ខេត្តកំពង់ស្ពឺ ៖ ករណីអំពើហិង្សាលើមេការចម្ការអំពៅម្នាក់ ដែលត្រូវយុវជន៣នាក់បងប្អូនព្រួតគ្នាកាប់ប្រហារចំនួន២ដាវ ដោយចោទប្រកាន់ថា មេការជំពាក់លុយពួកគេអត់សង និងថែមទាំងបញ្ឈប់ប្អូនគេម្នាក់ពីការងារទៀត បង្កឱ្យមានការភ្ញាក់ផ្អើលឡើងនៅចំណុចការដ្ឋានចម្ការអំពៅអូរអញ្ចា១ ស្ថិតក្នុងភូមិអូរអញ្ចា១ ឃុំតាសាល ស្រុកឱរ៉ាល់ កាលពីវេលាម៉ោង១១និង១៥នាទីព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ កន្លងទៅ ត្រូវបានបុរសជាមេការចេញមុខបកស្រាយបំភ្លឺថា ករណីហិង្សាខាងលើនេះ ផ្តើមចេញរឿងក្រុមជនសង្ស័យជំពាក់លុយគាត់ជាមេការមិនសង ណាមួយខឹងរឿងដែលគាត់បញ្ឈប់ពីការងារដោយសារតែប្រើប្រាស់គ្រឿងញៀន ទើបហៅបងប្អូនមកបង្កហិង្សាតែម្តង។
លោកឡុង បូណារិទ្ធ អាយុ៣៣ឆ្នាំ មុខរបរជាមេការចម្ការអំពៅ ក្រុមហ៊ុនហ្គ្រេតហ្វៀល មានលំនៅផ្ទះលេខ ៣៣Eo ផ្លូវ១៧៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ បច្ចុប្បន្នស្នាក់នៅការដ្ឋានខាងលើ បានរៀបរាប់ប្រាប់ថា លោកគឺជាមេការនៅក្នុងចម្ការអំពៅខាងលើ ចំណែកពួកគាត់ (ក្រុមជនសង្ស័យ៣នាក់បងប្អូន គឺជាតៃកុងត្រាក់ទ័រ) បម្រើការនៅក្នុងការដ្ឋានចម្ការអំពៅអូរអញ្ចា១ ជាមួយគ្នា។ នៅអំឡុងដែលជនសង្ស័យឈ្មោះខ្លឹង សារឿន ធ្វើការ ក៏កើតមានអាការៈគ្រុន ទើបបានមកខ្ចីលុយពីលោកទៅព្យាបាលជំងឺ ដោយខ្ចីលុយចំនួន៥ម៉ឺនរៀល តែពេលដែលលោកឱ្យខ្ចីទៅ ជនសង្ស័យមិនបានសងលុយមកលោកវិញនោះទេ។
លោកឡុង បូណារិទ្ធ បន្តថា ចំណែកមូលហេតុដែលលោកបញ្ឈប់ជនសង្ស័យឈ្មោះខ្លឹង សារឿន ពីការងារនោះ គឺដោយសារតែជនសង្ស័យបានប្រើប្រាស់គ្រឿងញៀន ទើបធ្វើឱ្យជនសង្ស័យខឹងសម្បាមិនព្រមទាំងសងលុយមកលោកវិញហើយ ថែមទាំងហៅបងប្អូនមកព្រួតវាយលោកថែមទៀត។
បុរសជាមេការចម្ការអំពៅរូបនេះ បញ្ជាក់ថា នៅមុនពេលកើតហេតុកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ លោកបានសម្រេចបញ្ឈប់ជនសង្ស័យឈ្មោះខ្លឹង សារឿន ពីការងារ បន្ទាប់ពីរកឃើញថា ជនសង្ស័យរូបនេះបានប្រើប្រាស់គ្រឿងញៀន លុះពេលជនសង្ស័យទៅបើកលុយពីខាងគណនី ឈប់ធ្វើការហើយ ចូលទៅរើអីវ៉ាន់នៅកន្លែងស្នាក់នៅ ទើបលោកបានដើរទៅទារលុយុពីជនសង្ស័យ ចំនួន៥ម៉ឺនរៀល ដែលខ្ចីយកទៅព្យាបាលជំងឺពីថ្ងៃមុន ស្រាប់តែជនសង្ស័យដែលកំពុងខឹងសម្បានឹងរឿងលោកបញ្ឈប់រូបគេពីការងារផង មិនព្រមសងលុយវិញទេ និងថែមទាំងហៅបងប្អូនបង្កើតរបស់គេ២នាក់ទៀត