Wednesday, October 8, 2025
Homeព័ត៌មានជាតិកូនប្រុសកើតជំងឺសសៃប្រសាទ លោតទឹក២ដងមិនស្លាប់ លោតលើទី៣ លឹបចូលទន្លេមិនទាន់រកឃើញ

កូនប្រុសកើតជំងឺសសៃប្រសាទ លោតទឹក២ដងមិនស្លាប់ លោតលើទី៣ លឹបចូលទន្លេមិនទាន់រកឃើញ

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានក្រុមគ្រួសារអះអាងថា បានបើកមានជំងឺសរសៃប្រសាទប្រចាំកាយរាប់ឆ្នាំមកហើយ និងធ្លាប់បានប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន២លើកដែរ តែត្រូវបានក្រុមគ្រួសារជួយទាន់ ស្រាប់តែលើកទី៣ ខណៈដែលកំពុងជិះលើទូកដរដល់កណ្តាលទន្លេ ក៏ស្រាប់តែបុរសរូបនោះបានស្ទុះលោតចូលទឹក បាត់ខ្លួនរកមិនឃើញតែម្តង។

ហេតុការណ៍បុរសលោតពីលើទូកដរសម្លាប់ខ្លួននេះ បានកើតឡើង កាលពីរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ នៅលើទូកដរស្វាយជ្រុំ ចំណុចកណ្តាលទន្លេមេគង្គ រវាងព្រំប្រទល់ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

បុរសដែលលោតពីលើទូកដសម្លាប់ខ្លួន មានឈ្មោះអេង លាងហេង អាយុ២៧ឆ្នាំ មុខរបរនៅផ្ទះ នៅលីវ​មិនទាន់មានប្រពន្ធកូននៅឡើយ មានឪពុកឈ្មោះប៊ុន ហ៊ួរ អាយុ៥៦ឆ្នាំ ម្តាយឈ្មោះដាន់ សុខឃឿន អាយុ៦០ឆ្នាំ និងមានលំនៅក្នុងភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

តាមសម្តីបុរសជាឪពុកជនរងគ្រោះ បានរៀបរាប់ប្រាប់ថា កូនប្រុសរបស់គាត់ បានកើតមានជំងឺសរសៃប្រសាទរយៈពេល៧-៨ឆ្នាំមកហើយ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ និងធ្លាក់ពីលើដើមស្វាយរបួសចំកន្លែងដដែល។ កន្លងមក កូនប្រុសម្នាក់នេះ (ជនរងគ្រោះ) ធ្លាប់បានលោតទឹកសម្លាប់ខ្លួនចំនួន២ដងមកហើយ ដោយលើកទី១ នៅកំពង់ដរស្វាយជ្រុំត្រើយខាងកើត ឯលើកទី២ នៅលើស្ពានជ្រោយចង្វារ តែសំណាងល្អ ត្រូវបានក្រុមគ្រួសារជួយសង្គ្រោះទាន់ពេលរហូត។

ឪពុករបស់ជនរងគ្រោះ បន្តថា នៅមុនពេលកើតហេតុ កូនប្រុសរបស់គាត់បានជិះម៉ូតូឌុបចេញពីផ្ទះសាច់ញាតិនៅភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ហើយបានជួបម្តាយរបស់គេ (ប្រពន្ធគាត់) នៅកំពង់ដរ ពេលនេះ ម្តាយរបស់គេក៏បានឱ្យនំចំណីហូប រួចហើយម្តាយគេក៏បានចេញទៅធ្វើការបាត់ទៅ ចំណែកកូនប្រុសគាត់បានបន្តដំណើរដោយជិះទូកដរ សំដៅមកផ្ទះវិញនៅឯស្វាយជ្រុំ ស្រាប់តែពេលទូកដរឆ្លងដល់ពាក់កណ្តាលទន្លេ កូនប្រុសរបស់គាត់ក៏ស្ទុះលោតចុះពីលើទូកដរ ចូលទៅក្នុងទឹកបាត់ខ្លួនតែម្តង។

ឪពុកជនរងគ្រោះ បានបញ្ជាក់ថា ក្រោយពេលកូនប្រុសលោតពីលើទូកដរសម្លាប់ខ្លួនហើយ អ្នកស្គាល់គ្នាប្រទះឃើញហេតុការណ៍បានទូរស័ព្ទប្រាប់គាត់ជាឪពុក ទើបធ្វើឱ្យពួកគាត់ជាក្រុមគ្រួសារប្រញាប់ទៅជួលអ្នកជំនាញមុជទឹករាវរកសាកសព ក្នុងតម្លៃ៨០០ដុល្លារ ដើម្បីឱ្យជួយរកសពកូនប្រុស ប៉ុន្តែរកមិនទាន់ឃើញនៅឡើយ។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចខណ្ឌជ្រោយចង្វារ និងសមត្ថកិច្ចស្រុកខ្សាច់កណ្តាល កំពុងសហការគ្នាជួយរុករកសាកសពជនរងគ្រោះយ៉ាងសស្រាក់សស្រាំដែរ តែមិនទាន់ទទួលបានលទ្ធផលនៅឡើយ៕

RELATED ARTICLES