Friday, April 19, 2024
Homeបរិយាយទទួលរបស់ស្រណោះដៃ

ទទួលរបស់ស្រណោះដៃ

ករណីប្រទេសអូស្ត្រាលីផ្តល់ជំនួយជាថ្មីដល់កម្ពុជា ចំនួន៨៧លានដុល្លារអូស្ត្រាលី ខណៈដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំគណៈប្រតិភូចូលរួមប្រជុំកំពូលអាស៊ាន-អូស្ត្រាលី នៅទីក្រុងស៊ីដនីយ៍ ប្រទេសអូស្ត្រាលី ហើយក៏ស្រប ពេលដែលពួកប្រឆាំងបំផុសបាតុកម្មមិនឈប់ឈរផងនោះធ្វើឱ្យមានការចាប់អារម្មណ៍ពីអ្នកតាមដាននយោបាយ។ ជំនួយ សន្ធឹកសន្ធាប់រាប់សិបលានដុល្លារបែបនេះច្បាស់ណាស់ថា ពួកប្រឆាំងមិនសប្បាយចិត្តនោះទេ រីឯអ្នកគាំទ្របក្សកាន់អំណាច ញញឹមញញែមគ្រប់គ្នា ប៉ុន្តែបើវិភាគឱ្យជ្រៅបន្តិច ជំនួយអូស្ត្រាលី ធ្វើឱ្យមានលក្ខណៈ

ទទួលរបស់ស្រណោះដៃ” ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…

ទទួលរបស់ស្រណោះដៃ” ជាពាក្យស្លោកថ្មីសន្លាង ដែលបញ្ញវន្តខ្មែរ បានបង្កើតឡើង ពុំមែនជាពុទ្ធភាសិត ឬទស្សនវិជ្ជា នាំមកពីបរទេសនោះឡើយ។ ពាក្យនេះ សំដៅដល់សេចក្តីស្នេហាឯណោះទេ ពោលគឺកំលោះណាដែលចង់ស្ទូចបេះដូង នាងក្រមុំ ដែលខ្លួនស្រឡាញ់ លុះត្រាតែចេះរបៀបពិសេស ដោយឧស្សាហ៍ហុចលុយកាក់ របស់របរអ្វីឱ្យនាង ឬក៏ទិញ គ្រឿងអលង្ការឱ្យនាង។ បើជាកំលោះក្រីក្រ គ្មានលុយកាក់ផ្គាប់ចិត្តមាសស្នេហ៍ គេអាចសាងអំពើល្អ ដូចជាជួយសង្គ្រោះ នាងក្រមុំឱ្យរួចផុតពីកណ្តាប់ដៃក្រុមចោរជាដើម ដោយហ៊ានយកអាយុជីវិតទៅប្តូរ។ កាយវិការរបស់កំលោះដែលហ៊ាន តទល់ជាមួយជនទុច្ចរិត អាចធ្វើឱ្យបេះដូងនាងក្រមុំទន់ជ្រាយបន្តិចម្តងៗ ដូចក្រមួនត្រូវថ្ងៃ ដោយមិនចាំបាច់ប្រើលុយកាក់ មាសប្រាក់ជាធ្នាក់អ្វីទេ។ ចំណែកតាៗសក់ល្បាយអាចម៍ខ្លា លុះត្រាតែមានដុល្លារហុចឱ្យស្រីក្មេងសាច់សខ្ចី ទើបនាងមើល ឃើញពីសប្បុរសធម៌នេះ ក៏ប្រគល់បេះដូងដ៏បរិសុទ្ធជូនតាបានស្ទាបអង្អែល កំដរវ័យចុងក្រោយ។ សកម្មភាពកំលោះក្រីក្រ ក៏ ដូចជាតាៗសម្បូរដុល្លារ ទោះជាមានរបៀបធ្វើខុសគ្នាក្តី ក៏នាងក្រមុំនោះ ចៀសមិនរួចពីទទួលរបស់ស្រណោះដៃ”។

