ខេត្តបន្ទាយមានជ័យ៖ ស្រីស្អាតវ័យក្មេងម្នាក់មានប្ដីរួចទៅហើយ បែរជាបែកចិត្តផិតប្ដី លួចទាក់ទងលេងល្បែងស្នេហាជាមួយប្រុសចិន លុះប្តីសង័្សយក៏លួចដាក់ប្រព័ន្ធ GPS តាមដានដឹង ក៏ប្ដឹងទៅសមត្ថកិច្ចឲ្យមកជួយអន្តរាគមន៍ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងព្រឹក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ នៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ក្រុងប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ស្រ្ដីវ័យក្មេងដែលត្រូវប្តីចោទប្រកាន់ថាលួចបង្កាត់ភ្លើងស្នេហ៍ជាមួយប្រុសចិននោះ ឈ្មោះ ប ល អាយុ១៩ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ រីឯបុរសជាប្តី ឈ្មោះ រ៉ូ អាយុជាង២០ឆ្នាំ មានលំនៅក្នុងភូមិកណ្ដាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ដោយឡែក បុរសជនជាតិចិនដែលសង្ស័យថាជាសហាយ លួចឆក់យកប្រពន្ធរបស់គេនោះ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនៅឡើយ។
តាមសម្ដីរបស់បុរសជាប្តី បានឱ្យដឹងថា រូបគេបានរៀបការជាមួយនឹងប្រពន្ធរបស់ខ្លួន ដោយស្របច្បាប់ កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៦។ ក្រោយពេល ពួកគេបានរៀបការដោយស្របច្បាប់ និងរួមរស់ជាមួយគ្នា អស់មួយរយៈរួចមក ប្រពន្ធរបស់ខ្លួនចេះតែលួចចេញក្រៅ ទាក់ទងនឹងបុរសផ្សេង ធ្វើឲ្យខ្លួនមានការសង្ស័យ។
បុរសជាប្តីបន្តថា ដោយសារតែមានចំណុចគួរមិនឲ្យទុកចិត្តជាច្រើន ទើបរូបគេបានបំពាក់ប្រព័ន្ធ GPS ក៏ដឹងថា ប្រពន្ធរបស់ខ្លួនមានទំនាក់ទំនងជាមួយជនជាតិចិននោះមែន។ នៅពេលនោះ ខ្លួនបានខឹងសម្បាយ៉ាងខ្លាំង រហូតអត់ទ្រាំមិនបាន ក៏ទៅដាក់ពាក្យបណ្ដឹងទៅសុំអន្តរាគមន៍ពីអាជ្ញាធរ និងទាមទារថ្លៃបណ្តាការចំនួន៥ពាន់ដុល្លារ។ យ៉ាងណា ស្ត្រីជាប្រពន្ធបានបដិសេធយ៉ាងដាច់អហង្ការថា នាងមិនបានទាក់ទងជាមួយនឹងប្រុសឈ្មោលណាម្នាក់ ក្បិតចិត្តប្ដីដូចអ្វីដែលបានចោទប្រកាន់នោះឡើយ។ លុះក្រោយមក រូបគេបានចាប់ផ្ដើមផ្ញើសារទាក់ទងគ្នា តាមប្រព័ន្ធបកប្រែពីខ្មែរទៅចិន និងពីចិនទៅខ្មែរ (Google translate )ជាហូរហែ។
ប្រភពព័ត៌មានដដែល បានបន្តថា រហូតមកដល់ថ្ងៃកើតហេតុ រូបគេបានតាមដានដឹងពីកន្លែងដែលប្រពន្ធរបស់ខ្លួនទៅជួបនឹងប្រុសស្នេហ៍របស់នាងជាជនជាតិចិន ទើបគេប្ដឹងទៅសមត្ថកិច្ចឲ្យចុះទៅកាន់កន្លែងកើតហេតុតែម្ដង។
ក្រោយពេលទទួលបានសេចក្ដីរាយការណ៍ពីបុរសជាប្ដីភ្លាម សមត្ថកិច្ចបានចុះទៅកាន់កន្លែងកើតហេតុ នាំភាគីពាក់ព័ន្ធទៅសាកសួរ តាមនីតិវិធី៕