ខេត្តកណ្តាល ៖ ស្ត្រីម្នាក់ចូលចិត្តដើរផឹកស្រាស្រវឹងអួទីនួជារៀងរាល់ថ្ងៃ រហូតស្ទើរក្លាយជាមនុស្សប្រមឹកទៅហើយ ធ្វើឱ្យបុរសជាប្តីខ្មាសគេពេក ក៏ចេះតែព្យាយាមលួងលោម ហាមឃាត់ប្រពន្ធឈប់ឱ្យផឹកស្រាទៀតទៅ តែប្រពន្ធមិនត្រឹមតែមិនស្តាប់ បែរជាឌឺកាន់តែផឹកខ្លាំងលើសដើម ជាហេតុធ្វើឱ្យបុរសជាប្តីទប់ចិត្តមិនបាន ក៏កាប់ប្រហារប្រពន្ធ បណ្តាលឱ្យរយះក្បាលហូរឈាមស្រោចខ្លួនរងរបួសធ្ងន់ រួចរត់គេចខ្លួនបាត់ស្រមោល។
ករណីហិង្សាក្នុងគ្រួសារ ប្តីកាប់ប្រពន្ធរយះក្បាល ព្រោះតែខឹងហាមមិនស្តាប់រឿងដើរផឹកស្រាស្រវឹងអួទីនួមិនចេះខ្មាសគេនេះ បានកើតឡើង កាលពីវេលាម៉ោង៩និង១៥នាទីយប់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិសំប៉ានក្រោម ឃុំព្រែកអំបិល ស្រុកស្អាង។
ស្ត្រីរងគ្រោះដែលត្រូវប្តីកាប់ឱ្យរងរបួសធ្ងន់ មានឈ្មោះបឹង គួយ អាយុ៤៤ឆ្នាំ មុខរបរកសិករ (របួសត្រង់ចង្កា និងក្បាលធ្ងន់)។ ចំណែកជនដៃដល់ជាប្តី មានឈ្មោះសួន តុងម៉េង អាយុ៤៤ឆ្នាំ មុខរបរកសិករ។ ទាំង២នាក់ប្តីប្រពន្ធខាងលើ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា កន្លងមកស្ត្រីរងគ្រោះជាប្រពន្ធតែងដើរផឹកស្រាជាប្រចាំ រហូតដល់ស្រវឹងអួទីនួជារៀងរាល់ថ្ងៃ ពោលគឺស្ទើរក្លាយជាមនុស្សប្រមឹកទៅហើយ។ ចំណែកជនដៃដល់ជាប្តីវិញ ឃើញប្រពន្ធដើរផឹកស្រាបែបនេះ នឹកបារម្ភពីសុខភាពប្រពន្ធផង ណាមួយខ្មាសអស់ញាតិជិតខាងផង ទើបចេះតែព្យាយាមអង្វរលួងលោមផង ហាមឃាត់ផង ឈប់ឱ្យប្រពន្ធផឹកស្រាស្រវឹងបែបនេះទៀតទៅ គួរផឹកត្រឹមតែឆ្ងាញ់បាយបានហើយ បើនៅតែស្រវឹងអួទីនួបែបនេះទៀត គ្រួសារច្បាស់ជាលក់មុខងើបក្បាលមិនរួចទេ។
ប្រភពដដែលបន្តថា ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ ទោះជាប្តីហាមប្រាម និងអង្វរលន់តួយ៉ាងណា ក៏មិនព្រមស្តាប់សោះ ផ្ទុយទៅវិញ កាន់តែផឹកច្រើនលើសដើម ពោលគឺដូចជាមានបំណងឌឺឱ្យប្តីតែម្តង ហើយពេលដែលស្រវឹងម្តងៗ ចូលដល់ផ្ទះ តែងកើតមានជម្លោះជាមួយប្តីញឹកញាប់ណាស់។
ប្រភពខាងលើ បញ្ជាក់ថា រហូតមកដល់វេលាម៉ោង៩និង១៥នាទីយប់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ ស្ត្រីរងគ្រោះបានផឹកស្រាស្រវឹងជោកជាំ រួចក៏ត្រឡប់មកផ្ទះវិញ ធ្វើឱ្យប្តីឃើញបែបនេះ ផ្ទុះកំហឹងយ៉ាងខ្លាំង រហូតទប់ចិត្តមិនបាន ក៏ស្ទុះទៅកាប់ស្ត្រីរងគ្រោះជាប្រពន្ធ បណ្តាលឱ្យរយះក្បាលហូរឈាម រងរបួសធ្ងន់តែម្តង។ ចំណែកជនដៃដល់ជាប្តី ក្រោយពីកាប់ប្រហារប្រពន្ធឱ្យរបួសធ្ងន់រួច បានរត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុ ស្ត្រីរងគ្រោះត្រូវបានសាច់ញាតិដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែត រាជធានីភ្នំពេញ។ ចំពោះជនដៃដល់ជាប្តី សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួន ដើម្បីនាំយកមកចាត់ការតាមនីតិវិធី៕