យ៉ាងណាមិញ កម្ពុជា ប្រៀបបាននឹងក្រមុំសាច់សខ្ចីទ្រលុកទ្រលន់” ដែលប្រទេសមហាអំណាច ក៏ដូចជាប្រទេសកំពុង អភិវឌ្ឍន៍ ប្រាថ្នាចង់បានជាគូគាប់ទ្រនាប់ចិត្ត។ ពីមុន យើងឃើញថា វៀតណាម ជាប្រទេសក្រីក្រក្នុងតំបន់ បាក់ចិត្តប្រតិព័ទ្ធ មកលើកម្ពុជា ក៏ជួយអន្តរាគមន៍ ដោយបញ្ជូនកងទ័ព១៨កងពល ជួយវាយបណ្តេញរបបប្រល័យពូជសាសន៍ ប៉ុល ពត រហូត ទទួលបានជ័យជម្នះនៅថ្ងៃ៧មករា ឆ្នាំ១៩៧៩។ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដឹងគុណវៀតណាម ក៏យកវៀតណាម ជា “មិត្តម៉ឺនឆ្នាំ” ដោយមិនរួញរា ដែលមិត្តភាពបែបនេះ មានន័យស្មើនឹងកំលោះក្រីក្រស្ទូចបានបេះដូងនាងក្រមុំ ទុកជា “មិត្ត១០០ឆ្នាំ” ព្រោះតែទទួលរបស់ស្រណោះដៃ” ពោលគឺ ការចំណាយអាយុជីវិតពលទាហានវៀតណាម ក្នុងពេលវាយ លុកចូលកម្ពុជា ដេញពួកខ្មែរក្រហម មានតម្លៃមហាសាល។

ដូចគ្នានេះដែរ អាមេរិក សហភាពអឺរ៉ុប អូស្ត្រាលី កាណាដា និងបណ្តាប្រទេសមួយចំនួនទៀត ធ្លាប់ជួយ “ចលនាត្រី ភាគី” និងបានចូលរួមចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃ២៣ តុលា ឆ្នាំ១៩៩១ រហូតដល់ចលនាត្រីភាគី បានចូលប្រទេស ធ្វើឱ្យអ្នកតស៊ូទាំងប៉ុន្មានមិនភ្លេចគុណអ្នកជួយ។ ដូច្នេះអត្ថន័យ “ទទួលរបស់ស្រណោះដៃ” គឺសំដៅ ដល់ទឹកប្រាក់ អន្តរាគមន៍ និងមធ្យោបាយផ្សេងៗទៀត ធ្វើឱ្យអ្នកទទួលជំនួយ មិនអាចបំភ្លេចគុណអ្នកជួយបានឡើយ។

បន្ទាប់ពីអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលសម្រេចរំលាយចោល និងដកសិទ្ធិបុគ្គល ១១៨រូប មិនឱ្យ ធ្វើនយោបាយ៥ឆ្នាំមក ពួកប្រឆាំង ក៏រត់ទៅពឹងអាមេរិក សហភាពអឺរ៉ុប កាណាដា អូស្ត្រាលី ឱ្យជួយប្រស់គណបក្សសង្គ្រោះជាតិ ឱ្យរស់វិញ។ ជាការឆ្លើយតប អាមេរិក អឺរ៉ុប កាណាដា អូស្ត្រាលី បើកផ្លូវឱ្យពួកប្រឆាំងធ្វើនយោបាយក្នុងប្រទេសខ្លួន ដោយសេរី ជាពិសេស អូស្ត្រាលី បានទាំងបើកឱកាសឱ្យអាណិកជនខ្មែរដែលមាននិន្នាការប្រឆាំង ដុតរូបទីងមោងសម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន និងលើកគ្នាធ្វើបាតុកម្មប្រឆាំងដំណើរទស្សនកិច្ចសម្តេច នៅអូស្ត្រាលី ទៀតផង។

