ខេត្តកែប ៖ ក្មេងប្រុសម្នាក់ត្រូវបានឪពុកម្តាយត្រៀមរៀបចំប្រារឰពិធីខួបកំណើតឱ្យនៅថ្ងៃស្អែក ស្រាប់តែអកុសល កូនប្រុសដើរតាមជីតាទៅចងគោ ក៏រអិលជើងធ្លាក់ចូលស្រះទឹក បណ្តាលឱ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម ធ្វើឱ្យការត្រៀមបម្រុងទុកពិធីសប្បាយរីករាយ ប្រែក្លាយជាពិធីបុណ្យសព ចំណែកឪពុកម្តាយនាំគ្នាយំសោកបោកខ្លួនស្ទើរសន្លប់បាត់ស្មារតី។
ករណីក្មេងប្រុសលង់ទឹកស្លាប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ នៅចំណុចស្រះទឹកមួយកន្លែង ស្ថិតក្នុងភូមិអូក្រសា សង្កាត់អូក្រសា ក្រុងកែប។
ក្មេងប្រុសរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះរឿន គុណវឌ្ឍន៍ អាយុ២ខួប មានឪពុកឈ្មោះហួន វុទ្ធី អាយុ៣២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន និងម្តាយឈ្មោះផាត សូមា អាយុ២៦ឆ្នាំ មុខរបរជាងអ៊ុតសក់ និងមានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញក្មេងប្រុសរងគ្រោះខាងលើ បានដើរតាមជីតារបស់ខ្លួន ឈ្មោះសេង ម៉ាប់ អាយុ៥២ឆ្នាំ មុខរបរកសិករ ទៅចងគោក្បែរស្រះទឹកមួយកន្លែងក្នុងភូមិ។ លុះពេលទៅដល់កន្លែងចងគោ ជីតារវល់ឈ្ងោកចងគោតែមួយភ្លែត ក្រឡេកមកវិញ ស្រាប់តែបាត់ចៅប្រុសមិនដឹងទៅណា ទើបធ្វើឱ្យមានការសង្ស័យថាចៅប្រុសធ្លាក់ចូលស្រះទឹក ក៏ស្រែកឆោឡោឡើង ហៅឱ្យអ្នកស្រុកជួយចុះរាវរកអស់រយៈពេលជាង៤ម៉ោង ទើបរកឃើញសាកសពក្មេងប្រុសរងគ្រោះ។
តាមសម្តីជីតារបស់ក្មេងប្រុសរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់បានដឹកគោចេញទៅចងឱ្យស៊ីស្មៅនៅខាងក្បែរស្រះទឹកខាងក្រោយផ្ទះ ចម្ងាយប្រមាណ១០០ម៉ែត្រ។ នៅពេលដែលគាត់ដឹកគោចេញពីផ្ទះនោះ គាត់ក៏ដឹងថា ចៅប្រុស (ក្មេងប្រុសរងគ្រោះ) បានដើរតាមពីក្រោយគាត់ដែរ ហើយគាត់ចេះតែដឹកគោដើរយឺតៗចាំចៅ និងតែងងាកមើលចៅរហូត។ ស្រាប់តែពេលទៅដល់កន្លែងចងគោ គាត់ក៏ឈ្ងោកចងចំណងគោឱ្យស៊ីស្មៅ លុះពេលងាកមករកមើលចៅប្រុស ស្រាប់តែបាត់ឈឹងមិនដឹងទៅណា ទើបធ្វើឱ្យគាត់សង្ស័យថា ចៅប្រុសអាចនឹងធ្លាក់ចូលស្រះទឹកតែម្តង ក៏ស្រែកឆោឡោហៅអ្នកភូមិជាច្រើននាក់ នាំគ្នាចុះមុជទឹករាវរកចៅប្រុសដែរ តែរកមិនឃើញ ទើបនាំគ្នាយកម៉ាស៊ីនបូមទឹកចំនួន២គ្រឿង មកបូបទឹកឱ្យរីង ទើបប្រទះឃើញសពចៅប្រុស នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ រួចក៏ស្រង់មកលើគោក ជួយធ្វើចលនាសង្គ្រោះដែរ តែអកុសលចៅប្រុសគាត់បានស្លាប់បាត់ទៅហើយ ព្រោះគិតរយៈពេលដែលគេលង់ទឹក រហូតដល់ស្រង់បាន មានរយៈពេលដល់ទៅជាង៤ម៉ោងឯណោះ។
អ្វីដែលជារឿងគួរឱ្យតក់ស្លុត និងរន្ធត់ចិត្តខ្លាំងជាងនេះទៀតនោះ គឺនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ ក្មេងប្រុសរងគ្រោះ និងមានអាយុគម្រប់២ខួប និងត្រូវបានឪពុកម្តាយបានទិញអីវ៉ាន់ទុកជាស្រេច ដើម្បីត្រៀមបម្រុងរៀបចំធ្វើខួបកំណើតឱ្យកូនប្រុស ស្រាប់តែអកុសល នៅល្ងាចថ្ងៃទី២០ មីនា ក្មេងប្រុសរងគ្រោះបានលង់ទឹកស្លាប់ទៅវិញ ហេតុនេះពិធីខួបកំណើតដែលត្រៀមរៀបចំ នឹងត្រូវផ្លាស់ប្តូរមកជាពិធីបុណ្យសពវិញ ជាហេតុធ្វើឱ្យឪពុកម្តាយក្មេងប្រុសរងគ្រោះយំសោកបោកខ្លួនយ៉ាងខ្លាំង ព្រោះតែស្តាយស្រណោះជីវិតកូនប្រុសដែលមិនគួរណាអភ័ព្វ ស្អែកដល់ថ្ងៃខួបកំណើតទៅហើយ បែរជាមកអស់ជីវិតនៅថ្ងៃនេះទៅវិញ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ក្មេងប្រុសរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។
សាកសពក្មេងប្រុសរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