Wednesday, October 8, 2025
Homeព័ត៌មានជាតិបណ្ឌិតស៊ុយ សារ៉េត ៖ បើទោះជាស្លាប់ គឺទៅស្លាប់នៅផ្ទះ ខ្ញុំនឹកប្រពន្ធនឹកកូនខ្ញុំណាស់

បណ្ឌិតស៊ុយ សារ៉េត ៖ បើទោះជាស្លាប់ គឺទៅស្លាប់នៅផ្ទះ ខ្ញុំនឹកប្រពន្ធនឹកកូនខ្ញុំណាស់

ប្រទេសវៀតណាម ៖ ស្ថានភាពរបួសរបស់លោកបណ្ឌិត ស៊ុយ សារ៉េត ដែលត្រូវបានជនដៃដល់ជាច្រើននាក់ ព្រួតវាយដំប៉ងសម្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ កាលពីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ នៅចំណុចម្តុំពេទ្យលោកសង្ឃ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក បានធូរស្រាលមួយកម្រិតហើយ ដោយអាចនិយាយស្តីបានវិញខ្លះៗហើយ។ ទន្ទឹមនឹងនេះ លោកបណ្ឌិត ស៊ុយ សារ៉េត បានរៀបរាប់ជុំវិញហេតុការណ៍ដែលត្រូវគេព្រួតវាយដំប៉ងសម្លាប់លោក ទាំងអារម្មណ៍តក់ស្លុតជាទីបំផុត។

យោងតាមវីដេអូឃ្លីបរយៈពេល៤នាទី និង៥៣វិនាទី ដែលត្រូវបានបង្ហោះដោយគណនីហ្វេសប៊ុករបស់លោកផែង វណ្ណៈ កាលពីវេលាម៉ោង១០និង២៧នាទីយប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ លោកបណ្ឌិត ស៊ុយ សារ៉េត ដែលស្ថិតក្នុងស្ថានភាពដេកជាប់នឹងគ្រែពេទ្យ មុខមាត់ ហើមពោរ បានរៀបរាប់ទាំងសំឡេងខ្សាវៗ ង៉ុលៗមិនសូវច្បាស់ ព្រោះតែត្រូវក្រុមជនដៃដល់ព្រួតវាយបណ្តាលឱ្យបាក់ធ្មេញស្ទើរអស់ថា “បាទ ជំរាបសួរដល់បងប្អូន ហើយសូមអរគុណបងផែង វណ្ណៈ និងលោកប្អូនដែលបានសួរសុខទុក្ខខ្ញុំ ដល់មន្ទីរពេទ្យខួរក្បាលអន្តរជាតិ ដែលបាននាំអំណោយដើម្បីជួយសម្រាលដល់ការលំបាករបស់ខ្ញុំ ដែលមានការចូលរួមពីឯកឧត្តម លោកជំទាវ បងប្អូនជិតឆ្ងាយទាំងអស់ ហើយសូមអរគុណ ក្រុមគ្រួសារខ្ញុំមានម្រាមដៃដប់ដើម្បីអរគុណដល់បងផែង វណ្ណៈ ដែលជាមនុស្សដែលខ្ញុំអត់ដែលបានជួប អត់ដែលបានស្គាល់ពីមុនមកសោះ និងព្រះតេជគុណប្អូននិមន្តមកពីក្រចេះ ក៏អត់ដែលបានស្គាល់ដែរ ដែលបានគៀងគរប្រមូលនូវថវិកាមួយចំនួន ដើម្បីមកជួយខ្ញុំ និងគ្រួសារមានការលំបាកនេះ ហើយក៏ដើមហេតុដំបូង គឺខ្ញុំចេញមកពីទួលសង្កែ ក្បែរផ្ទះចាស់ខ្ញុំ ដើម្បីថាទៅយកប្រពន្ធចេញទៅញ៉ាំការ នៅកន្លែងកួចកាណុងហ្នឹង ខ្ញុំបើកតិចៗ តែមានកូនឡានតាក់ស៊ីអែបចត ហើយមានអាប្អូនម្នាក់វាលេងទូរស័ព្ទ ដល់ឡានខ្ញុំចាប់ហ្វ្រាំង វាក៏ជិះទៅបុកគូទឡានគេ ហើយក៏វាដួលនៅខាងមុខ ខាងស្តាំដៃខ្ញុំ ហើយខ្ញុំក៏ចាប់ហ្វ្រាំង ដល់ចាប់ហ្វ្រាំងទៅ មានម៉ូតូស្រវឹងមានមនុស្សចាស់ ខ្ទងវ័យ៤០ពីរនាក់ ដូចអត់មានពាក់អាវផង បើតាមខ្ញុំដឹង អត់មានពាក់មួក ដល់ជិះមកកៀរគូទឡានខ្ញុំខាងស្តាំ ដែលខ្ញុំចាប់ហ្វ្រាំងហ្នឹង ហើយដល់ចឹងទៅខ្ញុំស៊ីផ្លេឡានមុខ ឡានមុខក៏ទៅ ដល់ខ្ញុំងាកចង្អូតមកឆ្វេងតិចក៏ដួល ដល់ចឹងមានម៉ូតូស្ទាវ២-៣គ្រឿង វាស្រែក អូហ៍! អាចិន អាចិនបុកគេ បុករះគេដួលហើយ អត់ទទួលខុសត្រូវអាចិន ហើយវាយកមួកវាវ៉ៃកញ្ចក់ឡានខ្ញុំ ហើយខ្ញុំក៏ទម្លាក់កញ្ចក់ថា អូនម៉េចក៏វ៉ៃឡានពូចឹង? ហើយអាមួយទៀតហក់មកវ៉ៃយកៗ ខ្ញុំបែកឈាមហូរឡើងចង់សន្លប់ ហើយខ្ញុំក៏គិតថាបើកឱ្យខាងសមត្ថកិច្ចជួយ ដល់បើកទៅអត់មានអ្នកណាជួយខ្ញុំ ខ្ញុំក៏ស៊ីផ្លេទៅមុខ ដល់ស៊ីផ្លេទៅមុខទៅ ហើយប្រហែលជាមានប៉ះកៀរ១នៅខាងមុខ ដែលខ្ញុំស៊ីផ្លេហើយ គេអត់ងាក ហើយអត់មានបុកទេ តែប្រហែលជាកៀរបន្តិច នឹកឃើញដែលខ្ញុំរេគេចពីពួកហ្នឹងដែលគប់ឡានខ្ញុំពីមុខពីក្រោយហ្នឹង ហើយខ្ញុំក៏បើកទៅ ក៏ជួបប្អូនស្រីម្នាក់ ហើយខ្ញុំក៏និយាយថា អូនជួយពូផង ពូបែកឈាមហើយ គេវ៉ៃពូ គេចោទថាពូចិន ចឹងខ្ញុំក៏បើកគេចទៅ ហីតាំងពីហ្នឹងមកខ្ញុំក៏រកឱ្យតែមានផ្លូវតូច ផ្លូវអត់មានមនុស្ស ខ្ញុំបើកទៅរហូតទៅដល់ទីដែលចុងក្រោយហ្នឹង ខ្ញុំវាស្រវាំងពេក នៅពេលវាវ៉ៃបែកឈាម ហូរឈាមពេញឡានអស់រលីង វាវ៉ៃ យកអាមួកវាហ្នឹង វ៉ៃមុខខ្ញុំ វ៉ៃភ្នែក វ៉ៃបាក់ធ្មេញ រង្គើធ្មេញទាំង១០ ហើយចឹងទៅខ្ញុំស្រវាំង ខ្ញុំថា ខ្ញុំប្រឹងណាស់ប្រឹង ខ្ញុំថា បើខ្ញុំស្លាប់ ក៏ខ្ញុំទៅស្លាប់នៅផ្ទះ ខ្ញុំនឹកប្រពន្ធនឹកកូនខ្ញុំណាស់ ខ្ញុំត្រូវតែទៅ ធ្វើម៉េចឱ្យដល់ តាំងចិត្តឱ្យដល់ផ្ទះ មានតែប្រពន្ធខ្ញុំទេ ហើយបើស្លាប់ឱ្យស្លាប់នៅផ្ទះ…”។ និយាយរៀបរាប់បានត្រឹមនេះ លោកស៊ុយ សារ៉េត បានចាប់ផ្តើមរំជួលចិត្តអួលដើមក រៀបរាប់តទៅមុខទៀតលែងបានតែម្តង។

