Wednesday, October 8, 2025
Homeព័ត៌មានជាតិចាប់បានប្អូន នៅសល់បង ករណីបោកគ្រាប់បែកចូលសាលារៀន រងរបួសធ្ងន់សិស្សម្នាក់

ចាប់បានប្អូន នៅសល់បង ករណីបោកគ្រាប់បែកចូលសាលារៀន រងរបួសធ្ងន់សិស្សម្នាក់

ខេត្តបាត់ដំបង ៖ ក្មេងទំនើងឈាមរាវម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ដែលបានធ្វើសកម្មភាពជិះម៉ូតូដឹកគ្នាគប់គ្រាប់បែកចូលក្នុងបរិវេណសាលា បណ្តាលឱ្យផ្ទុះកក្រើក ធ្វើឱ្យយុវជនជាសិស្សសាលាម្នាក់រងរបួសធ្ងន់ កាលពីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ នៅចំណុចបរិវេណអនុវិទ្យាល័យអូរម៉ាល់ ស្ថិតក្នុងភូមិអូរសេក សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន កាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិកំប៉ូវ ឃុំភ្នំសំពៅ ស្រុកបាណន់ ខណៈដែលបក្ខពួកម្នាក់ទៀតកំពុងគេចខ្លួន។

ជនដៃដល់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះលឿត ពន្លក អាយុ១៧ឆ្នាំ រស់នៅក្នុងភូមិឃុំដែលសមត្ថកិច្ចចុះឃាត់ខ្លួនខាងលើ។ ចំណែកបក្ខពួកម្នាក់ទៀតដែលកំពុងគេចខ្លួន មានឈ្មោះលឿត ពន្លីក ដែលត្រូវជាបងបង្កើតរបស់ឈ្មោះពន្លក ដែលចាប់ខ្លួនបាននេះ។

គួររំលឹកថា កាលពីវេលាម៉ោង១១និង៤៥នាទីព្រឹកថ្ងៃទី១៧ ខែមីនា នៅក្នុងបរិវេណអនុវិទ្យាល័យអូរម៉ាល់ ស្ថិតក្នុងភូមិអូរសេក សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង មានយុវជន២នាក់ដែលគេស្គាល់ឈ្មោះពន្លឺ និងឈ្មោះពន្លក ដែលជាបងប្អូនបង្កើតនឹងគ្នា បានជិះម៉ូតូ១គ្រឿង ម៉ាក MSX ចូលក្នុងបរិវេណអនុវិទ្យាល័យខាងលើ រួចបានដុតផាវគ្រាប់បែកដែលមានរំស្កុតពណ៌ខ្មៅជាមួយដុំថ្ម គប់ទៅលើហ្វូងយុវសិស្សដែកកំពុងអង្គុយជុំគ្នា បណ្តាលឱ្យយុវសិស្សម្នាក់ឈ្មោះមួង សាវហឺ ភេទប្រុស អាយុ១៥ឆ្នាំ រងរបួសចំដើមទ្រូងខាងស្តាំ។ ក្រោយពីបង្កឱ្យមានការភ្ញាក់ផ្អើល ជនទាំង២នាក់បានជិះម៉ូតូគេចខ្លួនបាត់។

បើតាមសាក្សីបានរៀបរាប់ថា បើតាមប្រវត្តិគឺជនដៃដល់២នាក់បងប្អូននេះ មិនធ្លាប់មានជម្លោះជាមួយជនរងគ្រោះឈ្មោះមួង សាវហឺ នេះទេ តែជនដៃដល់មានជម្លោះស៊ីសាច់ហុតឈាមជាមួយយុវសិស្សម្នាក់ ឈ្មោះសាន់ សិលា ភេទប្រុស អាយុ១៦ឆ្នាំ ដែលរៀននៅអនុវិទ្យាល័យខាងលើនេះ។ សាក្សីដដែលបានបញ្ជាក់ថា មុនពេលកើតហេតុ លើកចុងក្រោយ១សប្តាហ៏ ជនទាំង២នាក់ក៏បានជិះម៉ូតូមកបង្ករឿងជាមួយឈ្មោះ សាន់ សិលា ដល់ក្នុងសាលាដែរ តែត្រូវឈ្មោះសិលា ដេញវាយរត់ចេញវិញជាបន្តបន្ទាប់។ លុះចូលបង្ករឿងលើកក្រោយ ស្រាប់តែគប់គ្រាប់បែក ផាវ បណ្តាលឱ្យគ្រោះថ្នាក់មនុស្សតែម្តង។

ជនដៃដល់ខាងលើ កំពុងត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ចំណែកបក្ខពួកម្នាក់ទៀតដែលត្រូវជាបងប្អូនបង្កើតរបស់ជនដៃដល់ខាងលើ និងកំពុងរត់គេចខ្លួន សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួននាំយកមកចាត់ការតាមច្បាប់៕

 

RELATED ARTICLES