មកទាញដាវពីក្នុងបន្ទប់កាប់ប្រហារមកលើលោកចំនួន២ដាវ ចំក្បាល១ដាវ រយះហូរឈាម និងចំខ្នង១ដាវ ប៉ុន្តែសំណាងល្អលោកពាក់អាវក្រាស់ ទើបមិនមុត គ្រាន់តែមានស្នាមជាំប៉ុណ្ណោះ។ ភ្លាមនោះក្រុមជនសង្ស័យ៣នាក់ បងប្អូន ក៏ព្យាយាមរត់គេច ទើបលោកស្រវាបានដំបងវាយទៅលើជនសង្ស័យម្នាក់ បណ្តាលឱ្យរងរបួសវិញ រួចក៏ស្រែកឆោឡោផ្អើលពេញកន្លែងធ្វើការ និងព័ទ្ធគ្នាចាប់ជនសង្ស័យទាំង៣នាក់ ប្រគល់ឱ្យសមត្ថកិច្ចតែម្តង។
យ៉ាងណាក្តី មេការចម្ការអំពៅខាងលើ បានបញ្ជាក់ថា ករណីហិង្សាមកលើរូបលោកនេះបានសម្របសម្រួលបញ្ចប់គ្នាទៅហើយ បន្ទាប់ពីក្រុមគ្រួសារជនសង្ស័យបានលើកគ្នាមកសុំទោស និងអង្វរកសុំឱ្យលោកដកពាក្យបណ្តឹង និងយល់ព្រមសងសំណងជំងឺចិត្តឱ្យលោកចំនួន៥លាន ២សែន ៥ម៉ឺនរៀល ដើម្បីបញ្ចប់រឿង។
គួររំលឹកថា កាលពីវេលាម៉ោង១១និង១៥នាទីព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ កន្លងទៅ មានករណីហិង្សាមួយបានកើតឡើង នៅចំណុចការដ្ឋានចម្ការអំពៅអូរអញ្ចា១ ស្ថិតក្នុងភូមិអូរអញ្ចា ឃុំតាសាល ស្រុកឱរ៉ាល់ ដោយមេការចម្ការអំពៅម្នាក់ ដែលត្រូវយុវជន៣នាក់បងប្អូនព្រួតគ្នាកាប់ប្រហារចំនួន២ដាវ។
ជនបង្កទាំង៣នាក់បងប្អូនដែលព្រួតគ្នាកាប់គេ២ដាវ រួមមាន ទី១-ឈ្មោះខ្លឹង សារឿន អាយុ១៩ឆ្នាំ ទី២-ឈ្មោះខ្លឹង រ៉ាន់ អាយុ២០ឆ្នាំ និងទី៣-ឈ្មោះខ្លឹង រី អាយុ២២ឆ្នាំ។ ជនបង្កទាំង៣នាក់ មានមុខរបរជាតៃកុងបើកត្រាក់ទ័រឱ្យក្រុមហ៊ុនហ្គ្រេតហ្វៀល ក្នុងការដ្ឋានចម្ការអូរអញ្ចា១ និងមានលំនៅក្នុងភូមិស្វាយទៀប ឃុំត្រពាំងជោ ស្រុកឱរ៉ាល់។ ចំណែកជនរងគ្រោះ មានឈ្មោះឡុក បូណារិទ្ឋ អាយុ៣៣ឆ្នាំ មុខរបរជាមេការការដ្ឋានអូរអញ្ចា១និង២ មានលំនៅផ្ទះលេខ ៣៣Eo ផ្លូវ១៧៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ បច្ចុប្បន្នស្នាក់នៅការដ្ឋានខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនបង្កទាំង៣នាក់បងប្អូនខាងលើ បាននាំគ្នាមករករឿងឈ្លោះប្រកែកជាមួយនឹងជនរងគ្រោះដែលជាអ្នកគ្រប់គ្រងការដ្ឋាន ធ្វើឱ្យកើតជាជន្លោះតឹងសរសៃកដាក់គ្នា បន្ទាប់មក ភាគីជនបង្កបានព្រួតគ្នាកាប់ប្រហារទៅលើជនរងគ្រោះ ចំនួន២ដាវ ចំក្បាល១ដាវ និងចំបោះដៃផុត១ដាវ តែជនរងគ្រោះគ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ ហើយភ្លាមនោះ ជនរងគ្រោះបានតដៃវិញ ក៏ធ្វើឱ្យជនបង្កម្នាក់ក្នុងចំណោម៣នាក់ ទទួលរងរបួសបែកមាត់៕