Wednesday, October 8, 2025
Homeព័ត៌មានជាតិផ្ទុះជម្លោះថ្មីៗ!!! បងស្រីមិនឲ្យហូបសម្ល ប្អូនប្រុសវ៉ៃប្រាវ សមត្ថកិច្ចឃាត់ខ្លួន

ផ្ទុះជម្លោះថ្មីៗ!!! បងស្រីមិនឲ្យហូបសម្ល ប្អូនប្រុសវ៉ៃប្រាវ សមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ ៖ បុរសម្នាក់ ខណៈដែលរៀបចំហូបបាយ ស្រាប់តែបងស្រីទាញចានសម្លចេញមិនឱ្យហូប ព្រោះទើបតែមានជម្លោះនឹងគ្នា ហើយទើបប្អូនប្រុសផ្ទុះកំហឹង បានធ្វើសកម្មភាពវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះហ្មត់ រហូតបងស្រីបង្កើតអត់ទ្រាំលែងបាន ក៏បានប្តឹងសុំឱ្យនគរបាលចាប់ខ្លួនតែម្តង។

ហេតុការណ៍ហិង្សាវាយបំផ្លាញទ្រព្យក្នុងផ្ទះនេះ បានកើតឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ នៅក្នុងភូមិចម្ការឪឡឹក សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យដែលបងស្រីប្តឹងប៉ូលិសចាប់ខ្លួននោះ ឈ្នោះជា សុផាន់ណា អាយុ២៩ឆ្នាំ មុនរបរមិនពិតប្រាកដ ស្នាក់ភូមិចម្ការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ធ្លាប់ជាប់គុករយៈពេល១០ខែមកហើយ ពីបទលួចម៉ូតូអ្នកដទៃនៅមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទើបតែចេញមានសេរីភាពវិញថ្មីៗនេះប៉ុណ្ណោះ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនដៃដល់បានរៀបចំហូបបាយ ហើយស្ត្រីជាបងបានទាញចានសម្លចេញមិនឱ្យប្អូនប្រុសហូបទេ ព្រោះទើបមានជម្លោះ ជាមួយគ្នាថ្មីៗ ធ្វើឱ្យរូបគេខឹងក៏បានបោកចានឆ្នាំងចោលខ្ទេចខ្ទី បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង និងបង្កការភ័យខ្លាចនៅក្នុងគ្រួសារថែមទៀត។ ទើបបងស្រីទ្រាំលែងបាន ក៏ធ្វើដំណើរទៅប្តឹងនគរបាលប៉ុស្តិ៍កាកាប១ ចុះចាប់ខ្លួនជនបង្កហេតុនេះតែម្តង។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីមានពាក្យបណ្តឹងរបស់ស្ត្រីជាបងភ្លាម កម្លាំងនគរបាលបានចុះទៅដល់ផ្ទះកើតហេតុ និងបានឃើញជនសង្ស័យរូបនេះកំពុងតែពុលកំហឹង វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ ទើបសមត្ថកិច្ចធ្វើការចាប់ខ្លួននាំមកប៉ុស្តិ៍តែម្តង។ តែយ៉ាងណា សមត្ថកិច្ចមិនយកទោសអូសដំណើរឡើយ ដោយបានប្រើប្រាស់វិធានការរដ្ឋបាល ធ្វើការអប់រំបញ្ឈប់សកម្មភាពហិង្សាវាយបំផ្លាញទ្រព្យសម្បត្តិតទៅទៀត រួចក៏អនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ តែក្នុងករណីមិនរាងចាល ហើយសមត្ថកិច្ចចាប់បានជាលើកទី២ គឺនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

RELATED ARTICLES