផេង អាយុ៧៨ឆ្នាំ ជាមនុស្សមានសតិមិនប្រក្រតី មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា លោកយាយរងគ្រោះខាងលើ គឺជាមនុស្សមានសតិមិនសូវប្រក្រតីទេ និងត្រូវក្រុមគ្រួសារ កូនចៅតាមមើលថែដែរ តែមកដល់ថ្ងៃកើតហេតុ មិនដឹងជាយ៉ាងម៉េច ស្រាប់តែលោកយាយរងគ្រោះមិនដេកនៅក្នុងផ្ទះ បែរជាទៅដេកលើផ្លូវដែក បណ្តាលឱ្យរថភ្លើងកិនដាច់ខ្លួនជា២កំណាត់ស្លាប់គួរឱ្យរន្ធត់បំផុត ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោ រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថាមានករណីរថភ្លើងកិនមនុស្ស ដាច់ខ្លួនជា២កំណាត់ស្លាប់រួចមក សមត្ថកិច្ចបានចុះពិនិត្យ ដល់ទីតាំងកើតហេតុ និងបានសន្និដ្ឋានថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ ស្ត្រីរងគ្រោះដែលជាមនុស្សមានសតិមិនប្រក្រតី បានដើរមកប្រះខ្លួនសម្រាន្តនៅលើផ្លូវដែកទាំងយប់ លុះដល់វេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ក៏មានរថភ្លើង១ខ្សែ បានរត់ឆ្លងកាត់ក្នុងទិសដៅពីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ លុះដល់ចំណុចកើតហេតុ ក៏កិនលោកយាយរងគ្រោះខាងលើ បណ្តាលឱ្យដាច់ខ្លួនជា២កំណាត់ ស្លាប់យ៉ាងអាណោចអាធ័មតែម្តង។

សាកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ  ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

ចំណែកអនុសាខាកាកបាទក្រហមស្រុក ក្រុមកាកបាទក្រហមឃុំត្រពាំងព្រីង បាននាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសារសពលោកយាយ ឈិត ផងដែរ៕

RELATED ARTICLES