Wednesday, October 8, 2025
Homeព័ត៌មានជាតិស្រីស្អាតវ័យក្មេង បើកឡានលឿនជ្រុលទៅបុកតារាចម្រៀងស្រី បោកក្បាលស្លាប់ភ្លាមៗ

ស្រីស្អាតវ័យក្មេង បើកឡានលឿនជ្រុលទៅបុកតារាចម្រៀងស្រី បោកក្បាលស្លាប់ភ្លាមៗ

ភ្នំពេញ ៖ តារាចំរៀងរ៉ុកឃែនខេនរ៉ូលខ្មែរ អ្នកនាង តាក់ ចន្ធី បានទទួលមរណៈភាពដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយស្រីស្អាតវ័យក្មេងម្នាក់ បានបើករថយន្តព្រុសក្នុងល្បឿនយ៉ាងលឿន រួចក៏ជ្រុលទៅបុកម៉ូតូកង់បី នៅចំណុចផ្លូវបំបែកភ្លើងស្តុប យ៉ាងពេញទំហឹង បណ្តាលឱ្យតារាចម្រៀងតាក់ ចន្ធី ដែលធ្វើដំណើរតាមម៉ូតូកង់៣ បោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងគួរឱ្យរន្ធត់។

យោងតាមទំព័រហ្វេសប៊ុកសិល្បករកម្ពុជា បានបញ្ជាក់ឱ្យដឹងកាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ថា “RIP តារាចំរៀង រ៉ុកឃែនខេន រ៉ូលខ្មែរ អ្នកនាងតាក់ ចន្ធី បានទទួលមរណៈភាពហើយ ដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីរំលងអធ្រាត្រ ថ្ងៃទី២០ ពីយប់មិញ។ តារាចំរៀងខ្មែរ អ្នកនាងតាក់ ចន្ធី បានស្លាប់ភ្លាម បន្ទាប់អ្នកនាងធ្វើដំណើរតាមម៉ូតូកង់បីឥណ្ឌា Pass App មកដល់ភ្លើងស្តុបទន្លេបាសាក់ ផ្លូវម៉ៅសេទុង សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយក៏ត្រូវបានរថយន្តម៉ាកព្រុស ជិះឡើងលឿន មកបុកបណ្តាលឱ្យគ្រោះថ្នាក់ធ្ងន់ធ្ងរម្នាក់ និងស្លាប់ម្នាក់។ អ្នកនាងតាក់ ចន្ធី គឺជាតារាចំរៀងរ៉ុកខែនរ៉ូល ទោះបីអ្នកនៅក្នុងស្រុកខ្មែរ គេមិនសូវស្គាល់ច្រើន តែបើនៅបរទេសវិញ អ្នកនាងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ភ្ញៀវអន្តរជាតិ ហើយជានិច្ចជាកាល អ្នកនាងត្រូវបានទទួលការអញ្ជើញចេញទៅច្រៀងនៅក្រៅប្រទេសជាញឹកញ៉ាប់។ អ្នកនាងតាក់ ចន្ធី គឺជាតារាមួយរូបដែលមានជីវភាពក្រីក្រតស៊ូក្នុងជីវិត ដោយជីវភាពលំបាកបំផុត ក្នុងនាមអ្នកនាងជាម្តាយ ជាមេគ្រប់គ្រងគ្រួសារក្នុងបន្ទុកបន្ទប់ជួល រហូតដល់៨នាក់ ដែលជាអ្នករ៉ាប់រងគ្រួសារទាំងស្រុង។ សពអ្នកនាងតាក់ ចន្ធី  ត្រូវបានក្រុមគ្រួសារដឹកទៅកាន់ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដើម្បីធ្វើបុណ្យទៅតាមប្រពៃណី។ ចំណែកឯរថយន្តបង្កមិនទាន់បានដោះស្រាយនៅឡើយ…”។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង នៅចំណុចភ្លើងស្តុបទន្លេបាសាក់ ផ្លូវម៉ៅសេទុង កែងនឹងផ្លូវលេខ១៦៣ ស្ថិតក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន។