បើអូស្ត្រាលី បើកសេរីភាពដល់ពួកប្រឆាំងយ៉ាងទូលំទូលាយយ៉ាងនេះហេតុអ្វីបានជាអូស្ត្រាលី ផ្តល់ជំនួយដល់កម្ពុជា ៨៧លានដុល្លារ” សំណួរនេះ ពាក់ព័ន្ធដល់ “ទទួលរបស់ស្រណោះដៃ” ហ្នឹងឯង ដែលយើងសាកល្បងឆ្លើយដោយត្រួសៗ ដូច ខាងក្រោម 

សព្វថ្ងៃ មហាអំណាចចិន បានប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ផ្តល់ជំនួយដល់កម្ពុជា ទាំងផ្នែកសេដ្ឋកិច្ច និងយោធា ធ្វើឱ្យកម្ពុជា ជំពាក់គុណ ឬ “ទទួលរបស់ស្រណោះដៃ”។ អ៊ីចឹង អូស្ត្រាលី ក៏មិនសុខចិត្តឱ្យកម្ពុជារបូតទៅចិន ងាយៗនោះដែរ ចាំបាច់ ត្រូវតែជួយកម្ពុជា បន្តទៀត មិនអាចផ្តាច់ជំនួយតាមការចង់បានរបស់ពួកប្រឆាំងនោះឡើយ។ ម៉្យាងទៀត អូស្ត្រាលី បាន ចុះកិច្ចព្រមព្រៀងជាមួយកម្ពុជា ករណីបញ្ជូនជនភៀសខ្លួនមករស់នៅកម្ពុជា បើអូស្ត្រាលី ផ្តាច់ជំនួយ នាំឱ្យខូចដល់ កិច្ចព្រមព្រៀងផង ចាញ់ឥទ្ធិពលចិនផង។ អូស្ត្រាលី អាចនឹងលួចជួយពួកប្រឆាំងផងដែរ ព្រោះបើខ្លួនមិនជួយ អាចធ្វើឱ្យ អាណិកជនខ្មែរដែលមាននិន្នាការប្រឆាំង ខឹងសម្បា ដូច្នេះមធ្យោបាយដែលល្អ គឺ “ស៊ីរះទាំងសងខាង”។ រឿងស៊ីរះនេះ អ្នកនយោបាយបរទេសចេះណាស់ ដើម្បីឱ្យខ្មែរជំពាក់គុណគេទាំងអស់គ្នា មិនខុសពីរឿងមួយកើតឡើងនៅស្រុកខ្មែរ កាល ពីសម័យអាណានិគមបារាំង។ កាលនោះ មានចៅហ្វាយស្រុកម្នាក់ គាត់ចង់រក្សាសន្តិភាព សុវត្ថិភាពក្នុងស្រុក ក៏ព្យាយាម ទារពន្ធដារ ត្រាភាស៊ី ដាក់ឃ្លាំង ផ្គាប់ចិត្តបារាំង តែលោកចៅហ្វាយស្រុកនោះបានចាត់មនុស្សជំនិតឱ្យលួចដឹកអង្ករ ត្រីងៀត អំបិល ថ្នាំជក់ ទៅឧបត្ថម្ភពួកឥស្សរៈនៅក្នុងព្រៃ។ លោកធ្វើដោយសម្ងាត់បំផុត គឺយកចិត្តបារាំងផង ទប់វិទ្ធង្សនារបស់ ពួកឥស្សរៈផង ធ្វើឱ្យស្រុកដែលគាត់គ្រប់គ្រង បានសុខសន្តិភាពរហូត។ ផ្ទុយទៅវិញ ស្រុកឯទៀត ត្រូវពួកឥស្សរៈចូលវាយ ឆ្មក់ ដុតសាលាឃុំ បន្ទាយទាហាន ព្រោះតែចៅហ្វាយស្រុក មិនចេះក្បួនទទួលរបស់ស្រណោះដៃ” នេះឯង។