គួររំលឹកថា កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រហូតឈានដល់អំពើហិង្សាដ៏ឃោរឃៅ និងគួរឱ្យរន្ធត់មួយបានកើតឡើង នៅចំណុចផ្លូវលេខ១៥៦ កែងផ្លូវលេខ២៦៥ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក បន្ទាប់ពីមហាជនបានស្រែកផ្អើលឆោឡោតៗគ្នាថា លោកបណ្ឌិត ស៊ុយ សារ៉េត ដែលជាសាស្ត្រាចារ្យបង្រៀននៅសាកលវិទ្យាល័យកម្ពុជា បានបើករថយន្តទំនើបមួយគ្រឿង ម៉ាក GAC ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AP-9719 បង្កគ្រោះថ្នាក់ចរាចរណ៍បុករះជាបន្តបន្ទាប់តាមដងផ្លូវ បណ្តាលឱ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់ ជាហេតុធ្វើឱ្យប្រជាពលរដ្ឋផ្ទុះកំហឹង ព្រួតគ្នាវាយបំផ្លាញរថយន្ត រួចព័ទ្ធវ៉ៃទៅលើលោកបណ្ឌិត ស៊ុយ សារ៉េត ប៉ងសម្លាប់ចោលនៅនឹងកន្លែងតែម្តង ដោយខ្លះប្រើដៃជើង ខ្លះប្រើមួកការពារសុវត្ថិភាព ខ្លះទាញដុំឥដ្ឋ ដុំថ្ម ដុំការ៉ូឡា គប់វាយយកតែឈ្នះដៃ បណ្តាលឱ្យលោកបណ្ឌិត ស៊ុយ សារ៉េត ទទួលរងរបួសធ្ងន់ធ្ងរបំផុត និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅប្រទេសវៀតណាម។