ស្ត្រីរងគ្រោះដែលត្រូវរថយន្តព្រុសរបស់ស្រីស្អាតវ័យក្មេង បើកបុកបណ្តាលឱ្យស្លាប់នៅនឹងកន្លែង មានឈ្មោះតាក់ ចន្ធី អាយុ៣៨ឆ្នាំ មុខរបរអ្នកចម្រៀងរ៉ុកខេនរ៉ូលប្រចាំហាងបារាំងមួយកន្លែង មានកូនប្រុសអាយុ១៣ឆ្នាំម្នាក់ក្នុងបន្ទុក ស្នាក់នៅម្តុំផ្សារទួលទំពូង សង្កាត់ទួលទំពូង១ ខណ្ឌចំការមន និងមានស្រុកកំណើតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ចំណែកនារីរូបស្រស់ជាអ្នកបើករថយន្តបង្កហេតុ មានឈ្មោះងួន ស្រីនិច អាយុ២១ឆ្នាំ ត្រូវបានសមត្ថកិច្ចនាំទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលទួលទំពូង១ ក្រោយមកមិនដឹងយ៉ាងម៉េច ក៏ត្រូវបានសន្លប់បាត់ស្មារតីឈឹង ហើយត្រូវបានសមត្ថកិច្ច និងក្រុមគ្រួសារនាំទៅមន្ទីរពេទ្យភ្លាមៗដែរ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូកង់បី១គ្រឿង របស់ក្រុមហ៊ុន (Pass App) ដឹកភ្ញៀវ២នាក់ (តារាចម្រៀងតាក់ ចន្ធី និងបុរសជាជនបរទេសម្នាក់) ធ្វើដំណើរតាមបណ្តោយផ្លូវ១៦៣ ក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុខាងលើ ដែលជាចំណុចប្រសព្វរវាងផ្លូវម៉ៅសេទុង និងផ្លូវលេខ១៦៣ (ភ្លើងស្តុបទន្លេបាសាក់) ស្រាប់តែមានរថយន្ត១គ្រឿង ម៉ាកតូយ៉ូតាព្រុស ពណ៌កណ្តុរល្មែះ គ្មានពាក់ស្លាកលេខ បើកបរដោយយុវតីរូបស្រស់ម្នាក់ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន រួចក៏ជ្រុលទៅបុកម៉ូតូកង់៣ ចំពីចំហៀងយ៉ាងពេញទំហឹង បណ្តាលឱ្យតារាចម្រៀងតាក់ ចន្ធី បោកក្បាលនឹងដែកកង់បីស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែង។ ចំណែកបុរសជាជនបរទេសដែលរួមដំណើរជាមួយ រួមនឹងបុរសជាអ្នកបើកម៉ូតូកង់៣ ទទួលរងរបួសធ្ងន់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់ទីតាំងកើតហេតុភ្លាមៗ និងបាននាំខ្លួននារីវ័យក្មេងជាអ្នកបើករថយន្តបង្កគ្រោះថ្នាក់ ទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលទួលទំពូង១ ក្រោយមកមិនដឹងយ៉ាងម៉េច នារីវ័យក្មេងរូបនេះក៏បានសន្លប់បាត់ស្មារតីឈឹង និងត្រូវសមត្ថកិច្ច រួមនឹងក្រុមគ្រួសារនាំទៅមន្ទីរពេទ្យ។ ដោយឡែក បុរសបរទេសដែលរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះគ្លីនិកឯកជន ដឹកទៅព្យាបាលបាត់ទៅ។

បន្ទាប់ពីសមត្ថកិច្ចចុះធ្វើការវាស់វែងនៅកន្លែងកើតហេតុរួចរាល់ សមត្ថកិច្ចក៏បានអូសយករថយន្តបង្ក និងម៉ូតូកង់៣ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធីនៅពេលក្រោយ។

ចំណែកសាកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដឹកទៅកាន់ស្រុកកំណើតឯស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

អ្នកនាងតាក់ ចន្ធី ពេលរាំច្រៀងនៅក្លឹបកម្សាន្តមួយ

RELATED ARTICLES