Wednesday, October 8, 2025
Homeព័ត៌មានជាតិឆបោកតាមអនឡាញ ក្មេងស្រីម្នាក់អស់២ពាន់ដុល្លារ

ឆបោកតាមអនឡាញ ក្មេងស្រីម្នាក់អស់២ពាន់ដុល្លារ

ភ្នំពេញ ៖ ក្មេងស្រីម្នាក់ត្រូវបានជនសង្ស័យចំនួន២នាក់ ប្រើល្បិចឆបោកតាមប្រព័ន្ធអនឡាញ បោកយកប្រាក់ចំនួន២ពាន់ដុល្លារ តែសំណាងល្អត្រូវបានអាណាព្យាបាលដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ទាន់ពេល ទើបចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ និងយកបានប្រាក់២ពាន់ដុល្លារត្រឡប់មកវិញ។

ប្រតិបត្តិការចាប់ខ្លួនជនសង្ស័យ២នាក់ឆបោកតាមប្រព័ន្ធអនឡាញនេះ ធ្វើឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ នៅចំណុចមុខផ្សារអូរឫស្សី ផ្លូវ១៨២ ភូមិ២ សង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា។

ក្មេងស្រីរងគ្រោះ

ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះស៊ីម៉ី អាយហ័រ ភេទស្រី អាយុ១៣ឆ្នាំ មុខរបរសិស្សសាលាញុូហ្គេតវ៉េអន្តរជាតិ មានលំនៅផ្ទះលេខក១ ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងទី២-ឈ្មោះសៅ ចាន់ថន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរលក់ដូរ មានលំនៅផ្ទះលេខP២៩ ផ្លូវប្លាទីនីម សង្កាត់ទំនប់ទឹក ខណ្ឌចំការមន (ជាអ្នកជូនមក)។ ចំណែកជនគ្រោះ មានឈ្មោះស៊ុន ឡេងនីហ្សា ភេទស្រី អាយុ១១ឆ្នាំ មុខរបរសិស្សសាលាញុូហ្គេតវ៉េអន្តរជាតិ មានលំនៅផ្ទះលេខ២៩អឺ០ ផ្លូវ១៦៦ ភូមិ២ សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីអាណាព្យាបាលក្មេងស្រីរងគ្រោះ ដែលប្តឹងថា កូនស្រីរបស់គាត់ត្រូវបានជនសង្ស័យធ្វើការឆបោកអស់ប្រាក់២ពាន់ដុល្លាររួចមក សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ព្រមទាំងដកហូតប្រាក់ចំនួន២ពាន់ដុល្លារត្រឡប់មកវិញ។

ជនឆបោកទាំង២នាក់

បច្ចុប្បន្ន ប្រាក់ចំនួន២ពាន់ដុល្លារ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យស្ត្រីឈ្មោះអ៊ឹង ឡេង ដែលត្រូវជាម្តាយរបស់ក្មេងស្រីរងគ្រោះឈ្មោះ ស៊ុន ឡេងនីហ្សា វិញហើយ។ ចំណែកឈ្មោះស៊ីម៉ី អាយហ័រ និងឈ្មោះសៅ ចាន់ថន ត្រូវបានអាណាព្យាបាលធានាត្រឹមត្រូវត្រឡប់ទៅផ្ទះវិញ ដោយមានការឯកភាពពីលោកអ៊ុំ សុភក្តី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ រីឯសំណុំរឿងត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ៕

RELATED ARTICLES