បន្ទាប់ពីកើតមានហេតុការណ៍ព្រួតវាយដំទៅលើលោកស៊ុយ សារ៉េត បណ្តាលឱ្យរងរបួសធ្ងន់មក កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យដៃដល់ជាបន្តបន្ទាប់បាន ចំនួន៣នាក់ ក្នុងចំណោមជនដៃដល់១១នាក់។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះយាត ទិត្យា អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលេខ៧ ភូមិទួលគោក សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ ទី២-ឈ្មោះអាន វិនទី អាយុ២១ឆ្នាំ មុខរបរជាងមាស ស្នាក់នៅផ្ទះលេខ១០០៥ ផ្លូវ១៩៤ ក្រុម៤០ ភូមិ៩ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក។ ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវសមត្ថកិច្ចចាប់ខ្លួន កាលពីល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ នៅម្តុំឈូកទិព្វ ខណ្ឌទួលគោក។ និងទី៣-ឈ្មោះអាន ផល្លី អាយុ៣១ឆ្នាំ ជាជនជាតិខ្មែរឥស្លាម មុខរបររត់ម៉ូតូកង់៣ មានប្រពន្ធឈ្មោះជាន វណ្ណា មានលំនៅផ្ទះលេខ២៥៤១ ផ្លូវលេខ៥ ភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ។ ជនសង្ស័យរូបនេះត្រូវសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចាប់បានកាលពីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ នៅចំណុចឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។

នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងបញ្ជាក់ថា រហូតមកដល់ពេលនេះ ជនសង្ស័យចំនួន៨នាក់ផ្សេងទៀត បាននិងកំពុងរត់គេចខ្លួនពាក់ព័ន្ធការបង្កអំពើហិង្សា នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទៅលើអ្នកបើករថយន្តកាលពីពេលថ្មីៗនេះ។ យ៉ាងណា ជនល្មើសទាំង៨នាក់ ត្រូវបានសមត្ថកិច្ចកំណត់អត្តសញ្ញាណ និងស្គាល់សាវតាអស់ហើយ ព្រមទាំងមានដីកាបញ្ជាឱ្យចាប់ខ្លួនពីសំណាក់តុលាការទៀតផង។

នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានបញ្ជាក់ថា ជនល្មើសដែលសមត្ថកិច្ចរបស់លោកកំណត់អត្តសញ្ញាណ ពាក់ព័ន្ធការប្រើអំពើហិង្សាទៅលើអ្នកបើករថយន្ត គឺមានរហូតទៅដល់១១នាក់ ក្នុងនោះជនដៃដល់ដែលខ្លាំងជាងគេមានចំនួន៥នាក់ (កំពុងរត់គេចខ្លួន)។ ជាមួយនេះ នាយឧត្តមសេនីយ៍ស្នងការ បានអះអាងយ៉ាងដាច់ណាត់ថា ជនល្មើសដែលប្រព្រឹត្តទោសកំហុស នឹងមិនអាចរួចខ្លួននោះឡើយ ពោលគឺត្រូវតាមចាប់ខ្លួនយកទៅផ្តន្ទាទោសតាមនីតិវិធី ពីព្រោះកម្ពុជា ជាប្រទេសនីតិរដ្ឋ ដោយគ្មានជនណាម្នាក់រស់នៅក្រៅសំណាញ់ច្បាប់ដាច់ខាត។

ជុំវិញករណីខាងលើនេះ ក្រុមគ្រួសារលោកបណ្ឌិត ស៊ុយ សារ៉េត បានអះអាងថា នៅក្នុងហេតុការណ៍នោះ ក្រៅពីបង្កឱ្យរថយន្តទំនើប ១គ្រឿង របស់លោកស៊ុយ សារ៉េត បានទទួលរងការខូចខាតស្ទើរទាំងស្រុងហើយនោះ នៅមានជនឆ្លៀតឱកាសបានធ្វើសកម្មភាពលួចយកប្រាក់ ជិត៣០០០ដុល្លារ និងទូរស័ព្ទចំនួន២គ្រឿង របស់លោកស៊ុយ សារ៉េត ផងដែរ។ ជាមួយនេះ ក្រុមគ្រួសារលោកស៊ុយ សារ៉េត បានសម្រេចដាក់ពាក្យប្តឹងឱ្យសមត្ថកិច្ចជួយស្រាវជ្រាវតាមចាប់ខ្លួនក្រុមជនដៃដល់ដែលបានបង្កហិង្សាយ៉ាងឃោរឃៅ ប៉ងវាយសម្លាប់ លោកស៊ុយ សារ៉េត ដើម្បីនាំខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ និងប្តឹងទាមទារសំណងជំងឺចិត្តចំនួន១២០០លានរៀល ស្មើនឹង៣០ម៉ឺនដុល្លារទៀតផង៕

RELATED ARTICLES