ដូច្នេះ ការដែលពួកប្រឆាំងកំពុងជំរុញឱ្យអាមេរិក សហភាពអឺរ៉ុប ដាក់ទណ្ឌកម្មសេដ្ឋកិច្ច មកលើកម្ពុជានោះ ប្រហែល ជាមិនអាចទៅរួចទេ ព្រោះអាមេរិក អឺរ៉ុប ឆ្លាតមិនចាញ់អូស្ត្រាលី នោះទេ ពាក់ព័ន្ធដល់រឿងទទួលរបស់ស្រណោះដៃ”។ ដូចអ្វីដែលយើងលើកឡើងរួចមកហើយថា មហាយក្សចិន លូកដៃកប់ក្លៀក ផ្តល់ជំនួយសន្ធឹកសន្ធាប់ដល់កម្ពុជា បានទាំង បញ្ជូនកងទ័ពចិន ចូលរួមធ្វើសមយុទ្ធជាមួយយោធាកម្ពុជា ទៀតផង។ អ៊ីចឹង អាមេរិក អឺរ៉ុប បើសិនជាហ៊ានផ្តាច់ជំនួយ ឬ លែងទទួលទិញផលិតផលកាត់ដេរពីកម្ពុជា អាចធ្វើឱ្យកម្មករ-កម្មការិនី ប្រមាណ១លាននាក់ ផ្កាប់ឆ្នាំងបាយ។ ពេលនោះ ចិន នឹងធ្វើអន្តរាគមន៍កាន់តែខ្លាំង រុញអាមេរិក អឺរ៉ុប ឱ្យខ្ទាតពីកម្ពុជា កាន់តែឆ្ងាយ ដែលជាហេតុនាំឱ្យខាតផលប្រយោជន៍ អាមេរិក អឺរ៉ុប។ ដូច្នេះទោះចង់មិនចង់ ក៏អាមេរិក អឺរ៉ុប ធ្វើតាមអូស្ត្រាលី មិនខាន ដើម្បីទប់ឥទ្ធិពលចិន តាមរយៈការ បន្តផ្តល់ជំនួយមនុស្សធម៌ដល់កម្ពុជា មិនទុកឱ្យកម្មករ ដើរទាត់ខ្យល់នោះទេ។ ចំណែកកម្ពុជា បើសិនជាអាមេរិក អឺរ៉ុប នៅតែបន្តផ្តល់ជំនួយ នឹងចៀសមិនផុតពី “ទទួលរបស់ស្រណោះដៃ” ហើយកាលបើស្រណោះដៃអ្នកឱ្យនោះ បើគេចង់បានអី ត្រូវតែសម្របសម្រួលជាមួយគេ ឬអាចថា បើសិនជាអ្នកឱ្យនោះ ស្នើឱ្យពួកប្រឆាំងដែលកំពុងរសាត់អណ្តែត បានចូល ប្រទេស ធ្វើនយោបាយដូចមុន ក៏បក្សកាន់អំណាចពិបាកប្រកែក បើសិនជាអាមេរិក អឺរ៉ុប បន្តឱ្យលុយកាក់ ដូចអូស្ត្រាលី។

សរុបទៅទទួលរបស់ស្រណោះដៃ” មានន័យយ៉ាងនេះឯង។ ពាក្យស្លោកដែលបញ្ញវន្តខ្មែរ បង្កើតឡើងនេះ ក៏ស្រប នឹងពុទ្ធភាសិតថាចង់បានគេជាមិត្តបានដល់ការឱ្យ” សូម្បីតែសត្វមាន់ ផ្អើលខ្លាចមនុស្ស បើម្ចាស់ឧស្សាហ៍បាចស្រូវ អង្ករ ឱ្យស៊ីរាល់ថ្ងៃ ធ្វើឱ្យមាន់ទាំងនោះ សាំងស្រួល អាចស្ទាបអង្អែលបាន ដែលជាបរិបទសម្រាប់អាមេរិក អឺរ៉ុប ពិចារណា ពោលគឺ បើចង់ប្រជែងគ្នាជាមួយចិន លុះត្រាតែបន្តផ្តល់ជំនួយដល់កម្ពុជា ទើបបានលទ្ធផលជាវិជ្ជមាន៕

ដោយ អាចារ្យថាំ

RELATED ARTICLES